Connect with us

ព័ត៌មានជាតិ

ក្រោយថៃបំផ្លាញប្រាសាទព្រះវិហារ! កម្ពុជាត្រូវការពេល២០ទៅ៣០ឆ្នាំ ថវិកាជិត៧០លានដុល្លារ សម្រាប់ស្តារអភិរក្ស

បានផុស

នៅ

បន្ទាប់ពីកងយោធាថៃបានបើកការវាយប្រហារលើកម្ពុជាចំនួនពីរលើក ជាពិសេសការទម្លាក់គ្រាប់បែកបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ ដែលបណ្តាលឱ្យមានការខូចខាតធ្ងន់ធ្ងរ កម្ពុជាត្រូវការពេលពី ២០ ទៅ ៣០ ឆ្នាំ និងថវិកាប្រមាណ ៧០ លានដុល្លារ ដើម្បីស្តារ និងអភិរក្សឱ្យមានភាពរឹងមាំឡើងវិញ។ រយៈពេល និងថវិកាដែលបានគ្រោងទុកនេះ គឺផ្អែកលើការសិក្សាបឋមរបស់មន្ត្រីជំនាញជាតិ និងអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងវេទិកាសារព័ត៌មានស្តីពីការខូចខាតប្រាសាទព្រះវិហារ កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២៦ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានបញ្ជាក់ថា បន្ទាប់ពីក្រុមការងារចុះសិក្សា និងវាយតម្លៃបឋម កម្ពុជាត្រូវការពេលពី ៥ ទៅ ១០ ឆ្នាំសម្រាប់ការស្តារដំណាក់កាលដំបូង ដើម្បីឱ្យប្រាសាទមានភាពនឹងនរឡើងវិញជាបឋម។ ចំណែកការងារអភិរក្សរយៈពេលវែង អាចចំណាយពេលរហូតដល់ប្រមាណ ២០ ទៅ ៣០ ឆ្នាំ ដើម្បីឱ្យប្រាសាទមានសភាពល្អ និងប្រសើរឡើងវិញយ៉ាងពេញលេញ។

លោកបញ្ជាក់ថា៖«ការងារអភិរក្ស អាចចំណាយពេលពី ២០ ទៅ ៣០ ឆ្នាំទៅមុខទៀត ដើម្បីអាចឱ្យប្រាសាទព្រះវិហារមានភាពល្អ និងប្រសើរឡើងវិញ។ ដោយឡែកថវិកា គិតត្រួសៗ បើគិតត្រឹមការងារអភិរក្សដែលគ្រោងធ្វើនេះអស់ជិត ៧០ លានដុល្លារ។ អ៊ីចឹង!ទេ ការងារនេះទាមទារថវិកាច្រើនក្នុងការស្តារប្រាសាទព្រះវិហារ»។​

មូលហេតុដែលធ្វើឱ្យការស្តារ និងអភិរក្សត្រូវការពេលវេលាយូរ និងថវិកាច្រើន គឺដោយសារបរិវេណប្រាសាទនៅសល់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន ព្រមទាំងតម្រូវឱ្យមានការប្រមូល និងរៀបចំបំណែកថ្ម ដើម្បីធ្វើការផ្គុំឡើងវិញតាមបច្ចេកទេសអភិរក្ស។

លោក គង់ ពុទ្ធិការ

បើតាមលោក គង់ ពុទ្ធិការ មុនពេលប្រាសាទព្រះវិហាររងការខូចខាតដោយស្នាដៃយោធាថៃ ចំពោះទីតាំងគោបុរៈ ត្រូវបានប្រទេសជាដៃគូកម្ពុជា ចូលរួមជួយជាថវិកាក្នុងការជួសជុល និងអភិរក្សសម្បត្តិបេតិកភណ្ឌពិភពលោក ហើយប្រទេសចិន និងឥណ្ឌា ជាសហប្រធាន លើការងារនេះ។ ក្នុងនោះការងារអភិរក្សដែលឥណ្ឌា ទទួលការងារក្នុងការជួសជុល គឺគោបុរៈទី ៥ នៃប្រាសាទព្រះវិហារ តាមការសិក្សា ត្រូវចំណាយពេលពី ៨ទៅ១០ ឆ្នាំ ជួសជុលឡើងវិញ ហើយត្រូវចំណាយថវិការហូតដល់ ៥,៥ លានដុល្លារ ។

ដោយឡែកចិន ទទួលជួសជុលគោបុរៈ ទី ១ ទី២ និងទី ៣ តាមការសិក្សាបឋម ការជួសជុលឱ្យរឹងមាំឡើងវិញ ត្រូវការចំណាយពេលពី ១៨ ទៅ ២០ ឆ្នាំ ហើយចំណាយថវិកា ៦០ លានដុល្លារ មុនការបាញ់បំផ្លាញ។ ចំណែកសហរដ្ឋ អាមេរិក តាំងពី ២០១៨ ដល់ ឆ្នាំ ២០២៥  បានផ្តល់ថវិកាដល់អាជ្ញាធរជាតិព្រះវិហារ ក្នុងការជួសជុលជណ្តើរខាងជើងជិត ១០ ឆ្នាំមកនេះ ចំណាយថវិកាជិត ៨០ម៉ឺនដុល្លារ។

យ៉ាងណាមិញ ពាក់ព័ន្ធការទារសំណងពីថៃដែលបានបំផ្លាញប្រាសាទព្រះវិហារនេះ ត្រូវបានលោក គង់ ពុទ្ធិការ ធ្វើការពន្យល់ថា៖«ពាក់​ព័ន្ធសំណងទាមទារនីតិវិធីផ្លូវច្បាប់ អាចចំណាយពេលយូរអង្វែង ផ្អែកទៅលើភស្តុតាងដែលយើងបានកសាងឡើង។ អ៊ីចឹង!ដើម្បីឱ្យទៅដល់បានសំណង ទាល់មានតែតុលាការមួយអាចសម្រេចថាអ្នកណាខុស អ្នកណាត្រូវ។ ដូច្នេះ ​បើយើងចង់ឱ្យថៃសង ទាល់តែតុលាការបញ្ជាក់ថាថៃខុស។ហើយការងារនេះ ដើម្បីរកថាអ្នកណាខុស ឬត្រូវ គឺជាភារកិច្ចរបស់អ្នកច្បាប់»។

កាលពីដើមខែ មីនា ឆ្នាំ ២០២៦ អង្គការយូណេស្កូ បានចាត់បញ្ជូនមន្រ្តីជំនាញការចំនួន ២រូប ចុះមកសិក្សា និងវាយតម្លៃការខូចខាតប្រាសាទព្រះវិហារ ដើម្បីរៀបចំរបាយការណ៍។ ក្នុងនោះដើម្បីឱ្យកម្ពុជាស្តារ និងទប់ស្កាត់ការខូចខាតបឋម នៃប្រាសាទព្រះវិហារដែលសម្បត្តិបេតិកភណ្ឌពិភពលោក យូណេស្កូកំពុងរៀបចំមូលនិធិសង្គ្រោះបន្ទាន់មួយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម