ព័ត៌មានជាតិ
ប្រមុខការទូតវៀតណាមប្រាប់រដ្ឋមន្រ្តីការបរទេសថៃថា វៀតណាមកំពុងឃ្លាំមើលយ៉ាងដិតដល់អំពីស្ថានការព្រំដែនកម្ពុជា-ថៃ
ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បានគូសបញ្ជាក់ប្រាប់លោក Maris Sangiampongsa រដ្ឋមន្រ្តីការបរទេសថៃថា រដ្ឋាភិបាលវៀតណាម បាន និងកំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ។ រដ្ឋមន្រ្តីការបរទេសវៀតណាម បានគូសបញ្ជាក់ប្រាប់រដ្ឋមន្រ្តីការបរទេសថៃយ៉ាងដូច្នេះនៅក្នុងជំនួបក្រៅផ្លូវការនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានដែលធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៥។

សារព័ត៌មានវៀតណាម VietnamPlus បានសរសេរចុះផ្សាយថា ក្រៅពីជជែកពីទំនាក់ទំនងទ្វេភាគីវៀតណាម-ថៃ រដ្ឋមន្រ្តីការបរទេសវៀតណាម និងថៃ ក៏បានលើកឡើងពាក់ព័ន្ធបញ្ហាតានតឹននៅព្រំដែនកម្ពុជា និងថៃ ផងដែរ។ ទាក់ទិននឹងស្ថានការវិវត្តថ្មីនៃបញ្ហាព្រំដែនកម្ពុជា-ថៃ រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បានប្រាប់លោក Maris Sangiampongsa រដ្ឋមន្រ្តីការបរទេសថៃថា វៀតណាម បាន និងកំពុងឃ្លាំមើលយ៉ាងដិតដល់ ហើយសង្ឃឹមថា ប្រទេសទាំងពីរ នឹងបញ្ជៀសការបង្កភាពតានតឹង និងឆាប់ដោះស្រាយបញ្ហាតាមរយៈការសន្ទនាដោយសន្តិវិធី និងមិត្តភាព ដែលវាជាការរួមចំណែកក្នុងការកសាងសហគមន៍អាស៊ានដ៏រឹងមាំ ក៏ដូចជា កសាងបាននូវតំបន់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

រឿងតានតឹងព្រំដែនកម្ពុជា-ថៃនេះ ក៏ត្រូវបានលើកឡើងនៅក្នុងជំនួបក្រៅផ្លូវការរវាងរដ្ឋមន្រ្តីការបរទេសវៀតណាម និងរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ផងដែរនៅក្នុងប្រទេសម៉ាឡេស៊ី។ រដ្ឋមន្រ្តីការបរទេសវៀតណាម និងរដ្ឋមន្រ្តីការបរទេសកម្ពុជា បានជួបជជែកគ្នា បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសវៀតណាមជួបជជែកជាមួយរដ្ឋមន្រ្តីការបរទេសថៃ និងឡាវ នៅក្នុងថ្ងៃតែមួយនេះ។ នៅចំពោះមុខលោក ប្រាក់ សុខុន លោក Bui Thanh Son បានអះអាងថា វៀតណាម សង្ឃឹមថា ប្រទេសកម្ពុជា និងថៃ នឹងដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី ដែលជាការចូលរួមជួយពង្រឹងសាមគ្គីភាពរបស់អាស៊ាន និងកសាងសហគមន៍អាស៊ានដ៏រឹងមាំ ដើម្បីតំបន់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ជាការកត់សម្គាល់ ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធីនេះ គឺជាអ្វីដែលរាជរដ្ឋាភិបាលកម្ពុជា ចង់បាន ចង់ធ្វើ និងខិតខំជំរុញឱ្យកើតមានឡើង។ ជាក់ស្តែង បើទោះបីទាហានថៃ បានចូលក្នុងទឹកដីកម្ពុជាបើកការបាញ់ប្រហារបណ្តាលឱ្យកងទ័ពកម្ពុជាមួយរូបបានស្លាប់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក៏ដោយ ក៏រាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា បានរក្សាការអត់ធ្មត់ខ្ពស់ណាស់ ដោយមិនបានបើកការវាយប្រហារតបតដោយអាវុធវិញទេ ពោល គឺសុខចិត្តជួបចរចាគ្នាជាមួយភាគីថៃ ដើម្បីបន្ធូរស្ថានការ បង្ការការធ្វើសង្រ្គាមជាមួយគ្នា។ កម្ពុជា ចង់ដោះស្រាយដោយសន្តិវិធី និងដោយសុទ្ធចិត្ត តែភាគីថៃ បែរជាមិនស្មោះត្រង់ ព្រហើន គឃ្លើន ហ៊ានយកកម្លាំងយោធាមកគំរាម និងដាក់សម្ពាធសេដ្ឋកិច្ចលើកម្ពុជា តែចុងក្រោយ រងគ្រោះខ្លួនឯង ព្រោះកម្ពុជា បានចាត់វិធានការតបតទៅវិញដោយត្រឹមត្រូវ ម៉ឺងម៉ាត់ ហ្មត់ចត់ និងច្បាស់លាស់។

ត្បិតថា កម្ពុជាមានកម្លាំងយោធា និងសព្វាវុធគ្រប់គ្រាន់ដើម្បីធ្វើសង្រ្គាមការពារទឹកដីជាមួយថៃក៏ពិតមែន ប៉ុន្តែ កម្ពុជា មិនចង់ជ្រើសជម្រើសនេះទេ ដោយសម្រេចជ្រើសជម្រើសយន្តការច្បាប់អន្តរជាតិតាមរយៈការបញ្ជូនសំណុំរឿងជម្លោះព្រំដែនជាមួយថៃនៅតំបន់មុំ៣ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)។ កម្ពុជា ក៏បានប្រាប់ទៅថៃឱ្យទៅដោះស្រាយគ្នានៅតុលាការអន្តរជាតិនេះ ដើម្បីបញ្ចប់បញ្ហាព្រំដែននេះដោយសន្តិវិធី ប៉ុន្តែ ភាគីថៃបដិសេធម្តងហើយម្តងទៀត។ តែទោះជាយ៉ាងណា ក៏កម្ពុជាមិនដកថយឡើយ ទោះថៃទៅ ឬមិនទៅ ក៏កម្ពុជា នៅតែបន្តដំណើរការសំណុំរឿងនេះទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ដដែល។ ជាមួយគ្នានេះ កម្ពុជា ក៏បានត្រៀមកម្លាំងយោធា និងសព្វាវុធរួចរាល់អស់ហើយដែរ ដើម្បីត្រៀមកម្ទេចសត្រូវឈ្លានពានទឹកដីរបស់ខ្លួន៕

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


