វប្បធម៌ ជំនឿ
ពិធីសែនចងដៃ នៃពិធីរៀបការ ជនជាតិដើមភាគតិចគ្រឹង ដែលយើងមិនធ្លាប់ដឹង
ប្រពៃណីបងប្អូនជនជាតិដើមភាគតិច គ្រឹង ពេលណាឪពុកម្តាយទាំងសងខាងទទួលដឹងឮថា កូនប្រុស និងកូនស្រី មានទំនាក់ទំនងគ្នា ចង់រស់នៅជាមួយគ្នាជាប្ដីប្រពន្ធហើយ ឪពុក ម្តាយខាងស្រីក៏បង្គាប់ឱ្យកូនប្រុសមកជួយធ្វើការងារមួយចំនួននៅផ្ទះខាងស្រី ដើម្បីសម្គាល់មើលពីអត្តចរិត និងមើលពីសកម្មភាពការងាររបស់កូនប្រុសនោះរយៈពេលប្រហែលមួយឆ្នាំ ចំណែកខាងកូនស្រី ក៏ត្រូវទៅជួយធ្វើការងារខាងប្រុសខ្លះៗវិញដែរ។

ចំពោះ ការកំណត់ពេលវេលារៀបការ លោក ថុល យុពង្ស ជាប្រធានការិយាល័យសិប្បកម្ម សូនរូប ទទួលបន្ទុកការងារមត៌កវប្បធម៌អរូបី នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តរតនគិរី បានឱ្យ “កម្ពុជាថ្មី” ដឹងថា ពិធីរៀបការកូនចៅរបស់បងប្អូនជនជាតិដើមភាគតិច គ្រឹង រៀបចំឡើងនៅពេលបូតស្រូវចម្ការ ឬពេលប្រមូលភោគផលទុកដាក់រួចរាល់ហើយ ក្នុងអំឡុងពី ខែ១ ដល់ខែ៣ ដែលជាខែបងប្អូនអ្នកភូមិទំនេរច្រើន។ ពេលនោះគ្រួសារខាងស្រី រកមេអណ្តើកម្នាក់ (ស្រី)និង គ្រួសារខាងប្រុសរកមេណ្ដើកម្នាក់ (ប្រុស) ដើម្បីមកពិភាក្សាក្នុងពេលរៀបការ និងតម្រូវឱ្យមេអណ្ដើកទាំងពីរទទួលខុសត្រូវចំពោះការខុសឆ្គងទាំងឡាយរបស់ប្តី ប្រពន្ធថ្មីនេះ។

លោក ថុល យុពង្ស លើកឡើងថា៖ “ចំពោះពិធីរៀបការ គេរៀបចំឡើងជា ៦ ដំណាក់កាល។ ដោយសុំលើកយកតែ ដំណាក់កាលទី១ មកបង្ហាញសិន គឺ ពិធីសែនចងដៃពេលព្រឹក នៅផ្ទះកូនកំលោះ។ ពិធីនេះមានលំដាប់សម្រាប់សែនព្រេន ត្រូវមានមាន់ ១ ក្បាល និងស្រា ៣ ពាង”។
លោក ថុល យុពង្ស លើកឡើងបន្តថា៖ “មេអណ្ដើកម្នាក់ទៅកាប់មាន់ដើម្បីស្ងោរទុករៀបសែនព្រេន មេអណ្ដើកម្នាក់ទៀត និងកូនកំលោះទៅដងទឹកមកចាក់ពាងស្រា។ បន្ទាប់មកគ្រួសារទាំងសងខាង ព្រមទាំងសាច់ញាតិបងប្អូនដែលបានមកចូលរួមក្នុងកម្មវិធីនាំគ្នាហូបបាយសិន លុះពេលរសៀលទើបរៀបពិធីសែនព្រេន”។

លោក សាមៀន ចាម៉ាក់ ចាស់ទុំ ក្នុងភូមិ និងជាមេអណ្ដើក បានឱ្យដឹងថា របៀបនៃការសែនព្រេន រៀបការរបស់ជនជាតិដើមភាគតិចគ្រឹង គឺ មេអណ្ដើកម្នាក់យកចង្អេរមួយមកដាក់មាន់ស្ងោរ ហើយមេអណ្ដើកម្នាក់ទៀតយកបំពង់បឺតទៅដោតក្នុងពាងស្រា និងយកឈើដោតបេះដូងមាន់មកដាក់នៅមាត់ពាងស្រាទាំងបី រួចយកបន្ទះឫស្សីធ្វើពិធី គៀសមាត់ពាង ភាសាគ្រឹង “រើរឹស” ទាំងបីពាងដើម្បីបន់ស្រន់ដល់អារក្ស ជីដូនជីតា ឱ្យពួកគាត់ទទួលដឹងលឺ និងជួយថែរក្សាកូនកំលោះ ដែលត្រូវចេញទៅរស់នៅខាងផ្ទះកូនក្រមុំ។ បន្ទាប់មកឪពុកខាងប្រុសយកស្លឹកចេកខ្ចប់បាយ សម្លរ ថ្នាំជក់ ស្លា ម្លូ រួមស្រោចស្រាពីលើកញ្ចប់ស្លឹកចេកនោះ ដើម្បីសែនព្រេនឱ្យខ្មោច ដែលថែរក្សានៅក្នុងផ្ទះ។

លោក សាមៀន ចាម៉ាក់ លើកឡើងបន្តថា៖ “លក្ខខណ្ឌពេលផឹកស្រាពាង គឺ ឪពុក ម្តាយខាងប្រុសជូនស្រា ១ ពាងឱ្យមេអណ្ដើកទាំងសងខាងសម្រាប់ផឹក រីឯស្រា ១ ពាង សម្រាប់ឪពុកម្តាយទាំងសងខាងផឹក និងស្រា ១ ពាងទៀត សម្រាប់សាច់ញាតិបងប្អូនដែលបានចូលរួមផឹក។ បន្តផឹកស្រាពាងកំដររហូតដល់ម៉ោងប្រហែល ២ រសៀល ទើបក្រុមគ្រួសារខាងប្រុស និងសាច់ញាតិចេញដំណើរទៅធ្វើពីធីនៅផ្ទះខាងស្រីវិញម្តង”។
លោក សាមៀន ចាម៉ាក់ បានឱ្យដឹងបន្ថែមថា ក្នុងពិធីនោះដែរ ម្តាយកូនកំលោះផឹកផង រៀបចំសម្ភារៈប្រើប្រាស់របស់កូនកំលោះមួយចំនួនផងដែរ ដើម្បីយកទៅរស់នៅផ្ទះខាងស្រីមានដូចជា៖ កាផា ១ កូនកាំបិត ១ កាំបិតផ្គាក១ ដឹង ១ ស្នា ១ អង្ករមួយដប តំណាងព្រលឹង អំបិលមួយដប កន្ទេល ១ ភួយ ១ សំពត់ ១ អង្ករមួយចាន។

គួរបញ្ជាក់ថា នៅក្នុងពិធីពិធីសែនចងដៃពេលព្រឹក នៅផ្ទះកូនកំលោះ របស់បងប្អូនជនជាតិដើមភាគតិចគ្រឹង ប្រើភ្លេងសម្រាប់កំដរក្នុងពិធី ដោយក្រុមសិល្បៈវាយគង ៥ ផ្លែ លេងបទស៊ីផឹក “ហ្គងញៀត”៕
អត្ថបទ៖ ច័ន្ទវីរៈ
សូមរង់ចាំអានអត្ថបទ៖ “ពិធីសែនទទួលកូនកំលោះពេលល្ងាចនៅផ្ទះកូនក្រមុំ នៃជនជាតិដើមភាគតិច គ្រឹង” បន្តទៀត។
សូមចុចអានព័ត៌មានពាក់ព័ន្ធ៖ “មកដឹង ទំនាក់ទំនងស្នេហាមុនរៀបការ របស់ ជនជាតិដើមភាគតិច គ្រឹង ខេត្តរតនគិរី”
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


