Connect with us

ព័ត៌មានជាតិ

ស្ថានទូតកម្ពុជានៅបាងកក បើកដំណើរការជាធម្មតា បើទោះមានពលរដ្ឋថៃធ្វើបាតុកម្ម

បានផុស

នៅ

នៅរសៀលថ្ងៃទី៦ ខែមិថុនានេះ លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានអះអាងថា ស្ថានទូតកម្ពុជានៅទីក្រុងបាងកក កំពុងបើកដំណើរការជាធម្មតា បើទោះបីមានពលរដ្ឋថៃបានប្រមូលផ្ដុំធ្វើបាតុកម្មនៅស្ថានទូតក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកឯកអគ្គរាជទូត នៅវេលាម៉ោង ១០ៈ០០នាទីព្រឹក នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ ក្រុមបាតុករដែលហៅខ្លួនឯងថា «បណ្តាញនិស្សិត និងប្រជាជន ដើម្បីកែទម្រង់ប្រទេសថៃ» បានប្រមូលផ្តុំគ្នាប្រមាណ២០០នាក់ នៅទីតាំងដងផ្លូវម្ខាងទៀត ទល់មុខស្ថានទូតកម្ពុជា ដើម្បីធ្វើបាតុកម្ម ថ្លែងញត្តិទាមទារឱ្យកម្ពុជាគោរពអធិបតេយ្យជាតិថៃ។ តែបាតុកម្មនេះ បានរំសាយទៅវិញនៅវេលាម៉ោង ១១ៈ១៥នាទីព្រឹក ថ្ងៃដដែល។

លោក ហ៊ុន សារឿន បានបញ្ជាក់លើបណ្ដាញហ្វេសប៊ុករបស់លោក ថា សមត្ថកិច្ចនគរបាលថៃ បានដាក់កម្លាំងការពារសុវត្ថិភាពជូនស្ថានទូត និងមន្ត្រីបុគ្គលិករបស់ស្ថានទូតយ៉ាងហ្មត់ចត់ល្អប្រសើរ ហើយមន្ត្រី បុគ្គលិកនៃស្ថានទូតទាំងអស់ មានសុវត្ថិភាព និងបាននិងកំពុងបន្តបំពេញការងាររបស់ខ្លួនជាប្រក្រតី។

លោក អះអាងថា «ស្ថានទូតកំពុងបើកដំណើរការផ្តល់សេវានានាជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងបរទេសជាធម្មតា»។

ការចេញមកអះអាងខាងលើ បានកើតឡើងគឺបន្ទាប់ពីមានពលរដ្ឋខ្មែរជាច្រើនបានសម្តែងក្តីបារម្ភចំពោះសុវត្ថិភាពមន្ត្រីទាំងអស់នៃស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បន្ទាប់ពីទទួលបានដំណឹងអំពីការប្រមូលផ្តុំធ្វើបាតុកម្មរបស់បណ្តាញនិស្សិត និងប្រជាជនថៃ នៅមុខស្ថានទូតកម្ពុជា ក្នុងទីក្រុងបាងកក កាលពីព្រឹកមិញ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម