ព័ត៌មានជាតិ
ក្រសួងការងារ នាំយកឱកាសការងារជាង ៧ពាន់កន្លែង សម្រាប់ពលរដ្ឋ និងពលករខ្មែរដែលត្រឡប់មកពីថៃ ក្នុងខេត្តសៀមរាប
សៀមរាប ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះ បាននាំយកឱកាសការងាររាប់ម៉ឺនកន្លែងទៅផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ជាពិសេស បងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃឱ្យទទួលបានការងារភ្លាមៗពីក្រុមហ៊ុនធំៗចំនួន ៤ ដែលមានតម្រូវការកម្លាំងពលកម្មជាង ៧ពាន់កន្លែង។

ការផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងពេល លោក ហេង សួរ អមដោយឯកឧត្តម ឌី រ៉ាដូ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ» របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅឃុំព្រៃជ្រូក និងឃុំមុខប៉ែន ក្នុងស្រុកពួក ខេត្តសៀមរាប នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះ។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា វេទិកានេះ មានក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមកពីបណ្តាលខេត្តក្រុងនានាក្នុងប្រទេសកម្ពុជា បានចុះមកផ្ទាល់ដើម្បីធ្វើការសម្ភាសន៍ជ្រើសរើសបុគ្គលិកកម្មករជាមួយនឹងបងប្អូនប្រជាពលរដ្ឋភា្លមៗ ក្នុងនោះមានរោងចក្រផលិតសម្លៀកបំពាក់ ផលិតស្បែកជើង និងផលិតផលិតផលជាច្រើនទៀត។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តីបានបញ្ជាក់ថា បងប្អូនពលករខ្មែរ ដែលទទួលបានការងារធ្វើនៅស្រុកយើង នឹងអាចទទួលបានប្រាក់ខែចន្លោះពី ២៥០ដុល្លារទៅ ៣០០ដុល្លារ ហើយប្រសិនបើបូករួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតអាចលើសពី ៣០០ដុល្លារក្នុងមួយខែសម្រាប់ផ្គត់ផ្គង់គ្រួសារ។ លើសពីនេះ បងប្អូនប្រជាពលរដ្ឋដែលទទួលបានការងារធ្វើនៅស្រុកខ្មែរ នឹងទទួលបានការគាំពារចំពោះសុខុមាលភាព ទាំងពេលឈឺ និងពេលគ្រោះថ្នាក់ ហើយពេលចាស់ទៅក៏នឹងទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) ពី ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថែមទៀតផង។

លោករដ្ឋមន្រ្តី បានបន្តទៀតថា សម្រាប់ស្រ្តីមានផ្ទៃពោះ នឹងទទួលបានសេវាពិនិត្យផ្ទៃពោះ មុន និងក្រោយសម្រាលដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ជាមួយនឹងប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលចំនួន ១៤លើក ដែលក្នុងមួយលើកទទួលបានប្រាក់ចំនួន ៨ម៉ឺនរៀល ពិសេសពេលសម្រាលកូននឹងទទួលបានសេវាសម្រាលដោយឥតគិតថ្លៃ រួមទាំងប្រាក់ឧបត្ថម្ភបន្ថែមពីរាជរដ្ឋាភិបាលចំនួន ៨០ម៉ឺនរៀលសម្រាលបានកូនម្នាក់ សម្រាលបានកូនភ្លោះពីរនាក់ទទួលបាន ១លាន ២០ម៉ឺនរៀល និងសម្រាលបានកូនភ្លោះបីនាក់ទទួលបានចំនួន ១លាន ៦០ម៉ឺនរៀល រួមទាំងប្រាក់បំណាច់មាតុភាពចំនួន ៩០ថ្ងៃ ពី ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈថែមទៀតផង។

ក្នុងវេទិកានោះផងដែរ លោក ហេង សួរ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសេពលករខ្មែរដែលទើបត្រឡប់ពីប្រទេសថៃ ដែលចង់រកការងារធ្វើ កុំភ្លេចទាក់ទងមកក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានដាក់លេខទូរស័ព្ទនៅក្នុងខិត្តប័ណ្ណដែលក្រុមការងារក្រសួងបានចែកជូន ដើម្បីទទួលបានការងារភ្លាមៗ និងធ្វើឱ្យបងប្អូនមានប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាព៕





-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


