Connect with us

នយោបាយ

បណ្ឌិត យង់ ពៅ៖ ការគិតចង់បើកព្រំដែនឡើងវិញគួរធ្វើដោយប្រយ័ត្នប្រយែង និងគួរដកចេញពាក្យថាអ្នកណាមានប្រៀបជាង

បានផុស

នៅ

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លើកឡើងថា ការឯកភាពគ្នាពិនិត្យលទ្ធភាពបើកច្រកព្រំដែនកម្ពុជា-ថៃ ក្នុងកម្រិតជាក់លាក់មួយតាមសំណើរបស់ភាគីជប៉ុន ត្រូវមានតែការចូលរួមពីអន្តរការីរឹងមាំមួយដូចជាជប៉ុនជាដើម ដែលមានឥទ្ធិពលការទូតជាក់លាក់ទាំងសម្រាប់កម្ពុជា និងថៃ។ តែទោះជាយ៉ាងណា លោកបណ្ឌិត យង់ ពៅ ថា ការពិចារណាបើកព្រំដែនកម្ពុជា-ថៃឡើងវិញតាមការស្នើរបស់ជប៉ុននេះ គួរធ្វើដោយប្រយ័ត្នប្រយែង និងមិនគួរមានការលើកឡើងថា ភាគីណាមានប្រៀបជាងភាគីណាឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសជប៉ុន គឺជាអន្តរការីដ៏ស័ក្តិសមមួយដែលអាចជួយសម្របសម្រួលទំនាក់ទំនងរវាងកម្ពុជា និងថៃ បានពេញលេញជាមួយនឹងឆន្ទៈប្រាកដប្រជា ព្រោះជប៉ុនជាប្រទេសមានទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយល្អជាមួយប្រទេសទាំងពីរ។ កិច្ចចរចា និងការសន្ទនាប្រកបដោយផ្លែផ្កា ពិតជាទាមទារអ្នកសម្របសម្រួលដែលមានភាពបត់បែន និងសកម្ម និងមានយន្តការដោះស្រាយជាក់លាក់។ នេះ គឺជាការអះអាងរបស់លោកបណ្ឌិត យង់ ពៅ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ ហើយលោកអះអាងទៀតថា ប្រទេសជប៉ុន គឺជាភាគីដែលអាចចូលរួមធ្វើជាអន្តរការីដ៏សំខាន់ ដោយមិនត្រឹមតែនៅក្នុងទិដ្ឋភាពជំរុញឱ្យភាគីទាំងពីរកម្ពុជា-ថៃ បើកច្រកព្រំដែនទ្វេភាគីប៉ុណ្ណោះទេ ប៉ុន្តែ ជប៉ុន ក៏អាចបំពេញតួនាទីជាអ្នកសម្របសម្រួលយ៉ាងមានប្រសិទ្ធភាពរួមជាមួយយន្តការអាស៊ាន និងយន្តរការអន្តរជាតិផ្សេងទៀតផងដែរ។

ទោះជាយ៉ាងណា បើតាមលោកបណ្ឌិត យង់ ពៅ ដើម្បីអាចឈានទៅដល់ការបើកច្រកព្រំដែនឡើងវិញ ភាគីទាំងពីរ ត្រូវតែសម្រេចឱ្យបាននូវការអនុវត្តបទឈប់បាញ់ពេញលេញ ស្មោះត្រង់ និងកិច្ចព្រមព្រៀងទ្វេភាគីផ្សេងទៀត ដែលពាក់ព័ន្ធនឹងការជំរុញទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការរក្សាសន្តិសុខ និងសន្តិភាពនៅតាមបណ្ដោយព្រំដែននៃប្រទេសទាំងពីរ។ ដូចបានលើកឡើងខាងលើ ជប៉ុនដែលបានបណ្ដាក់ទុនវិនិយោគទាំងក្នុងប្រទេសកម្ពុជា និងថៃ ពិតជាជួបប្រទះនឹងការលំបាកនៅក្នុងការជំរុញខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនដែលកន្លងមកត្រូវបានតភ្ជាប់ និងបំពេញឱ្យគ្នាទៅវិញទៅមករវាងផលិតកម្មក្នុងប្រទេសទាំងពីរ កម្ពុជា-ថៃ។ នេះបើតាមលោកបណ្ឌិត យង់ ពៅ ដដែល។

ការអះអាងរបស់លោកបណ្ឌិត យង់ ពៅ នេះ ធ្វើឡើងបន្ទាប់ពីកម្ពុជា-ថៃ បានឯកភាពគ្នាពិនិត្យលើសំណើរបស់ភាគីជប៉ុនដែលស្នើសុំឱ្យបើកច្រកព្រំដែនកម្ពុជា-ថៃ ឡើងវិញ ដើម្បីផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្ម នៅក្នុងកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។ ចំណែក លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជាវិញ​ ​បានអះអាងប្រាប់សារព័ត៌មានកម្ពុជាថ្មីនៅថ្ងៃទី១១ ខែកញ្ញា ថា ដោយ​សារ​ការ​អូស​បន្លាយការ​បិទ​ព្រំដែនគោក​រវាង​កម្ពុជា​និង​ថៃ ​បាន​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ជប៉ុនកំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក ហើយ​ការ​បង្កើត​ឱកាស​ការងារ​ថ្មី​មិន​មែន​ងាយ​ស្រួល​នោះ​ទេ​ក្នុង​ស្ថានភាព​បែប​នេះ។

លោក អ៊ូអិណុ អាត់ស៊ូស៊ី បាន​លើក​ឡើង​ថា៖ «ខ្ញុំ​យល់​ថា រាជរដ្ឋាភិបាល​កម្ពុជា សង្ឃឹម​ថា​ក្រុម​ហ៊ុន​ជប៉ុន​នៅ​កម្ពុជា​នឹង​ផ្ដល់​ឱកាស​ការងារ​ដល់​ពលករ​ដែល​វិល​ត្រឡប់​មក​វិញ។ ប៉ុន្ដែដោយ​សារ​តែ​ការ​បិទ​ព្រំដែនគោកជាមួយ​ប្រទេស​ថៃ​មាន​ការ​អូស​បន្លាយ​ បាន​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​ជប៉ុន​ដែល​បាន​និង​កំពុង​វិនិយោគ​នៅ​ប្រទេសកម្ពុជាតាមរយៈគោលនយោបាយ «ថៃ​បូក១» កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​យ៉ាង​ខ្លាំង​ ហើយ​ការ​ពង្រីក​ឱកាស​ការងារ​ថ្មី​មិន​មែន​ជា​កិច្ច​ការ​ងាយ​ស្រួល​នោះទេ»។

ប៉ុន្តែ លោកបណ្ឌិត យង់ ពៅ ឱ្យមានការប្រយ័ត្នប្រយែងចំពោះការឯកភាពគ្នាពិនិត្យលទ្ធភាពបើកច្រកព្រំដែនកម្ពុជា-ថៃ ក្នុងកម្រិតជាក់លាក់មួយតាមសំណើរបស់ភាគីជប៉ុន។ លោកថា ការបើកច្រកព្រំដែននេះ ត្រូវតែមានការចូលរួមពីអន្តរការីរឹងមាំមួយ ដូចជាជប៉ុនជាដើម ដែលមានឥទ្ធិពលការទូតជាក់លាក់ទាំងសម្រាប់កម្ពុជា និងថៃ។ តាមលោកបណ្ឌិត យង់ ពៅ កម្ពុជា និងថៃមានព្រំដែនដែនគោកជាប់គ្នាជាង៨០០គីឡូម៉ែត្រ ដែលការណ៍នេះ ប្រទេសទាំងពីរមិនអាចគេចផុតការជំរុញ និងរក្សាទំនាក់ទំនងជាប្រក្រីតីនឹងគ្នានោះឡើយ។ បញ្ហាព្រំដែននៃប្រទេសទាំងពីរទាមទារឱ្យមានការដោះស្រាយ និងបញ្ចប់នូវអរិភាពនឹងគ្នាតាមរយៈការចូលរួមពីសំណាក់ភាគីទី៣។ ទោះជាយ៉ាងនេះក្ដី លោកបណ្ឌិតបានគូសបញ្ជាក់ថា ការបើកច្រកព្រំដែនកម្ពុជា-ថៃ ក្រៅតែពីមានអន្តរការីដែលគួរឱ្យទុកចិត្ត គឺត្រូវតែធ្វើឡើងដោយមានការគិតគូរនូវសេនារីយ៉ូជាក់លាក់ និងប្រាកដប្រជា នៅក្នុងការតាមដានការអនុវត្តទាំងឡាយ ឆ្ពោះទៅរកប្រក្រតីភាពឡើងវិញ។

លោកបណ្ឌិត យង់ ពៅ បានមា​ន​ប្រសាសន៍ថា៖« ការបើកច្រកព្រំដែនឡើងវិញ ភាគីទាំងពីរ កម្ពុជា-ថៃ មិនគួរមានការលើកឡើងថា ភាគីណាមួយមានប្រៀបជាងភាគីមួយទៀតនោះទេ ព្រោះបើនៅតែយករឿងនេះធ្វើជាប្រធានបទជជែកដេញដោលឡើងវិញ នោះស្ថានការណ៍នឹងមិនប្រសើរឡើងវិញនោះទេ ហើយថែមទាំងធ្វើឱ្យចរន្តជាតិនិយមនៃប្រទេសទាំងពីរ ឆេះក្ដៅរោលរាលឡើងវិញទៀតផង»។ ត្រង់ចំណុចនេះ លោកបណ្ឌិត យង់ ពៅ បានជំរុញឱ្យមានការរៀបចំកំណត់របៀបវារៈឱ្យបានប្រាកដប្រជា និងកំណត់ភូមិសាស្ត្រច្រកព្រំដែនដែលត្រូវបើកឱ្យបានច្បាស់លាស់ថា តើត្រូវបើកច្រកណាខ្លះ? ដើម្បីបម្រើឱ្យគោលបំណងអ្វីខ្លះនៅក្នុងដំណាក់កាលដំបូង និងក្នុងដំណាក់កាលបន្តបន្ទាប់? ទាំងនេះ គឺជាលទ្ធភាពដែលភាគីជម្លោះទាំងពីរ កម្ពុជា-ថៃ អាចស្វែងរកច្រកចេញពីវិបត្តិនេះបាន និងឈានទៅដល់ការជំរុញប្រក្រតីភាពនៃទំនាក់ទំនងប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ បានជំរុញឱ្យអ្នកនយោបាយប្រទេសទាំងពីរ ក៏ដូចជា មេដឹកនាំយោធាថៃ ត្រូវតែកំណត់របៀបវារៈនៃការបញ្ចេញមតិរបស់ខ្លួនឱ្យបានច្បាស់លាស់ ចៀសវាងការបញ្ចេញសារនយោបាយដុតរោលកំហឹងជាតិនិយម ដែលនាំឱ្យស្ថានការណ៍កាន់តែតានតឹង ប្រាសចាកពីស្មារតីនៃកិច្ចប្រជុំទ្វេភាគីដែលភាគីទាំងពីរបានឯកភាពគ្នា។ លោកបណ្ឌិតសង្កត់ធ្ងន់ថា ការបើកច្រកព្រំដែនទ្វេភាគីឡើងវិញ គឺជាការបម្រើឱ្យគោលបំណងជំរុញប្រក្រតីភាពទំនាក់ទំនងឡើងវិញ តាមសេនារីយ៉ូ តាមដំណាក់កាល និងការតាមការកំណត់របៀបវារៈដែលបម្រើឱ្យការជំរុញខ្សែច្រវាក់ផលិតកម្មនៃប្រទេសទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម