អត្ថាធិប្បាយ
បទវិភាគ៖ «ខ្មែរមិនដែលគិតថាបិទច្រមុះថៃទេ!»
ខ្មែរមិនដែលគិតថាបិទច្រមុះថៃទេ តែថៃទៅវិញទេដែលតែងគិត និងនិយាយអំពីការបិទច្រមុះខ្មែរ។ តាមរយៈវោហារសព្ទនយោបាយ និងសកម្មភាពជាក់ស្តែង មួយថ្ងៃៗ គេនិយាយតែពីការបិទច្រមុះខ្មែរ ផ្តាច់ជំនួយ និងផ្តាច់ទំនាក់ទំនងគ្រប់កម្រិត និងគ្រប់វិស័យ។

តាំងពីចុងខែឧសភាឆ្នាំមុន គេបានបង្កហេតុដោយចូលមកបាញ់សម្លាប់កងទ័ពយើងម្នាក់នៅក្នុងលេណដ្ឋានឱ្យបាត់បង់ជីវិតយ៉ាងអយុត្តិធម៌។ ចាប់តាំងពីពេលនោះមក គេបានបង្កហេតុជាបន្តបន្ទាប់ ហើយឈានទៅដល់ការបិទព្រំដែនជាឯកតោភាគី។ នៅក្នុងប្រទេសគេឯណោះវិញ ក៏មានសំឡេងពីគ្រប់ច្រកល្ហក អំពាវនាវឱ្យផ្តាច់អគ្គិសនី ផ្តាច់អ៊ីនធឺណិត បិទការនាំចូលប្រេងឥន្ធនៈ និងបញ្ឈប់ការនាំចូលទំនិញពីថៃសព្វបែបយ៉ាង។ គេគិតថា ការបិទច្រមុះខ្មែរបែបនេះ នឹងធ្វើឱ្យសេដ្ឋកិច្ចខ្មែរដួលរលំ ហើយប្រជាជនខ្មែរនឹងស្លាប់ក្នុងរយៈពេលបីខែ។ គេបានមើលងាយខ្មែរយើងថា ជាប្រទេសតូច ក្រីក្រ និងមានប្រជាជនកន្លះប្រទេសជាអ្នកសុំទាន ហើយបើគ្មានថៃ ខ្មែរនឹងដាច់ពោះស្លាប់មិនខាន។ គេទម្លាក់កម្រិតទំនាក់ទំនងការទូតជាឯកតោភាគីដល់កម្រិតលេខាទូតទី២។
ជាងនេះទៅទៀត ប្រជាជនថៃជ្រុលនិយមមួយចំនួន បានធ្វើទុកបុកម្នេញ រើសអើង និងប្រើអំពើហិង្សាសព្វបែយ៉ាងលើប្រជាជន និងពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ។ ទន្ទឹមនឹងនោះ អាជ្ញាធរថៃ និងក្រុមហ៊ុនថៃមួយចំនួន ក៏បានស្វែងរកលេស និងប្រើល្បិចកលដើម្បីបណ្ដេញពលករខ្មែរ ឱ្យត្រឡប់មកស្រុកវិញ ដោយគេរំពឹងថា ពលករទាំងនោះ នឹងអត់ការងារធ្វើ ក្លាយជាអ្នកសុំទាន ហើយចុងក្រោយត្រូវបង្ខំចិត្តត្រឡប់ទៅរកការងារនៅថៃវិញ។ កាន់តែធ្ងន់ធ្ងរទៀតនោះ កាលម្សិលមិញនេះ មានសមាជិកព្រឹទ្ធសភាថៃមួយរូប បានលើកសំណើឱ្យផ្តាច់ជំនួយ និងផ្ដាច់ទំនាក់ទំនងគ្រប់កម្រិត និងគ្រប់វិស័យជាមួយខ្មែរទៀតផង។

ប៉ុន្តែ ឥឡូវនេះ រយៈពេលជាងមួយឆ្នាំបានកន្លងផុតទៅហើយ តើសេដ្ឋកិច្ចខ្មែរដួលរលំដូចគេថាទេ? តើប្រជាជនខ្មែរដាច់ពោះស្លាប់ទេ? តើពលករខ្មែរដែលត្រឡប់មកស្រុកវិញ ក្លាយជាអ្នកសុំទានដូចគេរំពឹងទេ? តើខ្មែរខ្វះប្រេងឥន្ធនៈ ឬគ្មានអ៊ីនធឺណិតប្រើដូចគេគិតទេ? តើខ្មែរឯកោពីពិភពលោកខាងក្រៅទេ? ដូច្នេះ តើនេះឬដែលគេហៅថា ខ្មែរបិទច្រមុះថៃ?
ការពិត ខ្មែរមិនដែលគិត និងមិនដែលធ្វើសកម្មភាពក្នុងគោលបំណងបិទច្រមុះថៃឡើយ។ ខ្មែរគ្រាន់តែធ្វើតបតាមអ្វីដែលថៃបានចាប់ផ្តើមមុនតែប៉ុណ្ណោះ ពោល គឺខ្មែរគ្រាន់តែយកនំថៃ ឱ្យថៃហូបវិញតែប៉ុណ្ណោះ។ គេបិទព្រំដែនជាឯកតោភាគី យើងគ្រាន់តែធ្វើតាមក្រោយប៉ុណ្ណោះ ហើយក៏មិនដែលនិយាយរឿងបើកព្រំដែនឡើងវិញម្តងណាឡើយ, ព័ត៌មានរឿងបិទរឿងបើក គឺចេញមកតែពីខាងភាគីថៃខ្លួនឯង។ គេប្រកាសកាត់អគ្គិសនី និងអ៊ីនធឺណិត យើងក៏ផ្តាច់ខ្លួនឯង មិនបាច់រង់ចាំឱ្យគេមកកាត់ទេ។ គេប្រកាសបិទការនាំចូលប្រេងឥន្ធនៈ យើងក៏បញ្ឈប់ការនាំចូលទាំងស្រុង។ គេប្រកាសបិទការនាំចូលស្បៀងអាហារ យើងក៏បញ្ឈប់ការនាំចូលបន្លែ ផ្លែឈើ ត្រី សាច់ និងគ្រឿងកំប៉ុងពីគេវិញ។ រីឯ ពលករយើងវិញ មិនបានវិលត្រឡប់ទៅការងារធ្វើក្នុងប្រទេសថៃវិញដូចគេគិតឡើយ។ ពួកគាត់ភាគច្រើនមានការងារធ្វើក្នុងស្រុក និងបង្កើតមុខរបរផ្ទាល់ខ្លួន។ បើនិយាយពីទំនាក់ទំនងការទូតវិញ ខ្មែរមិនមែនមានទំនាក់ទំនងតែជាមួយថៃទេ ខ្មែរមានទំនាក់ទំនងជាមួយប្រទេសនានាជាច្រើនទាំងក្នុងតំបន់និងសកលលោក។ នេះមិនមែនជាការបិទច្រមុះថៃទេ តែជាការឆ្លើយតបចំពោះសម្ពាធដែលគេបានដាក់មកលើយើង ពោល គឺថៃទេដែលបានបាចអង្កាមច្រាសខ្យល់មកលើយើងមុន។ ប្រជាជនថៃមួយចំនួន កំពុងច្រឡំសម័យកាល ដោយគេគិតថា ស្ថានភាពខ្មែរបច្ចុប្បន្ន គឺស្ថានខ្មែរក្រោយឆ្នាំ១៩៧៩។

ខ្មែរយើងជាប្រទេសតូចណាស់ មិនដែលមានបំណងទៅបិទច្រមុះ ឬបិទមាត់អ្នកណាឡើយ។ ប៉ុន្តែ ក្នុងពេលប្រឈមមុខនឹងការប្រមាថ និងសម្ពាធពីខាងក្រៅ និងភាពអាម៉ាស់របស់ប្រជាជាតិ យើងត្រូវតែប្រឹងរស់ ប្រឹងរីកចម្រើន និងប្រឹងរួបរួមគ្នាជាធ្លុងមួយ។ យើងមិនត្រូវបែកបាក់គ្នាក្នុងមហាគ្រួសារខ្មែរទេ។ យើងត្រូវប្រមូលផ្តុំកម្លាំងកាយ ប្រាជ្ញា ស្មារតី និងមនសិការជាតិ ដើម្បីកសាង និងពង្រឹងសមត្ថភាពជាតិលើគ្រប់វិស័យ។ មានតែភាពរឹងមាំរបស់ជាតិប៉ុណ្ណោះ ដែលអាចធ្វើឱ្យជាតិសាសន៍ដទៃលែងហ៊ានប្រមាថឈ្លានពានយើង និងធានាបាននូវឯករាជ្យ ស្វ័យភាព អធិបតេយ្យ និងបូរណភាពទឹកដីរបស់យើងបាន៕
ដោយ៖ បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


