Connect with us

ព័ត៌មានជាតិ

កម្ពុជារកចំណូលបានជាង២៥០លានដុល្លារពីការនាំចេញអង្ករជាង៣៤ម៉ឺនតោនក្នុងរយៈពេល៥ខែ នៃឆ្នាំ​២០២៥ នេះ

បានផុស

នៅ

សហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងថា ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៣៤៤ ១៩៩តោន​ ដែលគិតជាទឹកប្រាក់ជាង២៥២លានដុល្លារអាមេរិកទៅកាន់ទីផ្សារចំនួន៦៣នៅជុំវិពិភពលោកក្នុងរយៈពេល៥ខែឆ្នាំនេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លន់ យ៉េងបានថ្លែងមកកាន់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី៤ខែមិថុនានេះថា ជាមួយបរិមាណនៃការនាំចេញនេះ ត្រូវបានធ្វើឡើងតាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​២៦ ​បានបរិមាណអង្ករចំនួន ១៦០ ៧៣២ តោន គិតជាទឹកប្រាក់ចំនួន ១២៦.៧៥​ លានដុល្លារសហរដ្ឋអាមេរិក។

ជាមួយគ្នានោះដែរ កម្ពុជាក៏បាននាំចេញ ទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ៩០ ៦៦៥ តោន គិតជាទឹកប្រាក់ចំនួន ៥៣.២៥ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៥ ប្រទេសបានបរិមាណចំនួន  ៤៩ ៧០០ តោន​ គិតជាទឹកប្រាក់ចំនួន ៣៤.៥៦ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់គោលដៅ ៣០ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក   មជ្ឈឹម បូព៌ា អាមេរិក  កាណាដា  អូស្ត្រាលី  ញ៉ូហ្សេឡេន ។ល។ បានចំនួន   ៤៣ ០៩៩ តោន គិតជាទឹកប្រាក់ចំនួន  ៣៧.៨០ លានដុល្លារសហរដ្ឋអាមេរិក។

លោក លន់ យ៉េង បានគូសបញ្ជាក់ទៀតថា ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៥.៥៦% ប្រភេទអង្ករសគ្រាប់វែង ១៩.៣៣% អង្ករចំហ៊ុយ ២.៤៣% អង្ករសរីរាង្គចំនួន ២.០៣%  និងអង្ករផ្សេងៗចំនួន ០.៦៥% ។

នៅក្នុងជំនួបជាមួយប្រតិភូសហព័ន្ធស្រូវអង្ករ កាលពីថ្ងៃទី០៨ ខែមករា សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនៅតែផ្ដល់អាទិភាពលើដំណាំស្រូវ ដែលជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា និងបានគូសបញ្ជាក់អំពីការដាក់ចេញគោលនយោបាយចាំបាច់ ដើម្បីគាំទ្រដំណាំស្រូវ និងធានាបាននូវភាពប្រកួតប្រជែងរបស់វិស័យស្រូវអង្ករកម្ពុជា តាមរយ:ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់, ការសម្រួលការដឹកជញ្ជូន និងការកាត់បន្ថយថ្លៃដើមផលិតកម្ម ក៏ដូចជាជំរុញភាពម្ចាស់ការលើខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

បើតាម CRF ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៣ ១០២ ៩៧៣ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណ ៧៤០.៩៤ លានដុល្លារសហរដ្ឋអាមេរិក។

រយៈពេល ១២ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥១ ៥២២តោន ទៅក្រៅប្រទេសដោយអាចរកបានចំណូលបាន៤៩១.១៩លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា ចេញនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥។

ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៥ ១៨០ ១៥៥ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១ ៤៩៦ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៩% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម