Connect with us

ព័ត៌មានជាតិ

បណ្ឌិត យង់ ពៅ គ្រោងបង្ហាញស្នាដៃសៀវភៅថ្មី បកស្រាយរឿងរ៉ាវកម្ពុជា-ថៃ

បានផុស

នៅ

អ្នកជំនាញភូមិសាស្ត្រនយោបាយ បណ្ឌិត យង់ ពៅ បានបង្ហោះលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ថា នៅចុងឆ្នាំ២០២៦នេះ លោកនឹងចេញផ្សាយវណ្ណកម្មផ្ទាល់ខ្លួន ក្រោមចំណងជើង «កម្ពុជា-ថៃ៖ ពិនិត្យមើលអតីតកាល១៥០ នៃជម្លោះ (១៨៥៦-២០០៦)»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


លោកបណ្ឌិតបានឱ្យដឹងថា នៅក្នុងស្នាដៃនេះ នឹងបង្ហាញអ្នកអានឱ្យបានដឹងពី «ប្រវត្តិជម្លោះព្រំដែនរ៉ាំរ៉ៃរវាងកម្ពុជានិងថៃ» ចាប់តាំងពីដំណាក់កាលដំបូងៗអាណាព្យាបាលបារាំង រហូតមកដល់ឆ្នាំ២០០៦។ បន្ថែមពីនេះ សៀវភៅនេះ ក៏បង្ហាញជាទស្សនៈឆ្លុះបញ្ជាំងពីអតីតកាល ដែលនៅបន្តរាលដាលមកទល់បច្ចុប្បន្ន(២០២៦) ផងដែរ។

ក្នុងសំណេរនោះ លើកឡើងថា៖ “ការសិក្សាពីមូលដ្ឋានគ្រឹះប្រវត្តិសាស្ត្រនៃជម្លោះអធិបតេយ្យរ៉ាំរ៉ៃ និងគ្រោះថ្នាក់នេះ អាចនាំមកនូវទស្សនៈនយោបាយដើម្បីពិចារណាលើការកែសម្រួល និងរៀបចំខ្លួនលើមូលដ្ឋានដែលមានស្រាប់ដើម្បីចៀសវាងជាន់ដានចាស់ នាំប៉ះពាល់ដល់អត្ថិភាពជាតិ”។

បណ្ឌិត យង់ ពៅ ក៏បានបញ្ជាក់ថា សៀវភៅ «កម្ពុជា-ថៃ ៖ ពិនិត្យមើលអតីតកាល១៥០ នៃជម្លោះ (១៨៥៦-២០០៦)» ក្រោយពីបោះពុម្ពរួច ជាដំបូងនឹងមានដាក់លក់នៅបណ្ណាល័យរាជបណ្ឌិត្យសភាកម្ពុជា។

ក្រោយពីបណ្ឌិត យង់ ពៅ ប្រកាសដំណឹងអំពីវណ្ណកម្មថ្មីរបស់លោក បានធ្វើឱ្យមហាជនជាច្រើនបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈការបញ្ចេញមតិក្រោមការបង្ហោះ ក៏បានស្តែងឱ្យឃើញពីការទន្ទឹងរង់ចាំចង់ឃើញស្នាដៃសៀវភៅនេះ លេចចេញជារូបរាងក្នុងពេលឆាប់ៗផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម