Connect with us

ព័ត៌មានជាតិ

ឥណ្ឌូនេស៊ី កំពុងពិនិត្យលទ្ធភាពរៀបចំការបង្កើតមជ្ឈមណ្ឌល និងបង្រៀនភាសាឥណ្ឌូនេស៊ីនៅក្នុងសាកលវិទ្យាល័យកម្ពុជា

បានផុស

នៅ

សាធារណរដ្ឋឥណ្ឌូនេស៊ី បាននិងកំពុងពិនិត្យលទ្ធភាពរៀបចំការបង្កើតមជ្ឈមណ្ឌល និងបង្រៀនភាសាឥណ្ឌូនេស៊ីនៅក្នុងសាកលវិទ្យាល័យនានានៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំប្រទេសទាំងពីរកាន់តែប្រសើរឡើងបន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងនេះត្រូវបានលើកឡើងកាលពីរសៀលថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ ក្នុងឱកាសលោកបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា បានជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅទីស្តីការក្រសួង។

នៅក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូត បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់នូវកិច្ចសហការគាំទ្រប្រកបដោយការយកចិត្តទុកដាក់ពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា នាពេលកន្លងមក និងបានបង្ហាញពីការប្តេជ្ញាចិត្តបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំជាច្រើនបន្ថែមទៀតនាពេលខាងមុខ។

លោកឯកអគ្គរដ្ឋទូត បានបន្តថា តាមរយៈជំនួបនេះ ប្រធានបទសំខាន់ៗ ជាច្រើន ត្រូវបានលើកយកមកពិភាក្សា ដូចជាឱកាសសិក្សានៅប្រទេសឥណ្ឌូនេស៊ីតាមរយៈអាហារូបករណ៍របស់រដ្ឋាភិបាលឥណ្ឌូនេស៊ី (អាហារូបករណ៍ KNB, Darmasiswa និងអាហារូបករណ៍ជំនួយឥណ្ឌូនេស៊ី -TIAS) និងកម្មវិធីផ្លាស់ប្តូរការបទពិសោធ (Exchange Program) សម្រាប់សិស្ស-និស្សិត និងមន្ត្រីរាជការ។ ស្វែងយល់ពីកិច្ចសហប្រតិបត្តិការក្នុងការបង្កើតមូលដ្ឋានទិន្នន័យសម្រាប់និស្សិតកម្ពុជានៅប្រទេសឥណ្ឌូនេស៊ី។ ពិនិត្យលទ្ធភាពរៀបចំការបង្កើតមជ្ឈមណ្ឌលឥណ្ឌូនេស៊ី ដោយសហការជាមួយសាកលវិទ្យាល័យនៅកម្ពុជា និងការបង្រៀនភាសាឥណ្ឌូនេស៊ីនៅក្នុងសាកលវិទ្យាល័យកម្ពុជា។ ការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈការបង្កើតសមាគមនិស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាពីប្រទេស​ឥណ្ឌូនេស៊ី និងការជំរុញទំនាក់ទំនងលើកម្មវិធីអភិវឌ្ឍន៍យុវជន និងកីឡារវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចូលរួមចំណែកគាំទ្រដល់រាល់ផែនការសកម្មភាពអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសចំពោះការប្តេជ្ញាចិត្តបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយបានរំលេចនូវសមិទ្ធផល នៃគម្រោងកិច្ចសហប្រតិបត្តិការផ្នែកអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស ចាប់តាំងពីឆ្នាំ ១៩៩៤ មក តាមរយៈការផ្តល់អាហារូបករណ៍របស់រដ្ឋាភិបាលឥណ្ឌូនេស៊ីដល់និស្សិត-មន្ត្រីកម្ពុជា ទៅបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា (Master) និងចូលរួមវគ្គសិក្សាខ្លីជាច្រើន , កិច្ចសហប្រតិបត្តិការផ្នែកយុវជន , ការចូលរួមព្រឹត្តិការណ៍កីឡា , កិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងឥណ្ដូនេស៊ី ដែលមានគោលដៅដើម្បីធ្វើការផ្លាស់ប្តូរនិស្សិត បុគ្គលិក សាស្ត្រាចារ្យលើការសិក្សា ការចុះកម្មសិក្សា ព្រមទាំងការចូលរួមក្នុងសកម្មភាពសហគមន៍ និងវប្បធម៌ផ្សេងៗទៀត។

លោកឧបនាយករដ្ឋមន្ត្រី បានឯកភាពលើសំណើរៀបចំឱ្យមានសមាគមនិស្សិតកម្ពុជាបញ្ចប់ការសិក្សាពីប្រទេស ឥណ្ឌូនេស៊ី ក៏ដូចជាការសម្របសម្រួលជួយផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយពីឱកាសអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌូនេស៊ីទៅកាន់សហគមន៍សិស្ស-និស្សិត និងមន្ត្រីរាជការកម្ពុជា ព្រមទាំងបន្តពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែសម្បូរបែបបន្ថែមទៀត តាមរយៈការបង្កើនកម្មវិធីផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមក និងការលើកកម្ពស់ទំនាក់ទំនងលើវិស័យកីឡានៃប្រទេសទាំងពីរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម