Connect with us

ព័ត៌មានជាតិ

បញ្ហាទាហានថៃជាន់មីន៖ សម្តេចធិបតី អះអាងថា ថៃប្រើវិធីសាស្រ្តបៀមឈាមព្រួសដាក់អ្នកដទៃ

បានផុស

នៅ

ឆ្លើយតបនឹងការចោទប្រកាន់របស់ភាគីថៃ ពាក់ព័ន្ធបញ្ហាទាហានថៃជាន់មីន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា ថៃប្រើវិធីសាស្រ្តបៀមឈាមព្រួសដាក់អ្នកដទៃ។ ជាមួយការអះអាងនេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏រំលឹកទៅកាន់ភាគីថៃ កុំបំពានលើកម្ពុជាខ្លាំងពេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការដែលសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឆ្លើយតបទៅកាន់ថៃបែបនេះ បន្ទាប់ពីក្នុងមួយរយៈនេះ ទាំងថ្នាក់ដឹកនាំនយោបាយ កងទ័ព និងបណ្ដាញសារព័ត៌មានថៃ បានចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជាពាក់ព័ន្ធនឹងបញ្ហាមួយចំនួន ដូចជាការលូកដៃចូលនយោបាយផ្ទៃក្នុងថៃ ការដាក់មីន ព្រមទាំងបានគម្រាមដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ដែលមានវិវាទ រួមមានតំបន់មុំបី និងប្រាសាទតាមាន់ធំ ជាដើម។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្រសួងការបរទេស ក្រសួងការពារជាតិ និងក្រសួងស្ថាប័នជំនាញពាក់ព័ន្ធរបស់កម្ពុជា គឺបានឆ្លើយតបយ៉ាងសកម្មទៅលើការចោទប្រកាន់ទាំងនោះ ដើម្បីការពារភាពត្រឹមត្រូវរបស់កម្ពុជាជាបន្តបន្ទាប់រួចហើយ ក៏ដូចជាការត្រៀមដាក់ចេញនូវវិធានការចាំបាច់បន្ថែមទៀតក្នុងគោលដៅការពារឧត្តមប្រយោជន៍ជាតិខ្មែរ។

បន្ថែមពីការក្រសួងស្ថាប័នរបស់កម្ពុជា សម្ដេចធិបតី ក៏បានផ្ញើសារខ្លីជាការក្រើនរំលឹកទៅភាគីថៃថា តំបន់ឬទីកន្លែងដែលមានវិវាទ ឬមិនទាន់ដាច់ស្រេចថាស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសណាមួយ គឺគ្មានភាគីណាមានសិទ្ធិធ្វើសកម្មភាព ឬដាក់ចេញនូវវិធានការជាឯកតោភាគីនៅក្នុងតំបន់ ឬទីកន្លែងនោះ។ សម្ដេចថា រាល់វិធានការនានាដែលអាចអនុវត្តបាន ត្រូវមានការឯកភាពគ្នារវាងភាគីទាំងពីរជាមុនសិន។

សម្ដេច បានរំលឹកទៅភាគីថៃ កុំឱ្យបំពានកម្ពុជា ព្រោះខ្សែបន្ទាត់ក្រហម នៅតែជាបន្ទាត់ក្រហម ដែលមិនមានការប្រែប្រួលបានទេ។ ក្នុងន័យនេះ សម្ដេចធិបតី សង្កត់ធ្ងន់ថា កម្ពុជាមិនរំលោភបំពានលើអ្នកណាទេ ប៉ុន្តែកម្ពុជាក៏មិនឱ្យអ្នកណាមួយរំលោភបំពានលើខ្លួននោះដែរ។

កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់និងបានត្រៀមខ្លួនជាស្រេចក្នុងការការពារខ្លួននិងការពារបូរណភាពទឹកដី តាមគ្រប់មធ្យោបាយទាំងអស់ប្រឆាំងនឹងការរំលោភបំពាន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងបន្ថែមបែបនេះ តាមរយៈសំណេរលើបណ្ដាញសង្គម នៅថ្ងៃទី២២ ខែកក្កដានេះ។

ជុំវិញរឿងទាហានថៃជាន់មីននោះ សម្ដេចនាយករដ្ឋមន្រ្តី ចាត់ទុកថា ជាវិធីសាស្រ្តបៀមឈាមព្រួសដាក់អ្នកដទៃ មិនមែនជាវិធីសាស្រ្តដែលមានសីលធម៌ និងសុច្ចរិតភាពនោះទេ។ សម្ដេច ថា ថា វិធីសាស្ត្របែបនេះរបស់ថៃ មិនត្រូវប្រើទេ បើថៃពិតជាចង់កសាងនូវទំនុកចិត្តរវាងគ្នានិងគ្នាមែននោះ។

សម្ដេច ហ៊ុន ម៉ាណែត បន្តបញ្ជាក់អំពីជំហររបស់កម្ពុជា ដែលនៅតែរក្សាជំហរក្នុងការស្វែងរកដំណោះស្រាយលើបញ្ហានេះ ដោយមធ្យោបាយអហឹង្សាឱ្យបានឆាប់រហ័ស ប្រកបដោយភាពច្បាស់លាស់និងចីរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម