Connect with us

ព័ត៌មានជាតិ

កូនក្ដាមសេះ៨៥ម៉ឺនក្បាល បានលែងចូលដែនសមុទ្រនៅកំពត ដើម្បីបង្កើនចំនួនក្ដាមឡើងវិញ និងលើកម្ពស់ជីវភាពប្រជាសហគមន៍

បានផុស

នៅ

កូនក្ដាមសេះ៨៥ម៉ឺនកូន  ត្រូវបានលែងចូលសហគមន៍នេសាទនៅកំពត នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ នេះ តាមរយៈគម្រោង ការបន្ស៊ាំនិងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) ក្នុងគោលបំណងបង្កើនចំនួនក្តាមសេះនៅក្នុងធម្មជាតិឱ្យកាន់តែច្រើន ស្របពេលតម្រូវការទីផ្សារកើនឡើង និងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍នេសាទតំបន់ឆ្នេរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរកសិកម្ម និងរុក្ខាប្រមាញ់ និងនេសាទខេត្តកំពត គូសបញ្ជាក់ថា  ក្តាមសេះ គឺជាផលិតផលសមុទ្រដ៏មានតម្លៃ ដែលជាប្រភពចំណូល និងជាអាហារូបត្ថម្ភដ៏សំខាន់មិនអាចខ្វះបានសម្រាប់ជីវភាពរបស់ប្រជានេសាទក្នុងតំបន់ និងនៅមូលដ្ឋាន  ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើននៃការនេសាទហួសកម្រិត ដើម្បីបំពេញតម្រូវការឈ្មួញ និងការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់មួយចំនួន បានធ្វើឱ្យទិន្នផលក្តាមសេះមានការថយចុះគួរឱ្យព្រួយបារម្ភ ដែលវាអាចប៉ះពាល់ដល់តុល្យភាពប្រព័ន្ធអេកូឡូស៊ី និងសេដ្ឋកិច្ចរបស់ប្រជានេសាទផ្ទាល់តែម្តង។

លោក សង្កត់ធ្ងន់ថា៖«ការលែងកូនក្តាមសេះចំនួន៨៥ម៉ឺនក្បាលនាពេលនេះ មិនមែនគ្រាន់​តែជាព្រឹត្តិការណ៍ជានិមិត្តរូបនោះទេ ប៉ុន្តែគឺជាសកម្មភាពជាក់ស្តែងក្នុងការរួមចំណែកស្តារ និងបង្កើតផលស្តុកសម្រាប់ធនាគារក្តាមសេះក្នុងតំបន់ឆ្នេរប្រកបដោយចីរភាព ជាទ្រព្យសម្បត្តិរួម ជាឆ្នាំងបាយរបស់បងប្អូនទាំងអស់គ្នា និងជាកន្លែងសម្រាប់មេពូជក្តាមមានឱកាសជម្រុះកូន និងរីកលូតលាស់ដោយសុវត្ថិភាព មុននឹងឈានទៅដល់ការប្រមូលផលប្រកបដោយការទទួលខុសត្រូវ។ »។

កម្មវិធីលែងកូនក្ដាមនាពេលនេះស្ថិតក្រោមគម្រោង CamAdapt។ គម្រោង CamAdapt ដែលជាគម្រោងទទួលបានជំនួយហិរញ្ញប្បទានពីមូលនិធិបរិស្ថានសកល អង្គការ FAO បានបំពេញការងារយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូផ្សេងៗ ក៏ដូចជាសហគមន៍នេសាទនានាក្នុងគោលដៅលើកកម្ពស់ភាពធន់នឹងការប្រែប្រួលអាកាសធាតុសម្រាប់ប្រជាជន ប្រមាណ១០០,០០០នាក់ ព្រមទាំងជួយរួមចំណែកគាំទ្រដល់ការការពារប្រព័ន្ធអេកូឡូស៊ីលើផ្ទៃដីប្រមាណ ៨២,០០០ហិកតាសម្រាប់ខេត្តនៅជាប់តំបន់ឆ្នេរ។

តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា (FAO) លោកស្រី Rebekah Bell  គូសបញ្ជាក់ថា កម្មវិធីលែងក្តាមសេះចំនួន ៨៥០,០០០ក្បាលនាថ្ងៃនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំក្នុងការជួយស្តារ ធនធានជលផលសមុទ្រនៅតាមតំបន់ឆ្នេរ។ កាលពីដើមឆ្នាំនេះ កូនក្តាមសេះចំនួន ៣៤០,០០០ក្បាលត្រូវបាន លែងនៅខេត្តកែប ហើយនៅពេលគម្រោងជិតបញ្ចប់នឹងមានការលែងកូនក្តាមសេះចំនួន៣,០០០,០០០ក្បាល បន្ថែមទៀតនៅតាមបណ្តាខេត្តទាំងបួនរបស់គម្រោង រួមមាន ខេត្តកែប កំពត កោះកុង និងព្រះសីហនុ។ នេះគឺជា ការរួមចំណែកជួយជំរុញវិស័យជលផលឱ្យកាន់តែមានភាពប្រសើរ ក៏ដូចជាលើកកម្ពស់ជីវភាព និងបង្កើនភាពធន់ ដល់សហគមន៍តំបន់ឆ្នេរ។

រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឃុន សាវឿន  ចាត់ទុកការលែងកូនក្តាមសេះ៨៥ម៉ឺនក្បាលនាពេលនេះ  ជាព្រឹត្តិការណ៍ដែលមានសារៈសំខាន់ ស្តែងចេញពីការរួមគិត រួមធ្វើ រវាងស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ គឺអង្គការ FAO តាមរយៈគម្រោង ការបន្ស៊ាំនិងភាពធន់នឹងអាកាសធាតុនៃសហគមន៍ពឹងអាស្រ័យលើធនធានជលផលនៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា (CamAdapt) មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ (MARDec) និងសហគមន៍មូលដ្ឋាន មានបំណងគាំទ្រដល់ការស្តារឡើងវិញនូវធនធានក្តាមសេះនៅក្នុងធម្មជាតិ ស្របពេលតម្រូវការទីផ្សារមានការកើនឡើង និងដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍នេសាទតំបន់ឆ្នេរ ឱ្យកាន់តែមានភាពធន់ ស្ថិរភាព និងនិរន្តរភាពសេដ្ឋកិច្ចគ្រួសារ។


ដើម្បីឱ្យការលែងកូនក្តាមសេះនាពេលនេះទទួលបានផលផ្លែផ្កាពិតប្រាកដទៅថ្ងៃអនាគត មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំឱ្យមន្ត្រីពាក់ព័ន្ធ និងសហគមន៍បន្តយាមល្បាត និងទប់ស្កាត់ការនេសាទខុសច្បាប់ ជាពិសេសក្នុងតំបន់លែងកូនក្តាម ដើម្បីឱ្យមានលទ្ធភាពលូតលាស់ដល់វ័យបន្តពូជ និងបង្កើនធនធានក្នុងធម្មជាតិឱ្យមាននិរន្តរភាព។ ប្រជាសហគមន៍ត្រូវនេសាទដោយការទទួលខុសត្រូវ កាត់បន្ថយផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីសមុទ្រ មិនប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ឬឧបករណ៍បង្ករការបំផ្លិចបំផ្លាញដល់ធនធានជលផល និងជម្រកធម្មជាតិរបស់វារីសត្វ ក្នុងករណីនេសាទបានក្តាមសេះមានពង (ក្តាមពងខាងក្រៅស្នូក) ត្រូវលែងចូលក្នុងសមុទ្រវិញ ឬប្រគល់ជូនធនាគារក្តាម ឬសហគមន៍ ។  រីឯស្ថាប័នជំនាញត្រូវបន្តការស្រាវជ្រាវ និងការផលិតពូជ និងពង្រឹងភាពជាដៃគូជាមួយអង្គការ ស្ថាប័នពាក់ព័ន្ធ ។

មន្ត្រីជាន់ខ្ពស់រូបនេះ សង្កត់ធ្ងន់ថា៖«ការការពារ និងអភិរក្សធនធានជលផលសមុទ្រ មិនមែនជាកាតព្វកិច្ចរបស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែវាជាការទទួលខុសត្រូវរួមពីយើងទាំងអស់គ្នា។ កូនក្តាមសេះដែលយើងលែងនៅថ្ងៃនេះ គឺជាការវិនិយោគសម្រាប់អនាគត ដែលនឹងរួមចំណែកបង្កើនធនធានជលផលសមុទ្រ បង្កើតប្រភពចំណូល និងពង្រឹងសន្តិសុខស្បៀងសម្រាប់សហគមន៍ និងកូនចៅរបស់យើងជំនាន់ក្រោយ។»។

ក្ដាមសេះ គឺជាធនធានជលផលសមុទ្រដ៏មានតម្លៃសម្រាប់កម្ពុជា និងជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាសហគមន៍នៅតាមតំបន់ឆ្នេរ។  តាមការស្រាវជ្រាវ ក្ដាមសេះញីមួយក្បាលអាចបង្កកំណើតពងបានរហូតដល់ជាង២លានក្បាល ដែលនេះវាសបញ្ជាក់អំពីសារៈសំខាន់នៃការរួមចំណែកការពារ និងស្ដារឡើងវិញនូវចំនួនក្ដាមសម្រាប់ទៅពេលអនាគត៕

ដោយ៖ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម