ព័ត៌មានជាតិ
ក្រសួងការងារត្រៀមអនុវត្តកម្មវិធីបណ្ដុះបណ្ដាលជំនាញចល័តតាមរថយន្ត ក្នុងការនាំជំនាញដល់ខ្នងផ្ទះពលរដ្ឋ
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រៀមអនុវត្តកម្មវិធីថ្មីមួយបន្ថែមទៀត ដើម្បីជំរុញការបណ្ដុះបណ្ដាលជំនាញទៅដល់ប្រជាពលរដ្ឋ តាមរយៈថ្នាក់បណ្ដុះបណ្ដាលជំនាញចល័តតាមរថយន្ត។ ការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញចល័តតាមរថយន្តនេះ ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា គឺដើម្បីនាំជំនាញទៅដល់មូលដ្ឋាន។

សម្ដេច បានមានប្រសាសន៍ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ នៅព្រឹកថ្ងៃទី១៥ ខែមិថុនានេះ ថា ការបង្កើតថ្នាក់បណ្ដុះបណ្ដាលចល័តនេះ គឺជាការរុញសាលាទៅដល់មូលដ្ឋាន ដោយនាំយកនូវការបណ្ដុះបណ្ដាលជំនាញទៅរកប្រជាពលរដ្ឋដល់ក្នុងភូមិ ដើម្បីធានាថាគ្មានពលរដ្ឋ ឬយុវជនណាម្នាក់ត្រូវបានបោះបង់ចោលដោយសារបញ្ហាភូមិសាស្ត្រ ឬលទ្ធភាពនៃការធ្វើដំណើរឡើយ។
នៅពេលក្រសួងការងារដាក់ឱ្យដំណើរការជាផ្លូវការថ្នាក់បណ្ដុះបណ្ដាលចល័តនេះ សម្តេចធិបតី រំពឹងថា ប្រជាពលរដ្ឋ ក៏ដូចជាយុវជន នឹងចូលរួមចុះឈ្មោះដើម្បីទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ តាមរយៈរថយន្តចល័តនៅតាមមូលដ្ឋានផ្ទាល់តែម្ដង។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងឱ្យដឹងថា ក្រសួងបានរៀបចំ និងត្រៀមដាក់ឱ្យដំណើរការថ្នាក់បណ្ដុះបណ្ដាលជំនាញចល័តនេះ ដែលជាការបំពាក់នូវសម្ភារៈ ឧបករណ៍តាមជំនាញនីមួយៗលើរថយន្តអគ្គិសនី ដែលអាចឱ្យគ្រឹះស្ថាន TVET នានា ចុះទៅបណ្ដុះបណ្ដាលជំនាញខ្លីៗដល់កៀកខ្នងផ្ទះរបស់ពលរដ្ឋ ឬនៅតាមវត្ត ឬក៏នៅតាមសាលាឃុំ ជាដើម។
តាមការគូសបញ្ជាក់របស់លោករដ្ឋមន្ត្រី មកដល់ពេលនេះ ក្រសួងការងារក្រោមកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ បានផលិតរថយន្តចល័តចំនួន៨គ្រឿង សម្រាប់ជំនាញថែទាំបរិក្ខាត្រជាក់ ការដំឡើងបណ្ដាញអគ្គិសនី ការដំឡើងបំពង់ទឹក ការថែទាំ និងជួសជុលរថយន្ត ការជួសជុលម៉ាស៊ីនត្រជាក់ ធុរកិច្ចភេសជ្ជៈ ឆុងកាហ្វេ និងសាឡន។ ក្រោយការអនុវត្តសាកល្បង ក្រសួងនឹងបន្តពង្រីកថ្នាក់បណ្ដុះបណ្ដាលចល័តនេះឱ្យដល់៤០គ្រឿង នៅត្រឹមឆ្នាំ២០២៧ និង៥០គ្រឿង នៅត្រឹមឆ្នាំ២០២៨។
ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនេះ សម្ដេចនាយករដ្ឋមន្ត្រី បានចង្អុលទៅកាន់ក្រសួងការងារ កុំធ្វើឱ្យមានតែរូបភាព និងបរិមាណ តែត្រូវយកចិត្តទុកដាក់លើគុណភាព។ គុណភាពនេះ សម្ដេចបានសង្កត់ធ្ងន់ដល់ការរៀបចំគ្រូឱ្យច្បាស់ ឱ្យប្រាកដ និងមេរៀនបង្រៀនឱ្យចំគោលដៅ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


