វប្បធម៌ ជំនឿ
ចូលវស្សាហើយ មកឈ្វេងយល់ ដើមកំណើត យក្សជាល ទីងមោងខ្មែរ ដែលអ្នកមិនធ្លាប់ដឹង
នៅតាមដងផ្លូវ នៅរដូវបុណ្យចូលព្រះវស្សានេះ យើងអាចនឹងឃើញ មានលោកយាយ លោកតា គណៈកម្មការវត្តតាមបណ្ដាខេត្ត ដើររៃអង្គាស និងទទួលបច្ច័យពីពុទ្ធបរិស័ទ ដើម្បីជាវទៀន ជាវប្រេង ចង្ហាន់ និងបរិក្ខាផ្សេងៗប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា។ ជាមួយគ្នានោះ ក៏ឃើញ រូបយក្ស ឬរូបមនុស្ស-ប្រុសស្រី មាឌធំ ដើរឡកតាមចង្វាក់ភ្លេងឆៃយ៉ាំ ឬស្គរ ទទួលបច្ច័យផងដែរ។ សម្បករូបមាឌធំនោះ ត្រូវបានប្រជាពលរដ្ឋហៅថា ទីងមោង ឬ អ៊ុងឌា។

យុវជន ហេង ហ៊ុយហ៊ួង បានលើកឡើងថា ទីងមោងមាន ២ ប្រភេទ មួយជាទីងមោងសម្រាប់ចាំស្រែ ហើយមួយទៀតជាទីងមោងដែលមានរូបជាមនុស្សប្រុសស្រីធំៗ ហើយរាំ។ អ្នកខ្លះបានហៅទីងមោងដែលគេហែក្នុងពិធីបុណ្យសាសនានោះថា “អ៊ុងឌា”។

យុវជន ហៀម ចិត្រាច និង ឆាយ គីមហ៊ង បានបញ្ជាក់ថា ទីមោងត្រូវបានគេធ្វើពីឫស្សីមានទម្រង់ និងមុខមាត់ដូចជាមនុស្ស តែប្រហោងក្នុង ដោយមានស្លៀកពាក់រូបពណ៌ឆើតឆាយ។ ដើម្បីឱ្យទីងមោងមានសកម្មភាព មនុស្សបានចូលទៅខាងក្នុង ហើយធ្វើកាយវិកាទៅតាមការណ៍ដែលខ្លួនចង់ ពិសេសទៅតាមចង្វាក់ភ្លេងឆៃយ៉ាំដែលបន្លឺឡើង។

លោក អាំង ជូលាន សាស្រ្ដាចារ្យផ្នែកនរវិទ្យា និងសិលាចារិកវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានឱ្យនិយមន័យទីងមោង ថា ទីងមោង គឺសំដៅទៅលើអ្វីដែលមិនមែនជាការពិត តែគេធ្វើវាឱ្យធំតាមរូបរាង និងសណ្ឋានរបស់មនុស្ស ប៉ុន្ដែមានតួនាទីដើម្បីបន្លាច។ កាលពីដើមឡើយ ទីងមោង ត្រូវបានគេហៅថា “យក្សជាល” ព្រោះគេគូសមុខទីងមោងឱ្យទៅជាយក្ស ហើយខ្លួនទីងមោងត្រូវបានគេធ្វើឡើងដោយក្រងពីឫស្សី ហើយយកក្រដាសមករុំ ដើម្បីធ្វើឱ្យព្រាយក្នុងភូមិខ្លាច។

ដោយសារតែប្រវត្តិសាស្រ្ដដ៏ជូរចត់របស់ខ្មែរក្នុងសម័យអាណានិគមបារាំងរយៈពេលជាច្រើនសតវត្សរ៍ ផ្នត់គំនិតរបស់ពលរដ្ឋខ្មែរក៏មានការវិវត្តផ្លាស់ប្តូរតាមលក្ខខណ្ឌរស់នៅក្នុងសម័យនោះ។ លោកសាស្រ្ដាចារ្យ អាំង ជូលាន បានបញ្ជាក់ថា ភាពភ័យខ្លាចរបស់ប្រជាជនខ្មែរចំពោះពួកបារាំង គឺនៅពេលបារាំងចូលមកក្នុងភូមិមានការអ្វីម្ដងៗ អ្នកភូមិរត់អស់ហើយ បើស្រីៗរត់អស់តែម្ដង។ ពីមុនគេគិតថា បារាំងច្រមុះស្រួចមើលតែផ្លែកាំបិត មុខមាត់ស្រមេមស្រម៉ូម មាឌធំ ហើយនិយាយស្ដាប់គ្នាមិនបានទៀតធ្វើឱ្យមនុស្សខ្លាច។ ដោយសារតែបញ្ហានេះ ទើបអ្នកភូមិបាននាំគ្នាឈប់ធ្វើយក្សជាល ហើយនាំគ្នាធ្វើទីងមោង ដែលមានមុខមាត់ និងមាឌដូចជាបារាំង ដើម្បីបន្លាចខ្មោចព្រាយក្នុងភូមិដែលចាំបង្កជំងឺរាតត្បាត។

ពុទ្ធសាសនិកជនទាំងក្មេងទាំងចាស់តែងតែមកជួបជុំគ្នានៅវត្តអារាមក្នុងពិធីបុណ្យសាសនានានា ជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យវត្តក្លាយជាបណ្ដាញសាមគ្គីភាពរបស់អ្នកស្រុកអ្នកភូមិ។ សាស្រ្ដាចារ្យ អាំង ជូលាន បានបកស្រាយថា បុណ្យកឋិន បុណ្យផ្កា ធ្វើឡើងក្នុងគោលបំណងកសាងអ្វីមួយឱ្យវត្ត ឬសាងសង់ស្ពានតូចៗ និងផ្លូវ ដូច្នេះគេក៏ធ្វើទីងមោងមួយគូដែលមានមាឌធំជាងមនុស្សធម្មតា ហើយស្លៀកពាក់ជាមនុស្សប្រុសម្នាក់ ស្រីម្នាក់រាំតាមចង្វាក់ភ្លេងឆៃយ៉ាំ ដើម្បីប្រមូលបច្ច័យពីពុទ្ធបរិស័ទចំណុះជើងវត្ត ធ្វើការកសាងសម្មិទ្ធិផលដើម្បីវត្ត និងភូមិ។ បច្ចុប្បន្ននេះការហែរទីងមោង គឺជាសិល្បៈប្រជាប្រិយដែលអ្នកភូមិយកមកប្រើប្រាស់តៗគ្នា ហើយគ្មានសាលា ឬគ្រូណាម្នាក់បង្រៀនមុខវិជ្ជារាំរបាំទីងមោងនោះទេ។

ប៉ុន្ដែបច្ចុប្បន្ន ការហែទីងមោងបានបាត់បង់បន្ដិចម្ដងៗ ហើយការណ៍ដែលប្រជាពលរដ្ឋខ្មែរមួយចំនួនហៅទីងមោងថា “អុងឌា” នោះ គឺជាភាសាវៀតណាម ហើយនៅកន្លែងខ្លះទៀតដែលមានជនជាតិវៀតណាមច្រើននោះបាននាំគ្នាយកទីងមោងទៅជាលេងជាមួយភ្លេងរបស់អ្នកតាចិន។

មានទីងមោងមួយប្រភេទទៀត គឺប្រជាពលរដ្ឋបានធ្វើដាក់តាំងមុខផ្ទះ ឬនៅស្រែ នៅចម្ការ។ លោកបណ្ឌិត មីស្ហែលត្រាណេ អ្នកឯកទេសផ្នែកបុរាណវិទ្យា បានលើកឡើងថា ជំនឿដាក់ទីងមោងនៅមុខផ្ទះ គឺដើម្បីបញ្ចៀសនូវឧបទ្រពចង្រៃគ្រប់ប្រភេទ គឺជាប្រពៃណីដូនតាដែលមានលក្ខណៈប្រជាប្រិយច្រើនជាងវិទ្យាសាស្ត្រ។

លោកបានបញ្ជាក់ថា ការធ្វើទីងមោងស្ថិតក្នុងចន្លោះខែធ្នូ និងមេសា នៅតាមភូមិស្រុក ព្រោះថា រដូវនេះជំងឺដង្កាត់មួយចំនួនតែងតែកើតមានឡើងជាប្រចាំ ដូចជាជំងឺអាសន្នរោគជាដើម។ នៅកន្លែងខ្លះ ប្រជាពលរដ្ឋបានប្រើសញ្ញាជើងក្អែក ដែលគេគូរលើក្តារជញ្ជាំងផ្ទះ ឬក៏លើបាតក្អមជំនួសទីងមោង ហើយព្យួរនៅមុខផ្ទះ ដើម្បីមូលហេតុដូចគ្នាដែរ។

បណ្ឌិត មីស្ហែលត្រាណេ បានបន្តថា ដូចនេះទីងមោង និងសញ្ញាក្អែក គឺនិយមឡើងសម្រាប់បន្លាចខ្មោចបិសាចកុំឱ្យមករំខានអុកឡុកមនុស្សក្នុងសង្គម។
ដោយសារតែការបន្សាំវប្បធម៌របស់ខ្មែរជាមួយបរទេស លោកសាស្រ្ដាចារ្យ អាំង ជូលាន បានសម្ដែងក្ដីបារម្ភចំពោះសិល្បៈរបស់ខ្មែរ ដោយលោកលើកឡើងថា បើរបស់ទាំងអស់នោះ បេតិកភណ្ឌអរូបិយ បាត់ គឺបាត់ហើយ មិនកើតឡើងវិញនោះទេ ហើយយើងក៏មិនអាចជួសជុលវាដូចជារបស់រូបិយបានដែរ។ លោកបានអំពាវនាវឱ្យពលរដ្ឋខ្មែរត្រូវតែរក្សានូវអ្វីដែលជាទំនៀមទម្លាប់របស់ខ្មែរ ទោះជារូបិយ ឬអរូបិយក៏ដោយ ព្រោះវាជាមរតករបស់ខ្មែរ។

ថ្មីៗនេះមានយុវជន ២ រូបជាបងប្អូនគ្នា រស់នៅស្រុកស្អាង ខេត្តកណ្ដាល បានបន្តមុខរបរផលិតទីងមោងពីឪពុក ដោយបានកែច្នៃមុខទីងមោងមិនសូវស្អាតទៅជាមុខតារាជាតិ និងបរទេសពេញនិយមល្បីៗ ហើយទទួលបានការចាប់អារម្មណ៍ជាច្រើន និងលែងសូវមានអ្នកខ្លាចទីងមោងដូចមុនទៀត៕
អត្ថបទ៖ ច័ន្ទ វីរៈ




-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស