Connect with us

ព័ត៌មានជាតិ

ប្រធានមន្ទីរដែនដីខេត្តកំពត ជំរុញមន្ត្រីបន្តការអនុវត្តការងារវាស់វែង និងចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋឲ្យបានឆាប់នៅចុងឆ្នាំ២០២៥

បានផុស

នៅ

លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានធ្វើការជំរុញ និងលើកទឹកចិត្តដល់មន្ត្រីទាំងអស់ត្រូវរួមគ្នាអនុវត្តការងារវាស់វែង និងចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋឱ្យបានល្អប្រសើរ ដើម្បីឈានទៅបញ្ចប់ការរវាស់វែង និងចេញបណ្ណនៅចុងឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការគ្រប់ផ្នែក នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពត កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោក ព្រាប សុផាត បានលើកឡើងថា ដោយមានការសហការពីសំណាក់ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីគ្រប់ផ្នែកនៃមន្ទីរដែនដី ក្នុងការអនុវត្តនូវគោលនយោបាយដីធ្លីដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល ការចង្អុលបង្ហាញពីសំណាក់លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត មន្ទីរបានធ្វើការចុះវាស់វែង ចុះបញ្ជី និងការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនពលរដ្ឋក្នុងខេត្តសម្រេចបានប្រមាណជាង ៦៧ម៉ឺនក្បាលដី ដែលស្មើនឹងជាង ៩៨​ភាគរយ លើក្បាលដីសរុបប្រមាណជាង ៧៧ម៉ឺនក្បាលដីនៅទូទាំងខេត្ត ហើយមន្ទីរគ្រោងនឹងបញ្ចប់ការវាស់វែង និងចែកប័ណ្ណជូនពលរដ្ឋនៅបំណាច់ឆ្នាំ២០២៥ខាងមុខនេះ។

ប្រធានមន្ទីរប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានបន្តថា សមិទ្ធិផលការងារដែលសម្រេចបានកន្លងមកនេះ គឺដោយសារមានការខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញគ្រប់ផ្នែក ក៏ដូចជាថ្នាក់ដឹកនាំមន្ទីរ ដែលនេះបានបង្ហាញឱ្យឃើញពីសាមគ្គីភាពបានល្អក្នុងគោលដៅតែមួយគឺធ្វើយ៉ាងណាពន្លឿននៃការចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋឱ្យបានលឿនបំផុត តាមការចង្អុលបង្ហាញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះដែរ លោក ព្រាប សុផាត ប្រធានមន្ទីរក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីទាំងអស់ ដែលកន្លងមកបានលះបង់ពេលវេលា កម្លាំងចិត្ត កម្លាំងកាយ មិនថាជួបការលំបាកយ៉ាងណាក៏មិនរុញរាក្នុងការបំពេញភារកិច្ចក្នុងកិច្ចការងារចុះវាស់វែងដីធ្លីជូនពលរដ្ឋនៅគ្រប់មូលដ្ឋាន ដើម្បីឈានទៅសម្រេចបានការចេញប័ណ្ណកម្មសិទ្ធិជូនពួកគាត់។

លោកប្រធានមន្ទីរក៏បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីគ្រប់ផ្នែកទាំងអស់ត្រូវបន្តរួមគ្នាអនុវត្តការងារនេះឱ្យបានល្អប្រសើរបន្ថែមទៀត ដើម្បីឈានទៅបញ្ចប់ការរវាស់វែង និងចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋឱ្យបានរួចរាល់នៅចុងឆ្នាំ២០២៥ខាងមុខ។ លោកក៏បានស្នើដល់មន្ត្រីគ្រប់ផ្នែកទាំងអស់ត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចតាមជំនាញរៀងៗខ្លួនឱ្យបានល្អ បន្តរួមសហការគ្នាដើម្បីឈានទៅសម្រេចបានគោលដៅរួមរបស់មន្ទីរ។

សូមបញ្ជាក់ថា ក្នុងឱកាសនៃពិធីបុណ្យប្រពៃណីជាតិខ្មែរ ដែលមានពិធីបុណ្យចូលឆ្នាំថ្មី និងបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត តែងតែមានកម្មវិធីជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការជារៀងរាល់ឆ្នាំ តាមការណែនាំរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងន័យដើម្បីបង្ហាញពីសាមគ្គីភាព វប្បធម៌ចែករំលែកក្នុងឱកាសបុណ្យប្រពៃណីជាតិខ្មែរផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម