ព័ត៌មានជាតិ
ក្រសួងការងារតម្រូវឲ្យម្ចាស់រោងចក្រ ត្រូវអនុញ្ញាតឲ្យកម្មករឈប់សម្រាក និងបើកប្រាក់ឈ្នួលឲ្យបានមុនថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ
ក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ បានជូនដំណឹងឱ្យម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រអនុវត្តការឈប់សម្រាកបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃទៅដល់កម្មករនិយោជិតចាប់ពីថ្ងៃទី២១-២២-២៣ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានប្រាក់ឈ្នួល និងសម្របសម្រួលឱ្យមានការបើកប្រាក់ឈ្នួលខែកញ្ញាដល់កម្មករនិយោជិតឱ្យបានមុនថ្ងៃឈប់សម្រាកនាពេលខាងមុខ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចុះផ្សាយកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងលិខិតដែលចុះហត្ថលេខាដោយលោករដ្ឋមន្ត្រី ហេង សួរ ក្រសួងបានគូសបញ្ជាក់ថា “សូមម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រអនុញ្ញាតឱ្យកម្មករនិយោជិតរបស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួលនាឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ រយៈពេល ៣ (បី) ថ្ងៃ គឺថ្ងៃទី២១-២២-២៣ ខែកញ្ញា ឆ្នាំ២០២៥ និងត្រូវសម្របសម្រួលរៀបចំបើកប្រាក់ឈ្នួលខែកញ្ញា ដែលកម្មករនិយោជិតត្រូវទទួលបានឱ្យបានមុនថ្ងៃឈប់សម្រាកនេះ”។
ប៉ុន្តែទន្ទឹមនឹងនេះ ក្រសួងការងារ ក៏បានណែនាំថា ក្នុងករណីមានការព្រមព្រៀងគ្នារវាងកម្មករនិយោជិតសាមី និងនិយោជក ឬមានចែងក្នុងបទបញ្ជាផ្ទៃក្នុងរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រដែលត្រូវបានចុះទិដ្ឋាការដោយអធិការការងារ ឬអនុសញ្ញារួមដែលត្រូវបានចុះបញ្ជីនៅក្រសួង ការឈប់សម្រាករបស់កម្មករនិយោជិតអាចអនុវត្តនៅពេលណាមួយផ្សេងទៀត ដែលខុសពីថ្ងៃឈប់សម្រាកបុណ្យដូចមានកំណត់ក្នុងប្រកាសលេខ២១៨/២៤ ក.ប/ប្រ.ក.អ.ធ.ក ចុះថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ស្តីពីការឈប់បុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២៥។

បើតាមលិខិតដដែល ចំពោះសហគ្រាស ក្រុមហ៊ុន រោងចក្រទាំងឡាយណា ដែលកម្មវត្ថុអាជីវកម្មមានចរិតលក្ខណៈសកល ត្រូវប្រព្រឹត្តទៅជាប្រចាំ និងមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកបុណ្យនៃកម្មករនិយោជិតទាំងអស់ ព្រមគ្នាក្នុងពេលតែមួយនាំឱ្យខូចប្រយោជន៍ដល់សាធារណជន ឬក៏ធ្វើឱ្យខូចដំណើរការរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រត្រូវរៀបចំបែងចែកឱ្យកម្មករនិយោជិតបានឈប់សម្រាកទៅតាមថ្ងៃឈប់សម្រាកបុណ្យដោយផ្លាស់ប្ដូរវេនគ្នា។
ដោយឡែកប្រសិនបើការផ្លាស់ប្ដូរវេនគ្នានេះ មិនអាចគាំទ្រដល់ដំណើរការ អាជីវកម្មរបស់សហគ្រាស ក្រុមហ៊ុន រោងចក្រ ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រនិងតំណាងកម្មករ និយោជិតអាចពិភាក្សា និងព្រមព្រៀងគ្នាឱ្យកម្មករនិយោជិតទាំងអស់នៅធ្វើការនៅថ្ងៃឈប់សម្រាកបុណ្យនេះដោយត្រូវរៀបចំឱ្យមានការឈប់សម្រាកជំនួសនៅពេលណាមួយផ្សេងទៀតបាន។ នេះបើយោងតាមលិខិតដដែល។
ចំពោះករណីនេះ ក្រសួងការងារ បានណែនាំឱ្យម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវរៀបចំបញ្ជីឈ្មោះកម្មករនិយោជិត ដែលត្រូវផ្លាស់ប្ដូរគ្នាឈប់សម្រាកតាមកាលបរិច្ឆេទនីមួយៗខាងលើ និងរក្សាទុកជាប្រចាំសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។
យ៉ាងណាក៏ដោយ ក្នុងការសម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ប្រសិនបើកម្មករនិយោជិតមិនទទួលបានការឈប់សម្រាកដោយមានប្រាក់ឈ្នួលត្រឹមត្រូវទេនោះ កម្មករនិយោជិតអាចប្តឹងមកក្រសួងតាមរយៈប្រព័ន្ធទាន់ហេតុការណ៍លេខ ១២៨៦ ឬតាមរយៈប្រអប់បណ្តឹងអនាមិក (https://feedback.mlvt.gov.kh/feedback) ដើម្បីក្រសួងចាត់វិធានការតាមច្បាប់ជាធរមាន៕



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម២០ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


