ព័ត៌មានជាតិ
សម្តេចតេជោ៖ ខ្ញុំអត់បានយកថៃធ្វើជាសត្រូវទេ ប៉ុន្តែអ្នកចាត់ទុកខ្ញុំជាសត្រូវ ខ្ញុំក៏ត្រូវចាត់ទុកអ្នកជាសត្រូវ
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្តាំទៅប្រជាជនថៃថា សម្តេចមិនដែលយកប្រទេសថៃ ឬប្រជាជនថៃធ្វើជាសត្រូវនោះទេ ព្រោះប្រជាជនថៃភាគច្រើនចង់បានសន្តិភាព ចង់មានមិត្តភាពជាមួយកម្ពុជា ក៏ប៉ុន្តែដោយសារមានក្រុមជ្រុលនិយមមួយក្រុម រាប់ទាំងមេដឹកនាំនយោបាយរបស់ថៃបានវាយប្រហារមកលើកម្ពុជា ទើបបង្ខំចិត្តសម្តេច វាយបកទៅវិញ។ នេះជាការអះអាងរបស់សម្តេចតេជោ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារ ចំនួន ៤៦៤នាក់ នៅសាលាខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៥។

សម្តេចតេជោបញ្ជាក់ថា៖« ខ្ញុំជាមនុស្សដែលមានគុណធម៌ ហើយខ្ញុំក៏មិនក្បត់អ្នកណាមុនដែរ ខ្ញុំសុខចិត្តឱ្យគេក្បត់ខ្ញុំមុន។ ឥឡូវដល់ពេលវេលាដែលគេបានក្បត់ខ្ញុំហើយ»។
ក្នុងន័យនេះ កន្លងមកសម្តេចបានជួយត្រកូលថាក់ស៊ីនជាច្រើនលើកមកហើយ រហូតដល់ជំនាន់នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ប៉ុន្តែផ្ទុយមកវិញមិនទទួលបានការសងគុណ បែរជានាយករដ្ឋមន្រ្តីក្បត់សម្តេចទៅវិញ។ ការណ៍នេះហើយ ដែលបង្ខំចិត្តឱ្យសម្តេចត្រូវវាយបកទៅអ្នកដែលបានក្បត់សម្តេចមុន ដើម្បីប្រជាជនកម្ពុជា និងអធិបតេយ្យភាពជាតិ។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា៖«ខ្ញុំសូមជម្រាបជូនទៅប្រជាពលរដ្ឋថៃ ខ្ញុំអត់បានយកប្រទេសថៃធ្វើជាសត្រូវទេ មិនបានយកជនជាតិថៃធ្វើជាសត្រូវទេ តែខ្ញុំក៏ត្រូវតែប្រឈមនឹងការពិតមួយ អ្នកចាត់ទុកខ្ញុំជាសត្រូវ ខ្ញុំក៏ត្រូវចាត់ទុកអ្នកក៏ជាសត្រូវដែរ»។ សម្តេចបានបន្ថែមទៀតថា៖« អ្នកណាក៏ដោយ មិនថាខ្មែរ មិនថាបរទេសទេ បើសិនតាំងខ្លួនចាត់ទុកខ្ញុំជាសត្រូវហើយ ខ្ញុំគ្មានជម្រើសទេ ព្រោះអត់ឱ្យជម្រើសទី៣សម្រាប់ខ្ញុំផង»។

ឈានទៅដល់ការបែកធ្លាយសំឡេងសន្ទនារវាងសម្តេចតេជោ និងនាយករដ្ឋមន្រ្តីថៃវិញ សម្តេចបានបង្ហើបឱ្យដឹងថា ការបែកធ្លាយនោះមិនមែនជាចេតនារបស់សម្តេចនោះទេ ពោលមានមេដឹកនាំកម្ពុជាផ្សេងទៀតដែលខឹងសម្បារភាគីថៃ ទើបទម្លាយកិច្ចសន្ទនានោះ។ មូលហេតុដែលមន្រ្តីកម្ពុជាខឹងនោះ ដោយសារភាគីថៃឈ្លានពានទឹកដីកម្ពុជា និងបិទព្រំដែនឯកតោភាគី ហើយមកចោទកម្ពុជាពីនេះពីនោះ។
ទាក់ទងការថតសំឡេងវិញ ដោយសម្តេចអះអាងថាសម្រាប់ទុកជាភស្តុតាង ដោយសារនាយករដ្ឋមន្រ្តីថៃធ្លាប់បោកសម្តេចម្តងហើយ។ សម្តេចថា៖«ខ្ញុំត្រូវបានគេបោកប្រាស់ម្តងរួចហើយ ដូច្នេះម្តងខ្ញុំត្រូវថតសំឡេងទុក»។
សម្តេចតេជោ បញ្ជាក់ជាថ្មីថា កម្ពុជា ត្រៀមខ្លួនធ្វើឱ្យសភាពការណ៍ព្រំដែន និងពាណិជ្ជកម្មជាមួយថៃប្រក្រតីឡើងវិញដើម្បីផលប្រយោជន៍នៃប្រជាជនទាំងពីរ ប៉ុន្តែទំនងជាមិនមែនធ្វើជាមួយនាយករដ្ឋមន្ត្រីថៃ ផែថងថាន ឡើយ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


