Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង នឹងជួបប្រជុំគ្នានៅប្រទេសចិន

បានផុស

នៅ

ក្នុងសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងជួបប្រជុំគ្នានៅទីក្រុងអាននឹង ខេត្តយូណាន ប្រទេសចិន។ ខណៈរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន ក៏នឹងមានវត្តមានចូលរួមកិច្ចប្រជុំលើកទី១០នេះដែរ។

រូបភាពឯកសារ៖ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង កាលពីឆ្នាំ២០២០ នៅប្រទេសឡាវ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងនេះ គឺតបតាមការអញ្ជើញរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។

ជាការកត់សម្គាល់ កិច្ចប្រជុំមេគង្គ-ឡានឆាង ដែលគ្រោងនឹងធ្វើនៅប្រទេសចិនខាងមុខនេះ គឺចំពេលដែលកម្ពុជា និងថៃ ដែលប្រទេសទាំងពីរក៏ជាសមាជិកនៃកិច្ចសហប្រតិបត្តិការ​នេះ បាននិងកំពុងមានបញ្ហាព្រំដែនដ៏ក្ដៅគគុកជាមួយគ្នា។ ក្នុងនោះ ចិនក៏ជាប្រទេសសម្របសម្រួលមួយផងដែរក្នុងជម្លោះព្រំដែននៃប្រទេសទាំងពីរ រហូតបានឈានដល់មានបទឈប់បាញ់ នាពេលថ្មីៗនេះ។ តែយ៉ាងនេះក្ដី គេមិនទាន់ដឹងថា ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងនេះ អាចនឹងជជែកគ្នាបន្ថែមពីបញ្ហារវាងកម្ពុជា និងថៃ ដែរឬយ៉ាងណានោះទេ។

ក៏ប៉ុន្តែ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងនេះនឹងធ្វើឡើងដើម្បីវាយតម្លៃទៅលើវឌ្ឍនភាព ដែលសម្រេចបានក្រោមផែនការសកម្មភាព ៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កំណត់ទិសដៅអនាគតសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងពង្រឹងចំណងមិត្តភាពនិងការគាំទ្រទៅវិញទៅមករវាងប្រទេសសមាជិកមេគង្គ-ឡានឆាង ក្នុងស្មារតីលើកកម្ពស់ការអភិវឌ្ឍដោយចីរភាព និងការតភ្ជាប់ផ្នែកសង្គម និងវប្បធម៌ នៅក្នុងអនុតំបន់មេគង្គ-ឡានឆាង។

ចំពោះវត្តមានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ជាមួយនឹងការចូលរួមកិច្ចប្រជុំខាងលើ ក៏គ្រោងនឹងទទួលជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសផ្សេងទៀត ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង ​(MLC) ត្រូវបាន​បង្កើតឡើង​កាលពី​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ២០១៦ ដែលមាន​ការចូលរួម​ពី​ ៦​ប្រទេស ​រួមមាន កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា ថៃ វៀតណាម​ និង​​មហាអំណាច​ចិន​។​ យន្តការ​មេគង្គ​-​ឡាន​ឆាង បាននិងកំពុង​ឆ្ពោះទៅមុខ ហើយ​ក្លាយទៅជា​គំរូ​នៃ​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ ដ៏​មាន​ប្រសិទ្ធភាព ផ្ដល់​វឌ្ឍនភាព​គួរឱ្យកត់សម្គាល់ និង​បង្កើន​កិច្ច​សហការគ្នា​៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម