ព័ត៌មានជាតិ
ការខូចខាតរមណីយដ្ឋានប្រាសាទព្រះវិហារ ប៉ះពាល់ដល់ប្រាក់ចំណូលសហគមន៍ ១,៦ លានដុល្លារក្នុងមួយឆ្នាំៗ
ប្រាសាទព្រះវិហារ ដែលស្ថិតនៅលើកំពូលភ្នំដ៏ធំល្វឹងល្វើយ មិនត្រឹមតែជាសម្បត្តិបេតិកភណ្ឌពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់ផលវិជ្ជមានផ្នែកសេដ្ឋកិច្ចដ៏សំខាន់ដល់តំបន់នោះ តាមរយៈការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជារៀងរាល់ឆ្នាំ។ ចំណូលទាំងនេះបានក្លាយជាចរន្តសេដ្ឋកិច្ចសំខាន់សម្រាប់សហគមន៍មូលដ្ឋាន អាជីវកម្មផ្ទះសំណាក់ សណ្ឋាគារ មគ្គុទេសក៍ទេសចរណ៍ ជាពិសេសអាជីវកម្មដែលពឹងផ្អែកលើវិស័យទេសចរណ៍។

តាមការវាយតម្លៃរបស់មន្រ្តីជំនាញ ប្រាក់ចំណូលពីវិស័យទេសចរណ៍ជាមធ្យមក្នុងមួយឆ្នាំប្រមាណ ១,៦ លានដុល្លារ ត្រូវបានចែកចាយទៅដល់សហគមន៍មូលដ្ឋាន។ទោះជាយ៉ាងណា ដោយសារមហិច្ឆិតាសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃមកលើកម្ពុជា បានបង្កការបំផ្លាញយ៉ាងធ្ងន់ធ្ងរលើប្រាសាទព្រះវិហារ និងប៉ះពាល់ដល់ប្រាក់ចំណូលរបស់សហគមន៍។
ក្នុងឱកាសធ្វើបទបង្ហាញអំពីផលប៉ះពាល់នៃជម្លោះព្រំដែនកម្ពុជា-ថៃ ទៅលើសហគមន៍ក្នុងតំបន់ប្រាសាទព្រះវិហារសម្បត្តិបេតិកភណ្ឌពិភពលោក រួមទាំងផលប៉ះពាល់ទៅលើវិស័យទេសចរណ៍ កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៦ លោក គឹម សំណាង ប្រធាននាយកដ្ឋាន គ្រប់គ្រងដីធ្លី នគរូបនីយកម្ម និងអភិវឌ្ឍសហគមន៍ នៃអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា សង្គ្រាមនេះ បានធ្វើឱ្យប្រតិបត្តិការទេសចរណ៍រងផលប៉ះពាល់ខ្លាំង ដោយសកម្មភាពទេសចរណ៍ត្រូវបានផ្អាក និងប្រតិបត្តិការអាជីវកម្មទាំងអស់លើភ្នំបានបិទទាំងស្រុង ចាប់តាំងពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងសង្គ្រាមឈ្លានពាន បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធនិង ទ្រព្យសម្បត្តិរបស់សហគមន៍ រួមមាន ផ្ទះសម្បែង សណ្ឋាគារនិងផ្ទះសំណាក់ វត្តអារាម សាលារៀន មណ្ឌលសុខភាព ដីលំនៅឋាន និងរណ្តៅគ្រាប់ សរុប ២៤៧ ទីតាំង ដែលរងការខូចខាតដោយសារសង្គ្រាមថៃឈ្លានពានកម្ពុជា។

ជាមធ្យម មុនពេលមានជម្លោះនៅឆ្នាំ ២០២៥ មានភ្ញៀវទេសចរសរុបជិត ១០៩ ៣១៦ នាក់ បានមកទស្សនាប្រាសាទព្រះវិហារ ក្នុងនោះភ្ញៀវជាតិ ៩៧ ៣០១ ភ្ញៀវអន្តរជាតិ ១២ ០១៥ នាក់ ។ លោក គឹម សំណាង បានអះអាងថា ការខាតបង់សេដ្ឋកិច្ចយ៉ាងច្រើនបន្ទាប់ពីការបិទទ្វារ ពិសេសប្រាក់ចំណូលពីវិស័យាទេសចរណ៍ប្រមាណ ១.៦៣៩.៧៣៨ ដុល្លារអាមេរិក សម្រាប់សហគមន៍មូលដ្ឋាន។ លោកពន្យល់ថា ៖«គិតជាប្រាក់ចំណូល បើយើងគិតតែម្នាក់ចាយ ១៥ដុល្លារ មានរហូតទៅដល់ ១,៦ លានដុល្លារ ដែលបានចំណូលទៅដល់សហគមន៍នៅទីនោះ។ ប៉ុន្តែ ស្ថិតិភ្ញៀវចាប់ពីខែកក្កដា លែងមានហើយ»។
បើតាមលោក គឹម សំណាង ជីវភាពដែលពឹងផ្អែកលើវិស័យទេសចរណ៍កំពុងរងផលប៉ះពាល់ខ្លាំង ដោយសារអាជីករពាក់ព័ន្ធផ្ទាល់ចំនួន ៣៤៥នាក់ កំពុងរងផលប៉ះពាល់ និងរាប់រយគ្រួសារបន្ថែមទៀត ដែលពឹងផ្អែកដោយប្រយោលលើវិស័យទេសចរណ៍ក៏ជួបប្រទះការលំបាកផ្នែកសេដ្ឋកិច្ចដែរ។ លោកគូររំលេចថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗពាក់ព័ន្ធវិស័យទេសចរណ៍ គឺត្រូវការពេលវេលា និងថវិកាច្រើនក្នុងការស្តារឡើងវិញ ដែលបណ្តាលឲ្យ អូសបន្លាយផលប៉ះពាល់អវិជ្ជមានលើសេដ្ឋកិច្ចក្នុងតំបន់អាចនឹងយូរអង្វែង។

សក្តានុពលទេចរណ៍ក្នុងខេត្តព្រះវិហារ មានទាំងធម្មជាតិនិងបេតិកភណ្ឌវប្បធម៌ ក្នុងនោះក្នុងខេត្តព្រះវិហារតែមួយមានបេតិកភណ្ឌវប្បធម៌ចំនួនពីរ ប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។ ក្រៅពីនេះមានទីតាំងធម្មជាតិមួយចំនួនទៀតដែលជាគោលដៅទេសចរណ៍ ក្រៅពីប្រាសាទ។ ជំនឿដែលទេសចរខ្មែរឡើងទៅទស្សនាប្រាសាទព្រះវិហារ ទៅអុជធូបបន់ស្រន់សុំសេចក្តីសុខ ខណៈភ្ញៀវទេសចរបរទេសទៅទស្សនាពីសម្បត្តិបេតិកភណ្ឌពិភពលោក។

សូមជម្រាបថា រមណីយដ្ឋានប្រាសាទព្រះវិហារ ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត មានភូមិចំនួន ៧ ដែលនៅជុំវិញតំបន់អភិរក្សនៅតំបន់ស្នូល។ ការប៉ះទង្គិចលើកទី១ កាលពីខែសីហា ឆ្នាំ ២០២៥ មាន ៤ ០៤១ គ្រួសារ (១៤ ៧៩៣ នាក់) ប្រជាពលរដ្ឋបានផ្លាស់ទីទៅរកជំរុំសុវត្ថិភាព ១៥ ទីតាំង ។ ខែធ្នូ ឆ្នាំ ២០២៥ មាន ៤ ១២១ គ្រួសារ ( ១៦ ១៨៤ នាក់) បានផ្លាស់ទីទៅរកជុំសុវត្ថិភាព ៨ ទីតាំង៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


