Connect with us

សេដ្ឋកិច្ច

វិនិយោគិនជាអ្នកទិញលក់រាយជំនាន់ថ្មី៖ ជម្រើសគ្រប់បែប​ក្នុងពេលតែមួយ មាន​ទាំងទ្រព្យសកម្មឌីជីថល មាស ភាគហ៊ុន និងបច្ចេកវិទ្យា AI

បានផុស

នៅ

បែបផែន​​នៃការវិនិយោគរបស់ប្រជាជនសាមញ្ញ​​កំពុង​មានការប្រែប្រួលយ៉ាងខ្លាំង។ នៅទូទាំងតំបន់អាស៊ី អាមេរិកឡាទីន និងអឺរ៉ុប វិនិយោគិនដែលបានចាប់ផ្តើមដំណើរហិរញ្ញវត្ថុរបស់ខ្លួនតាមរយៈគ្រឹះស្ថានជួញដូរទ្រព្យសកម្មឌីជីថល នាពេលបច្ចុប្បន្ននេះ កំពុងតែបង្វែរមកកសាងផលប័ត្រវិនិយោគ របស់ខ្លួនក្នុង​លក្ខណៈស្រដៀងទៅ​នឹងអ្នកគ្រប់គ្រងមូលនិធិអាជីពផងដែរ ដោយមានការបែងចែកទៅតាម​​ប្រភេទទ្រព្យសកម្មចម្រុះ ផ្អែកលើការវិភាគដោយ​ប្រើ​ទិន្នន័យជាក់ស្តែង (Real-time data) និងកាន់តែមានភាពងាយស្រួលជាងមុន​ដោយមាន​ជំនួយ​​ពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

ភស្តុតាងទាំងនេះ ​បានស្ដែងចេញ​​តាមរយៈលទ្ធផលនៃការស្ទង់មតិលើវិនិយោគិនជាង ៦.០០០ នាក់នៅតាមបណ្តាប្រទេសជាច្រើន ហើយ​​បានបោះពុម្ពផ្សាយក្នុងខែឧសភា ឆ្នាំ២០២៦ ដោយក្រុមហ៊ុន Bitget ដែលជាគ្រឹះស្ថានជួញដូរទ្រព្យសកម្មចម្រុះដ៏ធំបំផុតមួយក្នុងពិភពលោក។ លទ្ធផលដែលបានរកឃើញនេះ បានផ្លាស់ប្តូរការយល់ឃើញទូទៅ​​ពីមុនមកដែលគិត​ថា៖ វិនិយោគិនលើទ្រព្យសកម្មឌីជីថល គឺជាក្រុមវិនិយោគិន​ជា​អ្នកហ៊ានប្រថុយមួយ​ប្រភេទផ្សេងពីគេ​​ ដែលមិនពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុទូទៅនោះឡើយ។ ប៉ុន្តែ ទិន្នន័យជាក់ស្តែង​បានបង្ហាញថា ពិភព​ទាំងពីរនេះកំពុងតែរំកិលខិត​ចូលគ្នាយ៉ាងលឿន​។

បច្ចុប្បន្ន ជាងពាក់កណ្តាលនៃវិនិយោគិនដែលបានចូលរួមក្នុងការស្ទង់មតិ ពោល​គឺស្មើនឹង ៥២ ភាគរយ កំពុងតែកាន់កាប់ភាគហ៊ុនក្រុមហ៊ុននានា ព្រមជាមួយ​ផលប័ត្រទ្រព្យសកម្មឌីជីថលរបស់ពួកគេ។ ក្នុងនោះដែរ មាន ៣៥ ភាគរយផ្សេងទៀត កំពុងតែកាន់កាប់មាស ឬលោហៈធាតុមានតម្លៃដទៃទៀត។​ សម្រាប់ទំនិញយុទ្ធសាស្ត្រ ដែល​នាំមុខដោយ «មាស» គឺ​មាន​កំណើនប្រចាំត្រីមាសខ្លាំងជាងគេបំផុត ក្នុងចំណោមប្រភេទទ្រព្យសកម្មបែបប្រពៃណីទាំងអស់នៅ​ដើមឆ្នាំ២០២៦ ដោយបានកើនឡើងពីកម្រិត​ប្រមាណ​​សូន្យភាគរយ ឡើង​រហូតដល់ចន្លោះពី ២០ ទៅ ៤០ ភាគរយ នៃសកម្មភាពជួញដូរសរុបនៅលើគ្រឹះស្ថានជួញដូរទ្រព្យសកម្មចម្រុះធំៗ ក្នុងរយៈពេលត្រឹមតែមួយត្រីមាសប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​មូលហេតុ​ផ្សេងៗគ្នាទៅតាមតំបន់​នីមួយៗ ដែល​នាំ​ឱ្យ​មាន​​ការផ្លាស់ប្តូរនេះ​។ នៅក្នុងតំបន់អាស៊ីបូព៌ា វិនិយោគិនបានលើកឡើងថា សមត្ថភាពក្នុងការទូទាត់ការជួញដូរជាលុយឌីជីថលមានតម្លៃថេរ ​ដែលអាចជៀសវាងការចំណាយលើការប្តូរប្រាក់ គឺជាកម្លាំងចលករចម្បង។ ដោយឡែក នៅក្នុងតំបន់អាមេរិកឡាទីន ៧៨ ភាគរយនៃវិនិយោគិនដែលបានស្ទង់មតិ បានបញ្ជាក់ថា ការបែងចែកហានិភ័យវិនិយោគ និងការការពារប្រឆាំងនឹងអតិផរណា ឬការធ្លាក់ថ្លៃនៃរូបិយប័ណ្ណជាតិ គឺជាមូលហេតុចម្បងដែលនាំឱ្យពួកគេកាន់កាប់ទាំងទ្រព្យសកម្មឌីជីថល និងទ្រព្យសកម្មបែបប្រពៃណីបូករួមគ្នា។ និន្នាការនេះបានឆ្លុះបញ្ចាំងពីតថភាពកាន់តែច្បាស់មួយ ពោលគឺ៖ វិនិយោគិនកំពុងតែឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់របស់ពួកគេ ដោយប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុដែលអាចចូលប្រើប្រាស់បានជាសកល។

តួនាទីរបស់មាសនៅក្នុងការផ្លាស់ប្តូរនេះ គឺជាចំណុច​ដ៏​​គួរឱ្យកត់សម្គាល់បំផុត។ តម្លៃមាសបានហក់ឡើងហួស ៥.០០០ ដុល្លារអាមេរិកក្នុងមួយអោននៅក្នុងដើមឆ្នាំ២០២៦ នេះ ដែលជាការឆ្លើយតបទៅនឹងសម្ពាធអតិផរណាដែលកំពុងបន្តកើតមាន ភាពមិនច្បាស់លាស់ផ្នែកភូមិសាស្ត្រនយោបាយ និងការស្វែងរកទ្រព្យសកម្មទាំងឡាយណាដែលអាចរក្សាតម្លៃបាននៅគ្រប់វដ្តនៃទីផ្សារ។ សម្រាប់វិនិយោគិន​ជា​អ្នកទិញលក់រាយ​ តាមប្រវត្តិសាស្ត្រកន្លងមក ការទិញមាសគឺមានភាពស្មុគស្មាញ ប្រសិនបើមិនឆ្លងកាត់ធនាគារ ឬក្រុមហ៊ុនឈ្មួញជើងសារជំនាញនោះ​។ ប៉ុន្តែនៅពេលនេះ របាំងទាំងនោះកំពុងតែត្រូវបានលុបបំបាត់ចោល។ លោកស្រី ហ្គ្រេស៊ី ឈិន (Gracy Chen) នាយិកាប្រតិបត្តិ​ នៃក្រុមហ៊ុន Bitget បានមានប្រសាសន៍ថា៖ «មាសតែងតែជាចំណុចបង្អែកដ៏សំខាន់រាល់ពេលដែលទីផ្សារជួបភាពមិនច្បាស់លាស់។ ប៉ុន្តែអ្វីដែលកំពុងតែផ្លាស់ប្តូរនាពេលនេះ គឺរបៀបដែលអ្នកប្រើប្រាស់ចូលទៅទិញមាស។ ការជួញដូរកំពុងតែមានភាពបន្តបន្ទាប់ឥតដាច់ និងមានការតភ្ជាប់គ្នាកាន់តែខ្លាំងនៅពាសពេញទីផ្សារ»។

នៅក្នុងថ្ងៃជួញដូរមួយចំនួនក្នុងឆ្នាំនេះ ទ្រព្យសកម្មបែបប្រពៃណី រួមមានដូចជា​ កិច្ចសន្យាជួញដូរមាស រូបិយប័ណ្ណបរទេស និងផលិតផលភាគហ៊ុន ​គឺ​មានទំហំរហូតដល់ទៅ ៤០ ភាគរយ នៃសកម្មភាពជួញដូរសរុបនៅលើគ្រឹះស្ថានជួញដូរទ្រព្យសកម្មចម្រុះធំៗ។ នេះគឺជាការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងរយៈពេល ១២ ខែមុន ដែលកាលនោះសកម្មភាពនៅលើគ្រឹះស្ថានទាំងនេះ គឺប្រមូលផ្តុំស្ទើរតែទាំងស្រុងទៅលើទ្រព្យសកម្មឌីជីថលតែមួយមុខប៉ុណ្ណោះ។

បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) កំពុងតែចូលមកជម្រុញការផ្លាស់ប្តូរឥរិយាបថនេះឱ្យកាន់តែលឿនជាងមុន។ ជាងពាក់កណ្តាលនៃវិនិយោគិនដែលបានស្ទង់មតិ ពោលគឺ ៥១ ភាគរយ ​បាននិយាយថា ពួកគេបាននិងកំពុងប្រើប្រាស់ឧបករណ៍ដើរដោយថាមពល AI រួចជាស្រេចទៅហើយ ដើម្បីជួយគាំទ្រដល់ការសម្រេចចិត្តវិនិយោគរបស់ខ្លួន។ ឧបករណ៍ទាំងនេះមានសមត្ថភាពវិភាគលើការប្រែប្រួលតម្លៃ បកស្រាយរបាយការណ៍ចំណូល និងពិនិត្យតាមដានសញ្ញាម៉ាក្រូសេដ្ឋកិច្ចនៅគ្រប់ប្រភេទទ្រព្យសកម្មក្នុងពេលដំណាលគ្នា ​ដែលកិច្ចការទាំងនេះពីមុនមក ទាមទារឱ្យមានជំនាញច្បាស់លាស់ ឬត្រូវចំណាយប្រាក់យ៉ាងច្រើនដើម្បីទទួលបានសេវាកម្មកម្រិតអាជីព។

ប្រព័ន្ធអេកូឡូស៊ីនៃការជួញដូរតាមរយៈ AI របស់ក្រុមហ៊ុន Bitget បានឈានដល់ចំនួនអ្នកប្រើប្រាស់ជាងមួយលាននាក់នៅក្នុងខែឧសភា ឆ្នាំ២០២៦ ដោយបង្កើតទំហំជួញដូរបានជាង ១,២ ប៊ីលានដុល្លារអាមេរិក (១.២០០ លានដុល្លារ) តាមរយៈឧបករណ៍ជំនួយដើរដោយថាមពល AI ជាង ៥៨ ប្រភេទ។ សមិទ្ធផលដ៏សំខាន់នេះ មិនត្រឹមតែជាតួលេខជោគជ័យផ្នែកពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែ​​គឺជាសញ្ញាណដ៏ច្បាស់មួយដែលបង្ហាញថា៖ ការវិនិយោគដោយមានការជួយជ្រោមជ្រែងពី AI លែងជាការអនុវត្តសម្រាប់តែក្រុមមនុស្សមួយក្តាប់តូចទៀតហើយ ប៉ុន្តែវាកំពុងតែក្លាយជាជម្រើសទូទៅ​។

នៅក្នុងខែមេសា ឆ្នាំ២០២៦ ក្រុមហ៊ុន Bitget បានជាប់ចំណាត់ថ្នាក់លេខពីរទូទាំងសកលលោក នៅក្នុងចំណែកទីផ្សារភាគហ៊ុនមិនមាន​កាល​​កំណត់ (Stock Perpetuals) និងបានកត់ត្រានូវលំហូរចូលសរុបចំនួន ៣៥៩ លានដុល្លារអាមេរិក ​ដែលជាចំណាត់ថ្នាក់លេខពីរក្នុងចំណោមរាល់បណ្តាញប្តូរប្រាក់​មជ្ឈការ (Centralized Exchanges) ទាំងអស់ យោងតាមទិន្នន័យរបស់ DeFiLlama។ លើសពីនេះ គ្រឹះស្ថាននេះក៏ទទួលបានការទទួលស្គាល់ជា «គ្រឹះស្ថានជួញដូរទ្រព្យសកម្មចម្រុះសកលល្អបំផុត» (Best Global Multi-Asset Trading Platform) នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ការជួញដូរអនឡាញ (Online Trading Expo) ក្នុងខែមិថុនា ឆ្នាំ២០២៦។​​

សរុបសេចក្ដី​មក ទិន្នន័យទាំងអស់នេះបានបង្ហាញឱ្យឃើញពីទម្រង់នៃវិនិយោគិនជំនាន់ថ្មី ដែលជាបុគ្គលមានការយល់ដឹងព័ត៌មានកាន់តែច្បាស់ មានការបែងចែកហានិភ័យវិនិយោគកាន់តែល្អ និងមានការប្រើប្រាស់បច្ចេកវិទ្យាជំនួយកាន់តែច្រើន បើប្រៀបធៀបទៅនឹងសម័យកាល​ដទៃ​ទៀត​​នៅក្នុងប្រវត្តិនៃវិស័យហិរញ្ញវត្ថុ​ការទិញលក់​រាយ​។ ព្រំដែនដែលធ្លាប់តែខណ្ឌចែករវាងវិនិយោគិនទ្រព្យសកម្មឌីជីថល ចេញពីអ្នកចូលរួមក្នុងទីផ្សារភាគហ៊ុន ឬអ្នកទិញមាសចេញពីអ្នកជួញដូររូបិយប័ណ្ណ នាពេលនេះកំពុងតែរលាយបាត់បង់ទៅ ​មិនមែនដោយសារតែមានគ្រឹះស្ថានណាមួយបង្កើតវាឡើងនោះទេ ប៉ុន្តែគឺដោយសារតែ​មាន​តម្រូវការ​ជា​ប្រចាំ​ ។ និយាយឱ្យខ្លី ​ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ គឺ​គ្រាន់តែបានអភិវឌ្ឍ​ឡើង​ដើម្បី​បិទភ្ជិត​សេចក្ដីត្រូវការ​ប៉ុណ្ណោះ។ ​

ចំណាំ៖ ការជួញដូរទ្រព្យសកម្មឌីជីថល គឺស្ថិតនៅក្រោមបទប្បញ្ញត្តិនៅក្នុងប្រទេសកម្ពុជា យោងតាមសេចក្តីណែនាំ​​ចេញដោយធនាគារជាតិនៃកម្ពុជា។ អ្នកអានទាំងអស់ គួរសិក្សា​អំពី​បទប្បញ្ញត្តិក្នុងស្រុកដែលមានជាធរមាន និងស្វែងរកការប្រឹក្សាហិរញ្ញវត្ថុឯករាជ្យ មុនពេលចូលរួមពាក់ព័ន្ធជាមួយគ្រឹះស្ថានជួញដូរទ្រព្យសកម្មឌីជីថលណាមួយ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម