Connect with us

ព័ត៌មានជាតិ

សត្វផ្សោតទន្លេមេគង្គក្នុង​ខេត្តក្រចេះ​ បន្ត​កើនឡើង​ដល់​ជាង ៨០ ក្បាល

បានផុស

នៅ

គិតត្រឹមពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៦ ចំនួនសត្វផ្សោតទន្លេមេគង្គនៅតាមបណ្តោយដងទន្លេមេគង្គក្នុងខេត្តក្រចេះមានចំនួនសរុបពី ៨០ ទៅ ៨៥ ក្បាល ក្នុងនោះរួមមានកូនផ្សោតកើតថ្មីចំនួន ៦ ក្បាល ផងដែរ។ នេះបើ​តាមការឲ្យដឹងពីលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះបានឲ្យដឹងថា តំបន់ការពារនិងអភិរក្សសត្វផ្សោតនៅខេត្តក្រចេះ មានប្រវែងប្រហែល ៨៥ គីឡូម៉ែត្រ ដោយចាប់ផ្តើមពីក្បាលកោះទ្រង់ រហូតដល់ព្រំប្រទល់​ខេត្តស្ទឹងត្រែង ចែកជាពីតំបន់ គឺតំបន់ស្នូល និងតំបន់ត្រឡប់។ ក្នុងតំបន់នោះ មានអន្លង់សរុបចំនួន ៦២ អន្លង់ ដែលមានសត្វផ្សោតរស់នៅចំនួន ៥ កន្លែងសំខាន់ៗ

ជាមួយគ្នានោះដែរ ក្នុងរយៈពេល ៦ ខែ ដូចគ្នា ចាប់ពីខែមករា ដល់ពាក់កណ្តាលខែមិថុនា កម្លាំងឆ្មាំទន្លេ ដោយមានការសហការជាមួយមន្ត្រីខណ្ឌរដ្ឋបាលជលផល អាជ្ញាធរមូលដ្ឋាន នគរបាលប៉ុស្តិ៍រដ្ឋបាល និងកម្លាំងពាក់ព័ន្ធ ព្រមទាំងមានការគាំទ្រពីអង្គការ WWF បានចុះល្បាត និងបង្ក្រាបបទល្មើសនេសាទបានជាច្រើនករណី។

ដូចជា បទល្មើសឆក់ត្រី ត្រូវបានបង្ក្រាបបានចំនួន ៥ ករណី វត្ថុតាងដែលដកហូតបានរួមមាន៖ ម៉ាស៊ីនបំប្លែងចរន្តអគ្គិសនី (អាំងវែទ័រ) ឆក់ត្រីចំនួន ៤ គ្រឿង, អាគុយ ៥ គ្រឿង, ខ្សែភ្លើង ១០០ ម៉ែត្រ, កន្ត្រកដងត្រី ៣, មងសរុបចំនួន ៦៦ ត្បូង (ស្មើនឹង ៤,០០០ ម៉ែត្រ) និងសន្ទូចនីឡុងចំនួន ២៧ ខ្សែ (ស្មើនឹង ២,២០០ ម៉ែត្រ)។

ទោះបីជាយ៉ាងណាក្តី លោក ម៉ុក ពន្លក បានឲ្យដឹងថា ក្រុមការងារឆ្មាំទន្លេ នៅតែជួបប្រទះនូវបញ្ហាប្រឈមជាច្រើន។ សកម្មភាពបទល្មើសនេសាទភាគច្រើនកើតឡើងនៅពេលយប់ ហើយជនល្មើសបានប្រើប្រាស់រូបភាពប្រមូលផ្តុំគ្នា ព្រមទាំងប្រើប្រាស់អាវុធដូចជា ដាវសាមូរ៉ៃ កាំភ្លើងខ្យល់ ជំពាមកៅស៊ូបាញ់គ្រាប់ឃ្លី និងទូកម៉ាស៊ីនល្បឿនលឿន។ លើសពីនេះ ការចុះល្បាតក៏ជួបការលំបាកដោយសារកត្តាអាកាសធាតុមិនអំណោយផល ដូចជា ទឹកជួរហូរខ្លាំង ភ្លៀង និងខ្យល់កន្ត្រាក់ រួមទាំងភូមិសាស្ត្រដែលមានលក្ខណៈស្មុគស្មាញ ដែលជាឧបសគ្គដល់ការងារអភិរក្ស។

បើគិតទាំងសត្វផ្សោតនៅខេត្តក្រចេះ និងស្ទឹងត្រែង រួមជាមួយតំបន់ផ្សេងទៀត សត្វផ្សោតទន្លេមេគង្គ​មានចំនួនសរុប ១១៧ ក្បាល។ នេះបង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារ និងភាគីពាក់ព័ន្ធក្នុងការអភិរក្សប្រភេទសត្វជិតផុតពូជដ៏មានតម្លៃនេះ ប្រកបដោយប្រសិទ្ធភាព បើទោះបីជានៅមានបញ្ហាប្រឈមជាច្រើនក៏ដោយ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម