Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនបារាំង VINCI ចង់វិនិយោគលើវិស័យថាមពល និងទឹកស្អាតនៅកម្ពុជា

បានផុស

នៅ

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ លោក Nicolas NOTEBAERT ប្រធានក្រុមហ៊ុន VINCI Airports និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន SCA បានបញ្ជាក់ពីការចាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគលើវិស័យថាមពលស្អាត និងទឹកស្អាតនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុន VINCI មានមូលដ្ឋាននៅប្រទេសបារាំង ជាក្រុមហ៊ុនឈានមុខគេនៅអឺរ៉ុប ដែលបានធ្វើអាជីវកម្មលើវិស័យ អាកាសយានដ្ឋាន ផ្លូវដែក ផ្លូវល្បឿនលឿន ស្ពាន និងគម្រោងវិនិយោគផ្សេងៗទៀត។ ក្រុមហ៊ុន VINCI បានវិនិយោគក្នុងវិស័យអាកាសយានដ្ឋាននៅកម្ពុជា រយៈពេលជាង៣០ឆ្នាំមកហើយជាមួយនឹងវឌ្ឍនភាពនៃអាជីវកម្មកាន់តែរីកចម្រើន ដែលបានរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលធានាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដែលជាលក្ខខណ្ឌចាំបាច់នៃការធានាបាននូវស្ថិរភាពនៃវិនិយោគរបស់វិស័យឯកជន ក៏ដូចជាភាពជោគជ័យរបស់ក្រុមហ៊ុន។

លោកប្រធានក្រុមហ៊ុន ក៏បានគូសបញ្ជាក់ពីការកើនឡើងគួរឱ្យកត់សម្គាល់នៃចំនួនអ្នកធ្វើដំណើរតាមយន្តហោះ ដែលក្នុងរយៈពេល៣០ឆ្នាំមកនេះ ចំនួនអ្នកធ្វើដំណើរមានការកើនឡើងប្រមាណ ៤០ដង បើប្រៀបធៀបទៅនឹងឆ្នាំ១៩៩៥។ លោក បានអះអាងពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលបច្ចុប្បន្នកំពុងតែមមាញឹកដើម្បីត្រៀមលក្ខណៈក្នុងពេលដែលអាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ។

ក្រៅពីវិស័យអាកាសចរណ៍ លោកប្រធានក្រុមហ៊ុន ក៏បានបញ្ជាក់ជូនសម្ដេចធិបតី ពីការចាប់អារម្មណ៍វិនិយោគលើវិស័យផ្សេងៗទៀតដូចជា វិស័យថាមពលស្អាត និងទឹកស្អាតនៅកម្ពុជា ដែលក្រុមហ៊ុនរំពឹងថា នឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលជាការវិនិយោគឈ្នះឈ្នះ រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃចំពោះជោគជ័យនៃអាជីវកម្មរបស់ក្រុមហ៊ុន VINCI Airports នៅកម្ពុជា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ ជាពិសេសការរួមចំណែកដល់ការជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិមកកម្ពុជា ព្រមទាំង​បាន​អបអរសាទរ​ចំពោះខួបទី៣០ នៃភាពជាដៃគូរវាងក្រុមហ៊ុន​VINCI និង​កម្ពុជា។

សម្ដេចធិបតី បានគូសរំលេចពីគោលនយោបាយ និងយុទ្ធសាស្ត្រគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងការទាក់ទាញការវិនិយោគបរទេស តាមរយៈការដាក់ចេញនូវការលើកទឹកចិត្តនានាដល់វិនិយោគិន។ សម្រាប់វិស័យអាកាសចរណ៍ សម្ដេច ថា រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយបើកចំហជើងមេឃ ពោលគឺភ្ជាប់ទំនាក់ទំនងជាមួយបណ្ដាប្រទេសលើសកលលោក ខណៈបច្ចុប្បន្ននេះ ជើងហោះហើរត្រង់ពីកម្ពុជាទៅកាន់បណ្ដាប្រទេសជាច្រើន ត្រូវបានតភ្ជាប់ និងកំពុងពង្រីកការតភ្ជាប់ជើងហោះហើរបន្ថែមទៀត ស្របពេលនឹងកំណើននៃភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ការរីកចម្រើននៃការហោះហើរត្រង់នេះ សម្ដេចនាយករដ្ឋមន្ត្រី បញ្ជាក់ថា នឹងជួយកាត់បន្ថយដល់ការចំណាយ និងពេលវេលាលើការធ្វើដំណើរ និងទាក់ទាញអ្នកធ្វើដំណើរជាធុរកិច្ច និងជាអ្នកទេសចរមកកម្ពុជាកាន់តែច្រើនថែមទៀត។ ចំពោះបំណងនៃការពង្រីកការវិនិយោគបន្ថែមលើវិស័យផ្សេងៗរបស់ក្រុមហ៊ុន សម្ដេចធិបតី លើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តទំនាក់ទំនងឱ្យកាន់តែល្អប្រសើរថែមទៀតជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ហើយសម្ដេច បញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមខ្លួនរួចជាស្រេចក្នុងការគាំទ្រ និងតែងតែយកចិត្តទុកដាក់ចំពោះភាពជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម