ព័ត៌មានអន្ដរជាតិ
Bloomberg៖ ជំហររឹងរូសរបស់ អានុទីន លើកម្ពុជា អាចបង្កហានិភ័យលើការចរចាពន្ធ
សារព័ត៌មានជំនួញអន្តរជាតិដ៏ល្បីឈ្មោះ Bloomberg បានចុះផ្សាយកាលពីថ្ងៃអង្គារថា ជំហរដ៏រឹងរូសរបស់មេដឹកនាំថៃ លោក អានុទីន ឆានវីរៈគុណ លើការឈ្លានពានកម្ពុជា អាចបង្កការខឹងសម្បាពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចំពេលដែលមានក្ដីបារម្ភពីក្នុងចំណោមអ្នកវិភាគ និងសេដ្ឋវិទូថៃ ថា ជម្លោះនឹងប៉ះពាល់ដល់ការចរចាពាណិជ្ជកម្មថៃ-អាមេរិកពាក់ព័ន្ធពន្ធ។

អត្ថបទដែលសរសេរដោយអ្នកកាសែតថៃឈ្មោះ Randy Thanthong-Knight បាននិយាយក្នុងសំណេរបើកក្បាលយ៉ាងដូច្នេះថា៖ «លោកនាយករដ្ឋមន្ត្រីថៃ អានុទីន ឆានវីរៈគុណ កំពុងប្រើប្រាស់ការប៉ះទង្គិចគ្នាថ្មីៗនៅតាមព្រំដែនជាមួយកម្ពុជា ដើម្បីទាញយកប្រយោជន៍ពីអារម្មណ៍ជាតិនិយមក្នុងស្រុកមុនពេលបោះឆ្នោត។ ធ្វើដូច្នេះ លោកកំពុងតែល្បងថា វានឹងមិនធ្វើឱ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលតាំងខ្លួនថាជាអ្នកបញ្ចប់ការប្រយុទ្ធគ្នាកាលពីលើកមុននោះ ខឹងសម្បារដោយឥតប្រយោជន៍នោះទេ»។
កន្លងមក លោក អានុទីន ក៏ដូចជារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មរបស់លោក បានទទូចថា ជម្លោះព្រំដែនជាមួយកម្ពុជា នឹងមិនប៉ះពាល់ដល់ការចរចាពាណិជ្ជកម្មជាមួយអាមេរិកទេ ដោយអាមេរិកបែងចែកបញ្ហាទាំង២ដាច់ចេញពីគ្នា។ ប៉ុន្តែអ្វីដែលលោក ត្រាំ បានបង្ហាញ គឺផ្ទុយពីនេះ។ មុនពេលថៃ និងកម្ពុជា បានសម្រេចបានបទឈប់បាញ់ក្នុងសង្រ្គាម ៥ ថ្ងៃ នៅចុងខែកក្កដា លោក ត្រាំ បានប្រើប្រាស់ការគំរាមកំហែងពាណិជ្ជកម្ម ដើម្បីជំរុញឱ្យថៃ និងកម្ពុជា ចូលចរចាឈប់បាញ់។
ទីបំផុត កិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខាឡើងរវាងលោក អានុទីន និងនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅទីក្រុងកូឡាឡំពួរ នៃប្រទេសម៉ាឡេស៊ី ថ្ងៃទី ២៦ តុលា ដោយមានលោក ត្រាំ និងនាយករដ្ឋមន្រ្តីមាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម។ រាប់តាំងពីចុងខែកក្កដាមក គេតែងតែឃើញលោក ត្រាំ តាំងខ្លួនជាអ្នកសម្របសម្រួលរកសន្តិភាព និងបង្កើតសន្តិភាពរវាងថៃ និងកម្ពុជា ជារឿយៗ ដើម្បីជាផ្នែកមួយនៃយុទ្ធនាការឆ្ពោះទៅរកការឈ្នះពានរង្វាន់ណូបែលសន្តិភាព។
កាលពីខែមុន លោក ត្រាំ បានទូរស័ព្ទទៅមេដឹកនាំថៃ និងកម្ពុជា ដោយជំរុញឱ្យមានការប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងសន្តិភាព បន្ទាប់ពីថៃបានផ្អាកជាឯកតោភាគីនូវកិច្ចព្រមព្រៀងនេះ ដោយសម្អាងលើហេតុការណ៍ជាន់មីន ដែលថៃចោទកម្ពុជាថាជាអ្នកដាក់ ហើយកម្ពុជាច្រានចោលយ៉ាងដាច់អហង្ការ ថែមទាំងអំពាវនាវឱ្យមានការស៊ើបអង្កេតពីភាគីទី៣។ ការផ្អាករបស់ថៃកាលនោះ បានជំរុញឱ្យរដ្ឋបាល ត្រាំ ប្រកាសផ្អាកការចរចាពន្ធ។
គិតត្រឹមថ្ងៃពុធ ទី ១០ ធ្នូ ខណៈជម្លោះព្រំដែនដែលបង្កដោយការឈ្លានពានថៃចូលដល់ថ្ងៃទី៤ លោក ត្រាំ មិនទាន់ចេញប្រតិកម្មខ្លាំងៗជាផ្លូវការយ៉ាងណានោះទេ ប៉ុន្តែបាននិយាយនៅល្ងាចថ្ងៃអង្គារថា លោកមានគម្រោងនិយាយទូរស័ព្ទរវាងមេដឹកនាំថៃ និងកម្ពុជា ជាថ្មី។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ឯណោះវិញ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ដោយជំរុញយ៉ាងខ្លាំងក្លាឱ្យ «បញ្ឈប់អរិភាពជាបន្ទាន់ ការការពារជនស៊ីវិល និងឱ្យភាគីទាំង២ វិលត្រឡប់ទៅរកវិធានការកាត់បន្ថយភាពតានតឹង» ដែលបានគូសបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី ២៦ ខែតុលា។

ទោះបីជាមានការព្រមានពីភាគីផ្សេងៗ រួមទាំងអ្នកវិភាគនយោបាយថៃ ថាលោក អានុទីន កំពុងប្រឈមមុខនឹងការគណនាខុស ជុំវិញការវាយប្រហារកម្ពុជាក្ដី នាយករដ្ឋមន្រ្តីរូបនេះ បានទទូចកាលពីថ្ងៃចន្ទថា ថៃមិនខ្វល់នឹងការគំរាមកំហែងដាក់ពន្ធរបស់លោក ត្រាំ ដើម្បីជាសម្ពាធឱ្យបញ្ឈប់សង្រ្គាមប្រឆាំងកម្ពុជានោះឡើយ។
ជុំវិញបញ្ហានេះ លោកស្រី Laura Schwartz អ្នកវិភាគជាន់ខ្ពស់សម្រាប់អាស៊ីនៅក្រុមហ៊ុនជំនាញផ្នែកសន្តិសុខ Verisk Maplecroft បានប្រាប់ Bloomberg យ៉ាងដូច្នេះថា៖ «កំណើននៃភាពតានតឹងចុងក្រោយនេះ អាចបង្កហានិភ័យនៃកំណើនក្តីបារម្ភនៅទីក្រុងវ៉ាស៊ីនតោនថា ទីក្រុងបាងកកមិនអាច ឬមិនមានឆន្ទៈធ្វើឱ្យជម្លោះមានស្ថិរភាព ដែលអាចឱ្យការចរចាផ្សេងៗយឺតយ៉ាវ ឬជំរុញឱ្យសហរដ្ឋអាមេរិកទាមទារការធានាសន្តិសុខកាន់តែខ្លាំង ដើម្បីជាលក្ខខណ្ឌទុកមុនសម្រាប់សម្បទានសេដ្ឋកិច្ច»។
Bloomberg បានសរសេរថា ឥឡូវនេះ លោក អានុទីន ហាក់ដូចជាផ្តោតសំខាន់ទៅលើផលចំណេញក្នុងស្រុកដែលលោកទទួលបាន ដោយសារតែការប្រកាន់ជំហរតឹងរ៉ឹងដាក់កម្ពុជារបស់លោក។ លោកទើបតែឡើងកាន់អំណាចបានប៉ុន្មានខែប៉ុណ្ណោះ ហើយបានដឹកនាំរដ្ឋាភិបាលចម្រុះដ៏ឆ្គងមួយ ដែលភាគច្រើនសុំឱ្យលោករំលាយសភាក្នុងពេលឆាប់ៗនេះ ដើម្បីរៀបចំការបោះឆ្នោតថ្មីនៅត្រីមាសទី១ ដើមឆ្នាំក្រោយ។ រដ្ឋាភិបាលរបស់លោកបានផ្ដោតលើរបៀបវារៈសេដ្ឋកិច្ច «ឈ្នះ រហ័ស និងធំ» ដែលផ្ដល់់វិធានការជំរុញសេដ្ឋកិច្ចរយៈពេលខ្លី ដើម្បីទទួលបានប្រជាប្រិយភាព។
ក្រៅពីនេះ អ្នកវិភាគផ្សេងទៀតបានប្រាប់ Bloomberg ថា លោក អានុទីន ក៏ដូចជាមេដឹកនាំនយោបាយផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ដែរ ដែលត្រូវការបញ្ហាអ្វីមួយ ដើម្បីជំរុញប្រជាប្រិយភាពរបស់ខ្លួន។ ក្នុងករណីរបស់់លោក អានុទីន គឺជម្លោះព្រំំដែនជាមួយកម្ពុជា ដែលអូសបន្លាយរាប់ទសវត្សរ៍មកហើយ ខណៈបញ្ហានេះ ក៏អាចជាការបង្វែរចំណាប់អារម្មណ៍មួយពីការរិះគន់ទ្រង់ទ្រាយធំរបស់ប្រជាជនថៃ លើការឆ្លើយតបយឺតយ៉ាវរបស់លោក អានុទីន ក្នុងគ្រោះទឹកជំនន់ភាគខាងត្បូងនៃប្រទេសថៃ។
ដោយឡែក លោក Su Mon អ្នកវិភាគជាន់ខ្ពស់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៅគម្រោងទិន្នន័យព្រឹត្តិការណ៍ និងទីតាំងជម្លោះប្រដាប់អាវុធ បាននិយាយថា សកម្មភាពរបស់ អានុទីន បានផ្តល់ឱ្យយោធានូវសេរីភាពកាន់តែច្រើនទាក់ទងនឹងបញ្ហាព្រំដែន។ លោកថ្លែងយ៉ាងដូច្នេះថា៖ «វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រដ្ឋាភិបាលថៃណាមួយ ក្នុងការមានទំនាក់ទំនងល្អជាមួយយោធាថៃ»។ យ៉ាងណាមិញ វាក៏សំខាន់ផងដែរ ដែលថៃត្រូវមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំរបស់ថៃក្នុងតម្លៃ ៦៣,៣៣ ប៊ីលានដុល្លារ នៅឆ្នាំ ២០២៤។
កន្លងមក សេដ្ឋវិទូថៃបានព្រមានថា ជម្លោះព្រំដែនជាមួយកម្ពុជាអាចធ្វើឱ្យបាត់បង់ទីផ្សារកម្ពុជាទាំងមូល ហើយសម្ពាធពន្ធរបស់លោក ត្រាំ អាចធ្វើឱ្យសេដ្ឋកិច្ចថៃដែលដើរអូសជើងរួចស្រាប់ហើយនោះ ខាតបង់កាន់តែខ្លាំង ដែលប៉ះពាល់ខ្លាំងដល់ទំនុកចិត្តវិនិយោគិន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


