Connect with us

ព័ត៌មានអន្ដរជាតិ

នេប៉ាល់ ចាប់ផ្តើមកាន់ទុក្ខ បន្ទាប់ពីប្រទេសត្រូវខ្ទេចខ្ទី ដោយសារបាតុកម្មដ៏សាហាវ

បានផុស

នៅ

ក្រោយបាតុកម្មរង្គើប្រទេសនិងទាក់ទាញចំណាប់អារម្មណ៍ទូទាំងពិភពលោកនោះ ពេលនេះនេប៉ាល់ បានចាប់ផ្តើមកាន់ទុក្ខចំពោះមនុស្សស្លាប់ ខណៈតួលេខចុងក្រោយបង្ហាញថា អ្នកបាត់បង់ជីវិតក្នុងការតវ៉ាដ៏អាក្រក់បំផុត កើនដល់ ៧៣នាក់។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ Arab News នៅថ្ងៃពុធទី១៧ខែកញ្ញាឆ្នាំ២០២៥, ទង់ជាតិនេប៉ាល់នៅទូទាំងប្រទេសត្រូវបង្ហូតពាក់កណ្តាលដង ហើយក៏មានការធ្វើពិធីអធិស្ឋាននៅទីតាំងមួយចំនួនផងដែរ។

បាតុកម្មដឹកនាំដោយក្រុមយុវជនដែលគេហៅថា «Gen Z» បានធ្វើឲ្យប្រទេសត្រូវខ្ទេចខ្ទី ធ្លាក់ចូលក្នុងវិបត្តិនិងភាពចលាចលដ៏វឹកវរ មិនងាយនឹងស្តារឡើងវិញបាន។

(រូបថត៖ Reuters)

ការតវ៉ាបានផ្ទុះឡើងក្នុងរដ្ឋធានី កដ្ឋមណ្ឌូ បន្ទាប់ពីរដ្ឋាភិបាលដាក់ចេញ​ការហាមឃាត់លើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរួមមាន Facebook, X និង YouTube។ ក្រោយមក បាតុកម្មក៏ប្រែក្លាយទៅជាអំពើហិង្សា បញ្ឆេះកំហឹងយ៉ាងខ្លាំងក្លា​ជុំវិញវិសមភាព និងសិទ្ធិនយោបាយ ដោយក្រុមបាតុករបានដុតអគារសភា លំនៅដ្ឋានប្រធានាធិបតី និងអាជីវកម្ម។

បាតុករក៏តាមកំណត់គោលលើមន្ត្រីនានាផងដែរដោយចោទប្រកាន់ជុំវិញអំពើពុករលួយ ឈានដល់ការទាត់ធាក់ និងដុតសម្លាប់ភរិយារបស់អតីតនាយករដ្ឋមន្ត្រីនៅក្នុងផ្ទះ យ៉ាងឃោរឃៅផងដែរ។

(រូបថត៖ Reuters)

យ៉ាងណា ស្ថានការណ៍បានថយកម្តៅបន្តិចក្រោយ​នាយករដ្ឋមន្ត្រី Khadga Prasad Oli លាលែងពីតំណែង ហើយអតីតប្រធានតុលាការកំពូលលោកស្រី Sushila Karki ត្រូវតែងតាំងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន ធ្វើ​ឲ្យលោកស្រីក្លាយជាស្ត្រីដំបូងគេដែលដឹកនាំរដ្ឋាភិបាលរបស់​ប្រទេស​អាស៊ី​ខាង​ត្បូង​មួយ​នេះ។

លោកប្រធានាធិបតី Ram Chandra Poudel បានរំលាយសភា និងកំណត់ការបោះឆ្នោតថ្មីនៅថ្ងៃទី​៥​ខែមីនា​ឆ្នាំ​២០២៦ តាមអនុសាសន៍របស់លោកស្រី Karki៕

(រូបថត៖ Reuters)

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ចំនួន​អ្នក​ស្លាប់​ក្នុងបាតុកម្ម​នៅ​នេប៉ាល់​កើន​ដល់ ៧២​នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម