Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌបឹងកេងកង ផ្លាស់ប្ដូរប្រព័ន្ធលូចាស់ៗ បញ្ចៀសការជន់លិច នារដូវវស្សា

បានផុស

នៅ

ដើម្បី​បញ្ចៀស​ការ​ជន់​លិច​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ក្នុង​រដូវវស្សា អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង បាន​ដាក់​គ្រឿងចក្រ​ជីក​យក​ប្រព័ន្ធ​លូ​ចាស់​ទ្រុឌទ្រោម​ចេញ និង​ដាក់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ថ្មី ដែល​មាន​ទំហំ​ធំ​ជាង​មុន ធ្វើ​ឲ្យ​លំហូរ​ទឹក​អាច​ហូរ​បាន​ទាន់​ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង បាន​ចាប់ផ្ដើម​ធ្វើការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​លូ ចាប់ពី​ចំណុច​ផ្លូវ​លេខ ៤០២ ​កែង​ ១៧៣ រហូត​ទៅដល់​ផ្លូវ​លេខ​ ៤០២​ កែង​ ១៩៩ ក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។

តាម​ការ​បញ្ជាក់​ពី លោក ហូរ លី ជា​ប្រជាពលរដ្ឋ បាន​លើក​ឡើង​ថា ប្រព័ន្ធ​លូ​ចាស់​នេះ​មិន​អាច​ប្រើប្រាស់​ក្នុង​ការ​បង្ហូរ​ទឹក​បាន​លឿន​នោះ​ទេ ដោយសារតែ​ប្រព័ន្ធ​លូ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ទៅ​ហើយ ម្យ៉ាង​វិញ​ទៀត​មាន​ទំហំ​តូច និង​កំណក​ដី​នៅ​ខាងក្នុង​នោះ​ផង​ដែរ នៅ​ពេល​មាន​ភ្លៀង​ម្ដងៗ តែង​មាន​ទឹក​ដក់​នៅ​លើ​ចិញ្ចើម​ផ្លូវ​ លំហូរ​ទឹក​មាន​ការ​យឺតយ៉ាវ។

ចំណែក អ្នក​ស្រី ដានី ជា​អ្នក​លក់ដូរ​នៅ​តំបន់​នោះ បាន​លើកឡើង​ពី​បញ្ហា​លំហូរ​ទឹក​មាន​ការ​យឺតយ៉ាវ​នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​មក។ បន្ថែម​នេះ អ្នក​ស្រី ក៏បាន​សម្ដែង​ក្ដី​សប្បាយ​រីករាយ​ចំពោះ​ការ​យកចិត្តទុកដាក់​ពី​អាជ្ញាធរ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​ផង​ដែរ។

ដោយឡែក លោក ហេង ពិសិដ្ឋ អភិបាល​រង​ខណ្ឌ​បឹង​កេងកង បាន​បញ្ជាក់​ថា ដោយសារ​តែ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ទាំង​នេះ​មាន​សភាព​ចាស់​ទ្រុឌទ្រោម​មិន​អាច​ប្រើប្រាស់​បាន​បន្ត​ទៀត ហើយ​ក៏​មាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​អាជ្ញាធរ​ពី​បញ្ហា​មាន​ទឹក​ដក់ និង​មិន​អាច​រំដោះ​ទឹក​បាន​ទាន់​ពេល ទើប​អាជ្ញាធរ​បាន​ដាក់​គ្រឿងចក្រ​ធ្វើការ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​លូ​មាន​ប្រវែង ៧៥០ ម៉ែត្រ ចាប់ពី​ចំណុច​ផ្លូវ​លេខ ៤០២ កែង ១៧៣ រហូតដល់​ផ្លូវ​លេខ​ ៤០២ ​កែង​ ១៩៩ ដោយ​ដាក់​ប្រព័ន្ធ​លូ​ទំហំ ០.៨​ តឹក ដើម្បី​រំដោះ​ទឹក​ឲ្យ​បាន​ទាន់​ពេលវេលា។

ជាមួយ​នេះ លោក​អភិបាលរង ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន សូម​មេត្តា​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ និង​យក​សំរាម​មក​ចោល​តាម​ម៉ោង​កំណត់​របស់​ក្រុមហ៊ុន​ប្រមូល​សំរាម​នីមួយៗ ជៀសវាង​ការ​ចោល​សំរាម​ទុកដាក់​គ្មាន​សណ្ដាប់ធ្នាប់ ជាហេតុ​ធ្វើ​ឲ្យ​បាត់បង់​សោភ័ណភាព​ក្នុង​មូលដ្ឋាន និង​អាច​ធ្វើ​ឲ្យ​សំរាម​ធ្លាក់​ចូល​មាត់​លូ​បង្ក​ជា​ការ​ជន់​លិច​ពេល​មាន​ភ្លៀង​ធ្លាក់​មក៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម