សេដ្ឋកិច្ច
មិត្តហ្វូន បើកសម្ពោធជាផ្លូវការ សេវាកម្មដឹកជញ្ជូន និងភស្តុភារកម្ម មិត្តហ្វូន អិចប្រេស ជាមួយនឹងប្រព័ន្ធប្រតិបត្តិការដ៏ទំនើប និងកាន់តែងាយស្រួលដល់អ្នកប្រើប្រាស់
រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦៖ នារាត្រីដ៏វិសេសវិសាល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) ក្រុមហ៊ុន មិត្តហ្វូន បានដាក់ឱ្យដំណើរការជាផ្លូវការនូវ “មិត្តហ្វូន អិចប្រេស” ដែលជាសេវាកម្មភស្តុភារកម្ម (Logistics) ថ្មីបំផុតរបស់ខ្លួនដែលឆ្លុះបញ្ចាំងពីការបោះជំហានដ៏ច្បាស់លាស់ និងជាសមិទ្ធផលដ៏សំខាន់មួយ ក្នុងយុទ្ធសាស្ត្រពង្រីកប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់ក្រុមហ៊ុន ព្រមទាំងរួមចំណែកយ៉ាងសកម្ម ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនាយឧត្តមសេនីយ៍ ង្វៀន វ៉ាន់កៅ (Nguyễn Văn Gấu) សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស និងជាអនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងជាន់ខ្ពស់ជាច្រើនរូប មកពីបណ្តាក្រសួង និងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរផងដែរ។
នៅក្នុងឱកាសបើកសម្ពោធដ៏ពិសេសនោះ ភ្ញៀវកិត្តិយសទាំងអស់បានទស្សនា និងស្វែងយល់ផ្ទាល់ពីប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏សម្បូរបែប និងទូលំទូលាយរបស់ក្រុមហ៊ុន មិត្តហ្វូន ក្នុងនោះមានដំណោះស្រាយបច្ចេកវិទ្យាលេចធ្លោសំខាន់ៗដូចជា៖ បច្ចេកវិទ្យា 5G ការរួមបញ្ចូលប្រព័ន្ធរ៉ូបូត (Robotic Integration) ទៅក្នុងប្រព័ន្ធដឹកជញ្ជូនរបស់ មិត្តហ្វូន អិចប្រេស ដំណោះស្រាយថាមពលពន្លឺព្រះអាទិត្យឯករាជ្យ (Off-Grid Solar Energy) ព្រមទាំងសេវាកម្មកម្សាន្ត TV360 និង eMoney ជាដើម។

ការឈានជើងចូលក្នុងវិស័យភស្តុភារកម្ម (Logistics) របស់ក្រុមហ៊ុន មិត្តហ្វូន គឺជាជំហានបន្ទាប់ដ៏ជាក់លាក់នៃការផ្លាស់ប្តូររូបរាងពីប្រតិបត្តិករទូរគមនាគមន៍បែបប្រពៃណី ទៅជាក្រុមហ៊ុនបច្ចេកវិទ្យា និងសេវាកម្មឌីជីថលដ៏ទូលំទូលាយមួយ។ តាមរយៈការទាញយកផលប្រយោជន៍ពីហេដ្ឋារចនាសម្ព័ន្ធនៃបច្ចេកវិទ្យាដ៏រឹងមាំ រួមជាមួយវត្តមាននៅទូទាំង ២៥ រាជធានី-ខេត្ត និងបទពិសោធដ៏សម្បូរបែបក្នុងការដាក់ឱ្យដំណើរការនូវប្រព័ន្ធឌីជីថលខ្នាតធំ ក្រុមហ៊ុនមិត្តហ្វូន មានគោលបំណងក្នុងការកសាងបណ្តាញភស្តុភារកម្មដ៏ទំនើបមួយ ដែលជំរុញដោយបច្ចេកវិទ្យា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃប្រតិបត្តិការ និងបទពិសោធកាន់តែប្រសើរសម្រាប់អតិថិជន។

ទន្ទឹមនឹងទីផ្សារភស្តុភារកម្មនៅកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស តម្រូវការលើការលើកកម្ពស់នៃគុណភាពសេវាកម្ម ប្រសិទ្ធភាពប្រតិបត្តិការ និងការអនុវត្តបច្ចេកវិទ្យាឌីជីថល នៅតែជាកត្តាសំខាន់ចាំបាច់។ ក្នុងបរិបទនៃការរីកចម្រើនយ៉ាងគំហុកនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ទាំងអតិថិជន និងម្ចាស់អាជីវកម្ម តែងតែស្វែងរកសេវាកម្មដឹកជញ្ជូនដ៏ទំនើប មានតម្លាភាព ល្បឿនលឿន និងសេវាកម្មពីដើមទីរហូតដល់ចុងបញ្ចប់ ដែលឱកាសទីផ្សារដ៏មានសក្តានុពលនេះហើយ ដែលបានជំរុញឱ្យ មិត្តហ្វូន បោះទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម ដើម្បីបន្តធ្វើទំនើបកម្មវិស័យដឹកជញ្ជូន និងរួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ីសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាឱ្យកាន់តែរឹងមាំ។
មិត្តហ្វូន អិចប្រេស ត្រូវបានបង្កើតឡើងជាផ្លូវការ បែបជាទម្រង់ភស្តុភារកម្មរួមបញ្ចូលគ្នាពីចំណុចផ្តើមដល់ចំណុចចុងក្រោយ (End-to-end logistics platform)។ នៅក្នុងដំណាក់កាលដំបូង សេវាកម្មនេះ នឹងប្រតិបត្តិការប្រមាណ ១,០០០ ទីតាំង ដោយធ្វើការរួមបញ្ចូលគ្នានូវរាល់ដំណោះស្រាយទូទាំងដំណើរការដឹកជញ្ជូនទាំងមូល ចាប់តាំងពីការទទួលការបញ្ជាទិញ ការបែងចែកទំនិញ ការដឹកជញ្ជូន រហូតដល់ការដឹកជញ្ជូនដល់ដៃអ្នកទទួលចុងក្រោយ។ ប្រព័ន្ធនេះផ្តល់នូវការតាមដានស្ថានភាពទំនិញតាមពេលវេលាជាក់ស្តែង ២៤ម៉ោង/៧ថ្ងៃ ដែលអាចគាំទ្រលើការគ្រប់គ្រងនៃប្រតិបត្តិការតាមប្រព័ន្ធអនឡាញ ជួយសម្រួលដល់ការស្វែងរកផ្លូវដឹកជញ្ជូនដ៏ល្អបំផុត និងពង្រឹងការភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្ញើ និងអ្នកទទួលឱ្យកាន់តែមានភាពងាយស្រួល។

ចំណុចខ្លាំងលើសគេនៃសេវាកម្មនេះ គឺមិត្តហ្វូន មានហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា រួមបញ្ចូលជាមួយបទពិសោធដ៏ជំនាញផ្នែកភស្តុភារកម្ម និងប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា ដែលត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Viettel Group នៅក្នុងប្រទេសវៀតណាម។ ការផ្សារភ្ជាប់វាងវិស័យទូរគមនាគមន៍ ទិន្នន័យ ទម្រង់បែបឌីជីថល និងដំណោះស្រាយគ្រប់គ្រងវៃឆ្លាតនេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញវិស័យភស្តុភារកម្មនៅកម្ពុជា ឱ្យឈានទៅរកទំនើបកម្មឈានមុខគេក្នុងពេលឆាប់ៗខាងមុខនេះ។
ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា៖ «ខ្ញុំមានទំនុកចិត្តថា ការវិនិយោគរបស់ក្រុមហ៊ុន Metfone លើពាណិជ្ជកម្មអេឡិចត្រូនិក និងភស្តុភារកម្ម នឹងមិនត្រឹមតែរួមចំណែកដល់សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម ខណៈពេលដែលគាំទ្រដល់គោលដៅរួមរបស់យើងក្នុងការកសាងសេដ្ឋកិច្ចតំបន់ដែលមានការតភ្ជាប់គ្នា ប្រកួតប្រជែង និងរីកចម្រើនជាងមុន»។

នាយឧត្តមសេនីយ៍ ង្វៀន វ៉ាន់កៅ (Nguyễn Văn Gấu) អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានមានប្រសាសន៍ដោយទំនុកចិត្តយ៉ាងមុតមាំថា ក្រុមហ៊ុន មិត្តហ្វូន នឹងបន្តរក្សាតួនាទីរបស់ខ្លួន ជាសហគ្រាសបច្ចេកវិទ្យាឈានមុខគេ។ លោកបានបញ្ជាក់ផងដែរថា ក្រុមហ៊ុននឹងចូលរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការបរិវត្តកម្មឌីជីថល ការលូតលាស់នៃសេដ្ឋកិច្ចឌីជីថលដ៏ប្រសើរ ព្រមទាំងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសវៀតណាម និងកម្ពុជា នៅក្នុងយុគសម័យថ្មីនេះ។
ជាមួយគ្នានេះ លោក កៅ ម៉ាញ ឌឹក (Cao Manh Duc) អគ្គនាយកក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា៖ មិត្តហ្វូន អិចប្រេស គឺជាសមិទ្ធផលដ៏សំខាន់ថ្មីមួយទៀត ក្នុងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន មិត្តហ្វូន ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីឌីជីថលដ៏ទូលំទូលាយមួយនៅកម្ពុជា ហើយយើងខ្ញុំនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការវិនិយោគរយៈពេលវែងនៃការអនុវត្តបច្ចេកវិទ្យាឈានមុខគេ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្មវៃឆ្លាត ដែលគំនិតផ្តួចផ្តើមនេះ គឺមានគោលបំណងផ្តល់នូវសេវាកម្មដ៏ប្រសើរបំផុតសម្រាប់ប្រជាពលរដ្ឋ និងធុរកិច្ច ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយចីរភាព។

ផ្អែកលើមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យាដ៏រឹងមាំ បណ្តាញគ្របដណ្តប់ទូទាំងប្រទេស និងយុទ្ធសាស្ត្រវិនិយោគរយៈពេលវែង មិត្តហ្វូន អិចប្រេស មានគោលដៅក្លាយជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងការផ្តល់សេវាកម្មភស្តុភារកម្ម ដែលប្រតិបត្តិការដោយបច្ចេកវិទ្យានៅកម្ពុជា ដើម្បីគាំទ្រដល់ការរីកចម្រើននៃវិស័យពាណិជ្ជកម្មអេឡិចត្រូនិក លើកកម្ពស់គុណភាពសេវាកម្មដឹកជញ្ជូន និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសជាតិ។
អ្នកជំនាញក្នុងឧស្សាហកម្មនេះជឿជាក់ថា ការចូលរួមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាកាន់តែច្រើន នៅក្នុងវិស័យភស្តុភារកម្ម នឹងជំរុញឱ្យមានការប្រកួតប្រជែង បង្កើតការច្នៃប្រឌិតថ្មីៗ និងផ្តល់ជូនអតិថិជននូវជម្រើសសេវាកម្មកាន់តែសម្បូរបែប។ ទន្ទឹមនឹងនេះ ការផ្សារភ្ជាប់គ្នារវាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម ត្រូវបានរំពឹងថានឹងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់សកម្មភាពពាណិជ្ជកម្ម ការភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច និងពន្លឿនការអភិវឌ្ឍវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនៅទូទាំងប្រទេសកម្ពុជា។

បន្ទាប់ពីប្រតិបត្តិការយ៉ាងសកម្មអស់រយៈពេលជិត ២០ ឆ្នាំនៅកម្ពុជា មិត្តហ្វូន បានពង្រឹងជំហររបស់ខ្លួនជាក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេមួយនៅក្នុងប្រទេស ជាមួយនឹងបណ្តាញគ្របដណ្តប់ទូទាំងប្រទេស ដែលបម្រើដល់អតិថិជនជាបុគ្គល និងអាជីវកម្មរាប់លាននាក់។ ខណៈដែលសេដ្ឋកិច្ចឌីជីថល និងវិស័យពាណិជ្ជកម្មអេឡិចត្រូនិករបស់កម្ពុជាកំពុងបន្តរីកចម្រើនយ៉ាងឆាប់រហ័ស វិស័យភស្តុភារកម្មបានក្លាយជាសមាសធាតុដ៏សំខាន់ក្នុងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ សម្របសម្រួលការចរាចរទំនិញ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ៕



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


