Connect with us

ព័ត៌មានជាតិ

ព្រះសង្ឃ និង​ពលរដ្ឋ​រួម​គ្នា​ជួសជុលស្ពានឈើមួយកន្លែង សម្រួល​ការធ្វើដំណើរពលរដ្ឋ​អំឡុង​បុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

ព្រះសង្ឃនិង​ប្រជាពលរដ្ឋ រស់នៅភូមិអន្ទង់វៀន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បានប្រមូលផ្ដុំគ្នាក្លាយជាកម្លាំងសាមគ្គីរួមគ្នាជាធ្លុងមួយ ធ្វើការជួសជុលស្ពានឈើមួយកន្លែងដែលរងការទ្រុឌទ្រោម​ មិនអាចធ្វើដំណើរឆ្លងកាត់បាន ខណៈផ្លូវវាងនៅចំណុចទីតាំងនោះ ត្រូវបានជន់លិចដោយសារភ្លៀងធ្លាក់ជាបន្តបន្ទាប់ ធ្វើឱ្យប្រជាពុទ្ធបរិស័ទរពិបាកធ្វើដំណើរឆ្លងកាត់ទៅវត្ត។

ការជួសជុលស្ពានឈើមួយនេះ ធ្វើឡើងក្រោមគំនិតផ្តួចផ្ដើមដឹកនាំផ្ទាល់ពីព្រះគ្រូ វុទ្ឋី ព្រះគ្រូចៅអធិការវត្តមុនីវណ្ណារាម (ហៅវត្តអន្ទង់វៀន) ដោយចំណាយថវិការបស់វត្តនិងសប្បុរសជនមួយចំនួនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់នោះបានបញ្ជាក់ថា ស្ពានឈើមួយនេះរងការខូចខាតទ្រុឌទ្រោមជាខ្លាំងយូរឆ្នាំហើយ និង​​បានជួសជុលប្រើប្រាស់ជាបណ្ដោះអាសន្ន សម្រាប់តែការធ្វើដំណើរថ្មើជើង និងកង់ ម៉ូតូ ឬរថយន្តធុនតូចៗតែប៉ុណ្ណោះ ដោយឡែករថយន្តធំៗអាចដឹកឆ្លងកាត់ផ្លូវវាងខាងក្រោមបាន។

ព្រះគ្រូ វុទ្ឋី ព្រះគ្រូចៅអធិកាវត្តមុនីវណ្ណារាមមានសង្ឃដីកាថា ការជួសជុលធ្វើស្ពាននេះឡើងវិញ ក្នុងគោលបំណង់ដើម្បីសម្រួលការធ្វើដំណើរបស់ពុទ្ធបរិស័ទជិតឆ្ងាយមកបំពេញបុណ្យកុសល ដាក់បិណ្ឌនៅវត្ត។ ម្យ៉ាងទៀត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននៅពេលយប់ ដែលមានបញ្ហាឈឺថ្កាត់អីជាដើម។ ជាពិសេសខែនេះ ជារដូវវស្សាភ្លៀងធ្លាក់ជោគជាំ ពិបាកនៅក្នុងការដំណើរ ហើយទឹកហូរកាត់នៅក្រោមស្ពានខ្លាំង ហើយផ្លូវាងគឺស្ថិតនៅផ្នែកខាងក្រោមស្ពាន ត្រូវបានទឹកជន់លិចមិនអាចឆ្លងកាត់បាន មិនមានជម្រើសនៅក្នុងការធ្វើដំណើរ។

ដូច្នេះហើយទើបបានជាព្រះអង្គ គៀងគរប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត ប្រជាការពារភូមិ ចូលរួមក៏ជាកម្លាំងសាមគ្គី ដើម្បីធ្វើការជួសជុលស្ពាននេះ ដើម្បីប្រើប្រាស់ជាបណ្ដោះអាសន្ន នាអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនេះ និងដើម្បីសម្រួលការធ្វើដំណើរ​មានភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់មកវត្ត ហើយចំពោះការចំណាយថវិការ គឺវត្តជាអ្នករ៉ាប់រងនៅក្នុងការចំណាយ ក្រៅពីនោះក៏មានសប្បុរសជនមួយចំនួនផងដែរ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម