Connect with us

ព័ត៌មានអន្ដរជាតិ

យន្តហោះតួកគី ឆេះកង់ ពេលចុះចតនៅ​នេប៉ាល់ ធ្វើឱ្យផ្អើលឆោឡោពេញទីក្រុង

បានផុស

នៅ

នា​ព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា នេះ មានហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយ បានកើតឡើងនៅព្រលានយន្តហោះអន្តរជាតិ Tribhuvan ប្រទេសនេប៉ាល់ នៅពេលដែលយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍​តួកគី​អ៊ែរឡាញ បានឆាបឆេះកង់ផ្នែកខាងក្រោមភ្លាមៗ បន្ទាប់ពីចុះចតដល់ដី។

(រូបថត៖ X)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​សារព័ត៌មាន AnewZ ហេតុការណ៍នេះ បានបង្កឱ្យមានការរំខានដល់ប្រតិបត្តិការហោះហើរពេញមួយព្រលានយន្តហោះ ខណៈដែលក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រញាប់ប្រញាល់ចេញទៅអន្តរាគមន៍។

នៅក្នុងស្ថានភាពដ៏អាសន្ននោះ អ្នកដំណើរទាំងអស់ ត្រូវបានជម្លៀសចេញ តាមច្រកទ្វារអាសន្នយ៉ាងប្រញាប់ប្រញាល់បំផុត ដើម្បីសុវត្ថិភាព ស្របពេលដែលកងកម្លាំងពន្លត់អគ្គិភ័យ បានខិតខំយ៉ាងខ្លាំង ដើម្បីបាញ់ពន្លត់អណ្តាតភ្លើង ដែលកំពុងឆាបឆេះនៅត្រង់កង់យន្តហោះ។ លោក Raj Kumar Silwal មន្ត្រីនៅទីនោះបានបញ្ជាក់ថា មនុស្សទាំងអស់នៅលើយន្តហោះប្រភេទ Airbus A333 ដែលហោះហើរមកពីទីក្រុងអ៊ីស្តង់ប៊ុល រួមមានអ្នកដំណើរ ២៧៦នាក់ និងក្រុមការងារយន្តហោះ ១១នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព គ្មាននរណាម្នាក់រងគ្រោះថ្នាក់ដល់ជីវិតឡើយ។

ដោយសារតែយន្តហោះ បានជួបបញ្ហានៅចំកណ្តាលផ្លូវរត់ (Runway) តែម្តង វាក៏បានបង្ខំឱ្យព្រលានយន្តហោះអន្តរជាតិដ៏សំខាន់របស់នេប៉ាល់មួយនេះ ត្រូវផ្អាកការហោះឡើង និងការចុះចតរបស់យន្តហោះផ្សេងៗជាបណ្តោះអាសន្ន។ លោក Gyanendra Bhul មន្ត្រីព័ត៌មាននៃអាជ្ញាធរអាកាសចរស៊ីវិលនេប៉ាល់ បានឱ្យដឹងថា បន្ទាប់ពីគ្រប់គ្រងស្ថានការណ៍អគ្គិភ័យបានទាំងស្រុង ក្រុមការងារបច្ចេកទេស កំពុងប្រញាប់ប្រញាល់អូសយន្តហោះនោះចេញពីផ្លូវរត់ទៅកាន់កន្លែងចត ដើម្បីអាចបើកដំណើរការព្រលានយន្តហោះឡើងវិញបានក្នុងពេលឆាប់ៗ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម