Connect with us

ព័ត៌មានជាតិ

គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​​ផ្លូវ​ទឹក និង​កំពង់ផែ​ចំនួន ៤ ចាយ​ទុន​ខ្ទង់​ពាន់​លាន​ដុល្លារ​កំពុង​ដំណើរការ​សាងសង់​

បានផុស

នៅ

ក្រោម​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ គម្រោង​អភិវឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក ​ផ្លូវ​សមុទ្រ កំពង់ផែ​ចំនួន ៤ កំពុង​អនុវត្ត​ការ​សាងសង់។ នេះ​បើ​តាម​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ បង្ហាញ​​ពី​សមិទ្ធផល​សំខាន់ៗ​សម្រេ​ច​បាន​លើ​វិស័យ​សាធារណការ​​និង​ដឹកជញ្ជូន​​ក្នុង​រយៈពេល ២ ឆ្នាំ នៃរដ្ឋាភិបាល​នីតិកាល​ទី​ ៧ ២០២៣-២០២៥)។ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ទឹក រួម​ទាំង​កំពង់ផែ​ ដែលចាយ​ទុន​សរុប​ខ្ទង់​ពាន់លាន​ដុល្លារ​ដែល​កំពុង​ដំណើរការ​សាងសង់​រួម​មាន​៖

គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​​ប្រវែង​ ១៨០ គីឡូម៉ែត្រ

ក្រោយ​​​បញ្ចប់​ការ​បោះ​បង្គោលនិយាមកា​សរុប​ចំនួន ១៩២៩ បង្គោល​ គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​​កំពុង​ឈាន​ដល់​ដំណាក់កាល​ក្នុង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​លើ​ដំណើរការ​​​សាងសង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងព្រែកជីហ្វូណនតេជោត្រូវ​សាងសង់ឆ្លង​កាត់​ខេត្ត​កណ្ដាល​ ​ខេត្ត​តាកែវ ខេត្តកំពត និង​ខេត្តកែប​ប្រវែង ១៨០ គីឡូម៉ែត្រ គឺជាគម្រោង​ដែល​ចាយ​កញ្ចប់​វិនិយោគ​ដ៏​ធំ​ក្នុងការកែប្រែមុខមាត់កម្ពុជា​​លើ​​វិស័យនាវាចរណ៍។ ចំណាយទុន​ប្រមាណ ១,៧ ពាន់លានដុល្លារអាមេរិក គ្រោង​ប្រើប្រាស់​រយៈពេលសាងសង់​ ៤ ឆ្នាំ គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹកដែល​​ទាញ​ផ្លូវ​ដឹកជញ្ជូន​ពី​សមុទ្រ​ទៅ​ទន្លេ​នេះ នឹង​នាំ​អត្ថ​ប្រយោជន៍ជាច្រើនមហាសាល​ដូចជា កាត់បន្ថយ​រយៈ​ចម្ងាយ​ធ្វើ​ដំណើរ​ ជាពិសេស​​តម្លៃនៃការដឹកជញ្ជូន រួមទាំង​ជំរុញ​ឲ្យមានការ​បង្កើតតំបន់ពាណិជ្ជកម្ម ការរីកចម្រើនផ្នែកអចលនទ្រព្យ និង​បង្កើត​ការងារ​​បន្ថែម​រាប់​ម៉ឺន​កន្លែង​ដល់​ពលរដ្ឋ​ក្នុងមូលដ្ឋាន។

គម្រោង​អភិវឌ្ឍ​កំពង់ផែទឹកជ្រៅ​​ក្រុង​ព្រះសីហនុ

ក្រោយ​ប្រកាស​បើក​ការដ្ឋាន​សាងសង់​ប្រមាណ ២ ឆ្នាំ ដំណើរការ​សាងសង់​កំពង់ផែទឹកជ្រៅជំហាន​ទី ១ នៅ​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ សម្រេច​បាន​ប្រមាណ ៣០%។

​កំពង់ផែ​ទឹកជ្រៅ​​ជំហានទី ១ ​ប្រើប្រាស់​​រយៈពេល​សាងសង់ចំនួន ៣៦ ខែ។ នៅ​ពេល​បញ្ចប់​ដាក់​ឲ្យដំណើរការ​នៅ​ឆ្នាំ ២០២៦ នឹង​ពង្រីក​សមត្ថភាព​អាច​ឱ្យនាវា​កុងតឺន័រដែល​​មាន​ទម្ងន់ផ្ទុក ៦០.០០០ DWT (ឬស្មើនឹង ៤.០០០ TEUs) នៅ​ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដឹកជញ្ជូន​ទៅ​មក​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ។

បន្ទាប់ពីបញ្ចប់ជំហានទី ១ រាជរដ្ឋាភិបាលគ្រោងពង្រីកការសាងសង់ក្នុងជំហានទី២ និងទី ៣ បន្ថែមទៀត។ ជំហានទី ២ នឹង​អាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានចំណុះផ្ទុក ១២ ម៉ឺនតោន ឬស្មើ​នឹង ១ម៉ឺន TEUs មានផ្លូវ​ដឹក​ជញ្ចូន​នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ទៅមកកំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ ហើយ​នឹងបង្កើន​សមត្ថភាព​កំពង់ផែសរុប​រហូត​ដល់​ប្រមាណ​ជាង ១,៨លាន TEUs ក្នុង​មួយ​ឆ្នាំ។

កម្ពុជាដាក់ផែនការ​ប្រែក្លាយ​កំពង់ផែក្រុងព្រះសីហនុឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំ (Hub Port) ក្នុង​តំបន់ តាម​រយៈការអភិវឌ្ឍ​ទាំង ៣ ជំហានជាបន្តបន្ទាប់ ដោយចាយកញ្ចប់​ទឹកប្រាក់សរុបប្រមាណ ៩៧៣ លានដុល្លារ​អាមេរិក។

តាមការសិក្សាគម្រោងសាងសង់ចំណតផែកុងតឺន័រថ្មីទាំង ៣ ជំហាន នឹងប្រែក្លាយ​សមត្ថភាព​កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែល​បច្ចុប្បន្ន​ជាកំពង់ផែ​អន្តរជាតិខ្នាតតូច​ឱ្យទៅជា​កំពង់ផែ​អន្តរជាតិខ្នាតធំ ប្រកប​ដោយភាព​ប្រកួតប្រជែង ដែល​អនុញ្ញាត​ឱ្យនាវាកុងតឺន័រធុនធំពីគ្រប់​តំបន់​នៅក្នុង​ពិភពលោក អាច​ចូលចត​បានដោយ​ងាយស្រួល និង​ឆាប់រហ័ស ដោយ​ពុំ​មាន​ឧបសគ្គ​លើ​ជម្រៅ​ទឹក​ទៀត​ឡើយ។

ក្នុង​គម្រោង​​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​​ផ្លូវ​ទឹក និង​កំពង់ផែ​ ក្រោម​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក​ចំនួន​ពីរ​ទៀត​ក៏​កំពុង​អនុវត្ត​ការ​សាង​សង់​ក្នុង​នោះ​ មាន​គម្រោង​ជីក​ស្តារ​ផ្លូវ​នាវាចរណ៍​ប្រវែង ៣ ៩៥៥ ម៉ែត្រ​ស្ថិត​ក្នុង​ឃុំ​ជ្រោយប្រស់​ស្រុក​កោះកុង​ខេត្ត​កោះកុង និង​គម្រោង​ស្តារ​ផ្លូវ​នាវាចរណ៍​តាឯក​ប្រវែង ១ ០០០ ម៉ែត្រ​ស្ថិត​ក្នុង​ឃុំ​តាឯក​ស្រុកខ្សាច់​កណ្ដាល ខេត្តកណ្ដាល​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម