Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ី​ជំរុញអាជីវកម្មឱ្យ​​បង្កើន​គោ​​​យក​ទឹកដោះដល់ ១ លាន​ក្បាល ដើម្បីបំពេញតម្រូវការ

បានផុស

នៅ

​ឥណ្ឌូណេស៊ីកំពុងជំរុញឱ្យក្រុមហ៊ុនឯកជន បង្កើន និងស្វែងរកសត្វគោ ១ លានក្បាល ​ដើម្បីជាផ្នែកមួយ​នៃផែនការជាតិ​ដ៏មហិច្ឆតា​ ក្នុងការជំរុញផលិតកម្មទឹកដោះគោក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការនាំចូល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែនការនេះបាន​ស្ដែងចេញឱ្យឃើញកាលពីពេលថ្មីៗនេះ ដែលឥណ្ឌូណេស៊ីបាន​នាំចូលពូជគោចិញ្ចឹម​យកទឹកដោះ Holstein-Friesian ដែលកំពុងផើម ចំនួន ២០០ ក្បាល ពីប្រទេសអូស្រ្តាលី ទៅចិញ្ចឹមក្នុងកសិដ្ឋាន នៅខេត្ត West Java។

ក្នុងគម្រោង​រដ្ឋាភិបាល ​ឥណ្ឌូណេស៊ី​មានគោលបំណងបង្កើនហ្វូងគោផលិតទឹកដោះ​ពី ២២០ ០០០ ក្បាល នាពេលបច្ចុប្បន្ន ដល់ជាង ១ លាន​ក្បាល​ ដោយ​ចំណាយប្រាក់ ៣ ប៊ីលាន​ដុល្លារ ក្នុងរយៈពេល ៥​ឆ្នាំ ដើម្បីបំពេញតម្រូវការទឹកដោះគោក្នុងស្រុក ​​ដោយ​ស្នូលនៃផែនការនេះគឺការប្រើប្រាស់ក្នុងកម្មវិធី​ផ្តល់អាហារ​ឥតគិតថ្លៃដល់កុមារ និងស្រ្តីមាន​ផ្ទៃពោះ ៨៣ លាននាក់។ ​

យ៉ាងណាមិញ ខណៈការផ្តល់មូលនិធិរបស់រដ្ឋាភិបាលមានកម្រិត ​ឥណ្ឌូណេស៊ីកំពុងពឹងផ្អែកលើអាជីវកម្មដែលភាគច្រើន​​គ្មាន​បទពិសោធន៍ផ្ទាល់ក្នុងការចិញ្ចឹម​គោយកទឹកដោះ ​ក្នុងការផ្តល់ហិរញ្ញប្បទានដល់ការនាំចូលពូជគោដ៏ថ្លៃ ហើយ​​គ្រប់គ្រង​សត្វទាំងនេះជាលក្ខណៈ​សហករណ៍។

គេមើលឃើញថា ចាប់​តាំង​ពីកម្មវិធី​ផ្ដល់អាហារឥតគិតថ្លៃ​ចាប់​ផ្ដើម​​ពីខែ​ធ្នូឆ្នាំមុនមក វា​ហាក់មានភាពយឺតយ៉ាវក្នុងដំណើរការ​។ គិតត្រឹមដំណាច់ខែកក្កដា គោចំនួន ១១ ៣៧៥ ក្បាលត្រូវបាននាំចូល ពីប្រទេសអូស្ត្រាលី ពោលគឺតិចជាងគោលដៅចំនួន ២០០​ ០០០ ក្បាល​សម្រាប់ឆ្នាំនេះ។ ល្បឿនយឺតនេះបង្កើនការព្រួយបារម្ភអំពីលទ្ធភាពនៃការបង្កើនកម្មវិធីអាហារឥតគិតថ្លៃ ដែលជាការសន្យាដ៏​ធំមួយរបស់លោក ​ប្រាបូវូ ស៊ូប៊ីយ៉ានតូ មុនជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូណេស៊ីកាលពីឆ្នាំមុន។ ​

ឥណ្ឌូណេស៊ី ដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី ៤ របស់ពិភពលោក បច្ចុប្បន្នពឹងផ្អែកយ៉ាងខ្លាំងលើផលិតផលទឹកដោះ រួមទាំងម្សៅទឹកដោះគោ ដែលនាំចូលពីប្រទេសអូស្ត្រាលី នូវែលសេឡង់ និងសហរដ្ឋអាមេរិក។ រដ្ឋាភិបាលរបស់​លោក ប្រាបូវូ ចាត់ទុកគំនិតផ្តួចផ្តើមការនាំចូលគោ​ថាជាជំហានសំខាន់ ឆ្ពោះទៅរកភាពគ្រប់គ្រាន់នៃផ្គត់ផ្គង់ទឹកដោះគោប្រើប្រាស់ដោយ​ខ្លួនឯង ​និងកាត់បន្ថយការពឹងផ្អែក​លើផលិតផលបរទេស។

កន្លងមក អនុរដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូណេស៊ី លោក​ Sudaryono បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលខ្លួនឯងនឹងមិនផ្តល់មូលនិធិដល់ការនាំចូលសត្វគោ​នោះទេ ប៉ុន្តែលើកទឹកចិត្តអ្នកវិនិយោគ និងអាជីវកម្មឱ្យចាប់យកឱកាសដើម្បីបំពេញតម្រូវការទឹកដោះគោ និងសាច់ ដែលកំពុងកើនឡើងរបស់ប្រទេសតាមរយៈការចូលរួមក្នុងកម្មវិធី​របស់រដ្ឋាភិបាលមួយនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម