Connect with us

ព័ត៌មានជាតិ

ព្រឹទ្ធសភានាំទូតបរទេសទៅមើលការខូចខាតរបស់ប្រាសាទព្រះវិហារ ដោយស្នើឱ្យអន្តរជាតិបង្កើត​មូលនិធិ​ជួសជុលប្រាសាទនេះ

បានផុស

នៅ

អនុប្រធានព្រឹទ្ធសភា លោក ធន់ វឌ្ឍនា ស្នើឱ្យសហគមន៍អន្តរជាតិបង្កើតនូវមូលនិធិមួយក្នុងគោលដៅចូលរួម​ជួសជុលប្រាសាទព្រះវិហារ បន្ទាប់ពីប្រាសាទដែលជាបេតិកភណ្ឌពិភពលោកមួយនេះបានរងការខូតខាតយ៉ាងធ្ងន់ធ្ងរ ដោយសារសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើប្រទេសកម្ពុជាកន្លងទៅ។ ការស្នើនេះបានធ្វើឡើងក្នុងពេលលោក ធន់​ វឌ្ឍនា ដឹកនាំអង្គទូតបរទេសដែលតំណាងឱ្យប្រទេសជាមិត្តនៅកម្ពុជាទៅពិនិត្យស្ថានភាពជាក់ស្ដែងនៅប្រាសាទព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដំណើរទៅកាន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ មានការចូលរួមពីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ឯកអគ្គរដ្ឋទូតទីម័រ ព្រមទាំងតំណាងពីស្ថានទូតចិន ជប៉ុន ឥណ្ឌូណេស៊ី វៀតណាម និងឡាវ។

ក្នុងសង្គ្រាមរវាងថៃ​-កម្ពុជាចំនួន២លើកកន្លងទៅថ្មីៗនេះ ប្រាសាទព្រះវិហារ ដែលស្ថិតនៅជួរភ្នំដងរែក ក្នុងខេត្តព្រះវិហារ នៃដែនអធិបតេយ្យរបស់កម្ពុជា ត្រូវបានរងការបំផ្លិចបំផ្លាញយ៉ាងកម្រោលដោយអាវុធធន់ធ្ងន់គ្រប់ប្រភេទរបស់យោធាថៃ។ តាមរបាយការណ៍របស់មន្ត្រីជំនាញ ទំហំនៃការខូចខាត ដែលបានកើតឡើងលើរចនាសម្ព័ន្ធប្រាសាទមានចំណុចខូចខាតសរុបរហូតដល់៥៦២កន្លែង ដែលទាមទារឱ្យមានការអន្តរាគមន៍សង្គ្រោះជាបន្ទាន់។

លោក ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានសម្តែងការសោកស្តាយ និងនិយាយថា តំបន់បេតិកភណ្ឌពិភពលោកមិនគួរក្លាយជាឧបករណ៍នៃជម្លោះឡើយ តែត្រូវជាស្ពានសម្រាប់តភ្ជាប់ និងស្វែងយល់ពីអរិយធម៌រវាងគ្នាទៅវិញទៅមក។

ឆ្លើយតបនឹងស្ថានភាពដ៏ធ្ងន់ធ្ងររបស់ប្រាសាទព្រះវិហារ អនុប្រធានព្រឹទ្ធសភា បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យចូលរួមបង្កើត «មូលនិធិជួសជុលប្រាសាទ» ដើម្បីស្តារឡើងវិញនូវរចនាសម្ព័ន្ធដែលរងការខូចខាតទាំង៥៦២កន្លែងនោះ និង «មូលនិធិស្តារសេដ្ឋកិច្ចព្រំដែន» ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាព និងសមត្ថភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។

លោក ជឿជាក់ថា កម្ពុជា និងថៃ ព្រមទាំងសហគមន៍អន្តរជាតិ នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាដើម្បីជួសជុលប្រាសាទឡើងវិញ ហើយនាំមកនូវសន្តិភាព វិបុលភាពយូរអង្វែង ពិសេសសម្រាប់ប្រជាជនតាមបណ្តោយព្រំដែន។ «ប្រាសាទព្រះវិហារមិនរងាទេ ព្រោះវាមិនមែនជារបស់ប្រទេសណាមួយដាច់មុខនោះឡើយ វាគឺជាមរតកមនុស្សជាតិសម្រាប់គ្រប់ជាតិសាសន៍មកទស្សនា និងរួមគ្នាការពារ»។ លោក ធន់ វឌ្ឍនា លើកឡើងបន្ថែមយ៉ាងដូច្នេះ។

ដោយឡែកបេសកកម្មដែលមានការចូលរួមពីអង្គទូតពេលនេះ លោកចាត់ទុកថា គឺជាសក្ខីភាពនៃឆន្ទៈរបស់កម្ពុជាក្នុងការប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាព្រំដែនសន្តិភាព ដែលការពារដោយការយោគយល់គ្នា និងធានាថាប្រាសាទព្រះវិហារនឹងនៅតែជាទ្រព្យសម្បត្តិដ៏រុងរឿងរបស់មនុស្សជាតិជារៀងរហូត។

នៅចំពោះមុខអង្គទូត លោកអនុប្រធានទី២ព្រឹទ្ធសភា ក៏មិនបានភ្លេចបញ្ជាក់ជាថ្មីពីជំហរកម្ពុជានៅតែបន្តបើកចំហជានិច្ចសម្រាប់ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី និងមិត្តភាព តាមរយៈយន្តការពហុភាគី និងយន្តការច្បាប់អន្តរជាតិនានារបស់អង្គការសហប្រជាជាតិ ដើម្បីឆ្ពោះទៅរកសន្តិភាព និងវឌ្ឍនភាពយូរអង្វែងនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម