វប្បធម៌ ជំនឿ
យល់ដឹងបន្ថែមពី ប្រាសាទព្រះវិហារ នាខួបទី ១៤ នៃការចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក
ថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២២ នេះ គឺជាខួបទី ១៤ នៃការចុះបញ្ជី ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ កាលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា។ តទៅនេះ “កម្ពុជាថ្មី” សូមបង្ហាញជូននូវប្រវត្តិខ្លះៗ នៃប្រាសាទព្រះវិហារ។

ស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រាសាទដ៏ចំណាស់មួយដែលមានអាយុជាងមួយពាន់ឆ្នាំ កំពុងឈរបង្អួតរាងយ៉ាងរឹងមាំនៅលើកំពូលព្រះវិហារ នៃជួរភ្នំដងរែក មានកម្ពស់ប្រមាណ ៦២៥ ម៉ែត្រ ពីនីវ៉ូសមុទ្រ នាំឱ្យមនុស្សម្នាកោតស្ញប់ស្ញែង ចាត់ទុកជាទីសក្ការៈ និងស្គាល់ច្បាស់ថាជា “ប្រាសាទព្រះវិហារ” ដ៏ពិសិដ្ឋរបស់ខ្មែរគ្រប់ជំនាន់។
កាលសម័យអង្គរ ប្រាសាទព្រះវិហារ គឺមានឈ្មោះដើមថា ស្រីសិខារិស្វារៈ មានន័យថា ម្ចាស់នៃកំពូលភ្នំ ក៏ជាឈ្មោះនៃលិង្គថ្មព្រះឥសូរ ដែលស្តេចជំនាន់មុនយកទៅតម្កល់លើភ្នំនេះ។
តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើន ប្រាសាទព្រះវិហារ ចាប់ផ្តើមកសាងឡើងក្នុងរជ្ជកាល ព្រះបាទសូរ្យវរ័្មនទី១ នៃគ្រិស្ករាជ ឆ្នាំ ៨៨៩ ធ្វើឡើងអំពីថ្មភក់ នៅលើទីតាំងខ្ពស់មួយនៃជួរភ្នំដងរែក ដែលកាលនោះគឺស្ថិតនៅចំកណ្តាលនៃអតីតទឹកដីមហានគរខ្មែរ ប៉ុន្តែបច្ចុប្បន្នគឺស្ថិតក្នុងទឹកដីខេត្តព្រះវិហារ ជាប់ខេត្តស៊ីសាកេត ប្រទេសថៃ។
ប្រាសាទព្រះវិហារ គឺជាតំបន់ប្រវត្តិសាស្ត្រ សាងសង់ក្នុងអំឡុងចុងសតវត្សទី ៩ បញ្ចប់ទៅនៅដើមសតវត្សរ៍ទី ១២ ក្រោមរជ្ជកាល ព្រះបាទសូរ្យវរ្ម័នទី២ នៃសម័យមហានគរ ដើម្បីឧទ្ទិសដល់ព្រះឥសូរ ដែលជាព្រះអាទិទេពនៅក្នុងព្រហ្មញ្ញសាសនា។

តាមរយៈសិលាចារិក មានឆ្លាក់ចារនៅលើប្រាសាទបាពួន ”សិលាចារិក K-៥៨៣” បានចារថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម ឥន្ទ្រាយុទ្ធ ជាក្សត្រដែលខ្លាំងពូកែអាចច្បាំងយកជ័យជំនះលើស្តេចចាមបាននោះ ទ្រង់ជាក្សត្រដែលបានយកលិង្គថ្មធម្មជាតិមួយឈ្មោះ ស្រីសិខាវិស្វរៈ មកតាំង និងមកប្រតិស្ឋ នៅប្រាសាទព្រះវិហារ។
បើតាមអត្ថបទសិលាចារឹក នៅប្រាសាទព្រះវិហារ លេខ K-៣៨១ ចារជាភាសាខ្មែរបុរាណ និងភាសាសំស្រ្កឹត ប្រវត្តិប្រាសាទដ៏ពិសិដ្ឋរបស់ខ្មែរមួយនេះ គឺមានទំនាក់ទំនងជាមួយ ព្រាហ្មណ៍ម្នាក់ឈ្មោះថា តៈបៈស្វិន្រ្ទបណ្ឌិត។
ព្រាហ្មណ៍តៈបៈស្វិន្រ្ទៈបណ្ឌិត មានអាស្រមមួយនៅនឹងដែនដី នៃទីតាំងប្រាសាទព្រះវិហារ។ នៅអំឡុងឆ្នាំ ១០២៤ នៃគ.ស ព្រាហ្មណ៍នោះ បានទទួលអង្រឹងស្នែងមាស និងវត្ថុដ៏មានតម្លៃដទៃទៀតជាច្រើនពី ព្រះបាទសូរ្យវរ័្មនទី១ ដែលជាការដឹងគុណពីព្រះអង្គ ចំពោះព្រាហ្មណ៍តៈបៈស្វិន្រ្ទៈបណ្ឌិត ក្នុងការថែរក្សាលិង្គព្រះអាទិទេព។
នៅលើសិលាចារឹក មានបញ្ជាក់ទៀតថា ព្រះបាទសូរ្យវរ័្មនទី១ ជាក្សត្រ មានជំនឿខ្លាំងណាស់លើលិង្គអាទិទេពមួយនេះ ហើយកំណត់ត្រាសិលាចារិកបញ្ជាក់ច្បាស់ៗថា សិវលិង្គនេះ តែងតែសម្តែងមហិទ្ធិឫទ្ធិ បដិហារ ឱ្យព្រះអង្គបានទត។

ក្នុងបរិវេណប្រាសាទ មានស្រះទឹកបុរាណមួយ មានទីតាំងស្ថិតនៅខាងឆ្វេងនៃព្រះថ្នល់ ចន្លោះគោបុរៈទី៤ និងគោបុរៈទី៥ ទទឹងប្រវែង ១៦,៨០ ម៉ែត្រ និងបណ្តោយ ៣៧,៨០ ម៉ែត្រ។
បើតាមដំណាលតគ្នាមកល្បីថានេះ ជាស្រះទឹកមន្តស័ក្តិសិទ្ធិអស្ចារ្យសម្រាប់យកទៅប្រើប្រាស់ពិធីសក្ការៈផ្សេងៗ ហើយសូម្បីតែអតីតព្រះមហាក្សត្រថៃ ព្រះបាទភូមិបុល អាឌុលយ៉ាដេត ក៏ធ្លាប់បានប្រើទឹកពីស្រះនេះដើម្បីបំពេញពិធីអភិសេកឡើងគ្រងរាជ្យសម្បត្តិ កាលថ្ងៃទី៩ ខែមិថុនា ក្នុងឆ្នាំ ១៩៤៦ ផងដែរ។
ប្រាសាទព្រះវិហារ រងការឈ្លានពានដណ្តើមចង់បានជាច្រើនលើកច្រើនសារ ពីសំណាក់ប្រទេសថៃ ហើយជម្លោះរវាងថៃ និងកម្ពុជា ចាប់ផ្តើមផ្ទុះឡើងខ្លាំងក្នុងឆ្នាំ ១៩៥៤ បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យពីបារាំង ដោយថៃក៏បានបញ្ជូនកងកម្លាំងប្រដាប់អាវុធចូលមកកាន់កាប់ប្រាសាទព្រះវិហារទាំងគគ្លើន។
រដ្ឋាភិបាលកម្ពុជាពេលនោះ ដែលមានព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាប្រមុខរដ្ឋ បានដឹកនាំកម្ពុជា បើកដំណើរការទាមទារកម្មសិទ្ធតាមរយៈការទូតជាមួយថៃ ប៉ុន្តែត្រូវបរាជ័យ នាំឱ្យកម្ពុជា ងាកទៅរកយន្តការតុលាការវិញម្តង ដោយបានដាក់ពាក្យបណ្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ នៅថ្ងៃទី ៦ តុលា ឆ្នាំ ១៩៥៩ ដើម្បីស្នើសុំឱ្យតុលាការ ប្រគល់អធិបតេយ្យដែនដី ប្រាសាទព្រះវិហារ មកឱ្យកម្ពុជា និងទាមទារឱ្យថៃដកកងកម្លាំងប្រដាប់អាវុធពីតំបន់ប្រាសាទ។

នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ១៩៥៩ សារណារបស់កម្ពុជា ត្រូវបានបញ្ជូនទៅដល់ដៃតុលាការ តាមពេលកំណត់ តែភាគីថៃវិញបែរជាបញ្ជូនពាក្យបណ្តឹងមួយបដិសេធមិនទទួលស្គាល់សមត្ថកិច្ចរបស់តុលាការអន្តរជាតិ ក្នុងការជំនុំជម្រះបណ្តឹងរបស់កម្ពុជាទៅវិញ។
សវនាការសាធារណៈដើម្បីជុំនំជម្រះលើបណ្តឹងជំទាស់របស់ភាគីថៃ ត្រូវបានបើកធ្វើ ចាប់ពីថ្ងៃទី ១០ រហូតដល់ថ្ងៃទី ១៥ ខែមេសា ឆ្នាំ ១៩៦០ ហើយថ្ងៃទី ២៦ ឧសភាព ឆ្នាំ ១៩៦១ តុលាការក្រុងអន្តរជាតិ បានច្រានចោលបណ្តឹងជំទាស់របស់ភាគីថៃ ដោយប្រកាសជាផ្លូវការ តុលាការមានសមត្ថកិច្ចពេញលេញក្នុងការដំណើរការអង្គជំនុំជម្រះលើបណ្តឹងរបស់កម្ពុជា។
តាមរយៈបន្ទាត់ព្រំដែននៅក្នុងផែនទីឧបសម្ព័ន្ធទី១ ដែលជាផែនទីធ្វើឡើងរវាងបារាំង-សៀម ក្នុងសន្ធិសញ្ញាឆ្នាំ ១៩០៤ បង្ហាញថា ប្រាសាទព្រះវិហារ ស្ថិតនៅក្នុងទឹកដីកម្ពុជា យ៉ាងពិតប្រាកដ ដោយថៃ្ង ១៥ មិថុនា ឆ្នាំ ១៩៦២ ប្រាសាទព្រះវិហារ ត្រូវតុលាការអន្តរជាតិក្រុងទ្បាអេ សម្រេចសាលក្រមប្រគល់ឱ្យភាគីកម្ពុជា ជាអ្នកឈ្នះក្ដីរវាងវិវាទកម្ពុជា-ថៃ លើប្រាសាទព្រះវិហារ។

ប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាមួយនេះ ត្រូវចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងកិច្ចប្រជុំទី ៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ នាថ្ងៃ ៧ ខែកក្កដា ឆ្នាំ ២០០៨ ធ្វើឡើងនៅទីក្រុងកេបិច ប្រទេសកាណាដា។
វិវាទព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ចាប់ផ្តើមផ្ទុះជាថ្មី អំឡុងខែមិថុនា ឆ្នាំ ២០០៨ ជាពេលប្រាសាទព្រះវិហារស្ថិតក្នុងការពិចារណាដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៨ ថៃ បានបញ្ជូនទាហានរបស់ខ្លួនមកឈរជើងក្នុងបរិវេណវត្តកែវសិក្ខាគិរីស្វារៈ ក្បែរតំបន់ប្រាសាទព្រះហារ ចំងាយប្រមាណ ៣០០ ម៉ែត្រពីទឹកដីកម្ពុជា។
វិវាទនេះ បានបង្កឱ្យមានការប៉ះទង្គិចផ្នែកយោធារវាងប្រទេសទាំងពីរ និងបង្កជាក្តីក្តាំជាថ្មីនៅលើតុលាការអន្តរជាតិ ICJ រហូតដល់ខែធ្នូ ឆ្នាំ ២០១១ កិច្ចព្រមព្រៀងមួយត្រូវបានធ្វើឡើងដើម្បីដកកងទ័ពចេញពីតំបន់ជម្លោះ។

នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៣ តុលាការ ICJ បានប្រកាសក្នុងការសម្រេចចិត្តជាឯកច្ឆន្ទ សាលក្រមឆ្នាំ ១៩៦២ របស់តុលាការអន្តរជាតិ បានប្រគល់ប្រាសាទព្រះវិហារទាំងអស់ឱ្យកម្ពុជា ហើយភាគីថៃមានកាតព្វកិច្ច ត្រូវតែដកទ័ព ប៉ូលីស ឬឆ្មាំថៃ ដែលឈរជើង ក្នុងតំបន់ប្រាសាទព្រះវិហារទាំងអស់ដោយគ្មានលក្ខខណ្ឌ៕
អត្ថបទ៖ ដែនដីបុព្វបុរស

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី