Connect with us

វប្បធម៌ ជំនឿ

ល្ខោននិយាយរឿង “ថៅកែចិត្តចោរ” ទទួលការគាំទ្រហួសការស្មាន នៅសម្ដែង ១យប់នេះទៀត

បានផុស

នៅ

ការសម្ដែងល្ខោននិយាយ រឿង “តៃកុងហំ ថៅកែចិត្តចោរ” កាលពីយប់មិញ ទទួលការគាំទ្រ ទិញសំបុត្រលើសការរំពឹងទុក រហូតត្រូវថែមកៅអីទស្សនា មូយ គុណ នឹង ពីរ នៅតែមានមហាជនចង់ទិញសំបុត្រទស្សនាបន្តទៀត។ ចំណែកនៅម៉ោង ៧យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ ជាថ្ងៃសម្ដែងចុងក្រោយ ក៏មានការទិញសំបុត្រអស់លើសគម្រោងផងដែរ រហូតក្រុមការងារត្រូវថែមកៅអីបន្តទៀត និងនៅសល់តិចតួចទៀតប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀតពេលដ៏មមាញឹក ខណៈត្រូវត្រៀមសម្ដែងថ្ងៃចុងក្រោយនៅវេលាម៉ោង ៧ រាត្រីនេះទៀត លោក សួង សុភ័ក្រ ជាអ្នកដឹកនាំរឿងល្ខោន បានឱ្យ “កម្ពុជាថ្មី” ដឹងមុននេះថា ការសម្ដែងល្ខោននិយាយរឿង តែកុងហំ ចៅកែចិត្តចោរ កាលពីយប់ម្សិលមិញ គឺគ្រោងលក់តែ ១០០ សំបុត្រទេ ប៉ុន្តែមានមហាជនមកទិញច្រើន ក៏បន្ថែមលក់ ១០០សំបុត្រទៀត។ លោកបញ្ជាក់បន្ថែមថា បើនៅបើកលក់សំបុត្រតាម App បន្តទៀត នឹងមានអ្នកទិញទៀត ប៉ុន្តែក្រុមការងារបានបិទត្រឹម ២០០ សំបុត្រ នៅពេលរសៀលម្សិលមិញ។

លោក សួង សុភ័ក្រ បញ្ជាក់បន្ថែមថា៖ “មានទស្សនិកជនមកមើលច្រើន យើងសប្បាយចិត្តដែលមានអ្នកមកគាំទ្រល្ខោននិយាយច្រើនបែបនេះ។ នេះជាការសម្ដែងលើកទី៦ ដែលខ្ញុំធ្លាប់ធ្វើកន្លងមក។ ការសម្ដែងលើកនេះ ទទួលការគាំទ្រច្រើនជាងលើកមុនៗ ព្រោះការផ្សព្វផ្សាយខ្លី ហើយអត់បានផ្សាយអីច្រើនទេ។ ឃើញថា សំទុះអ្នកគាំទ្រការសម្ដែងលើកនេះច្រើនជាងលើកមុន ហើយសុទ្ធតែជាអ្នកស្រឡាញ់ល្ខោន ស្រឡាញ់សិល្បៈ”។  

អ្នកដឹកនាំរឿងល្ខោន រូបនេះ បានឱ្យដឹងថា សម្រាប់សំបុត្រទស្សនការសម្ដែងចុងក្រោយ នៅយប់នេះ មកដល់ពេលនេះ លក់សំ​បុត្រអស់ ៨០% ឬជាង ១៦០ សន្លឹកហើយ គឺលើសគម្រោង ដែលគ្រោងលក់តែសម្រាប់ ១០០ កន្លែង។ លោកបានឱ្យដឹងបន្ថែមថា ក្រុមការងារនឹងថែមសំបុត្រទៀត គឺត្រឹមសរុប ២០០ កន្លែង ដូចម្សិលមិញដែរ ដែលអាចនឹងលក់អស់មុនសម្ដែង ពេលល្ងាចនេះ។

ចំពោះមូលហេតុការជ្រើសរើស ល្ខោននិយាយរឿង “តៃកុងហំ ថៅកែចិត្តចោរ” មកសម្ដែង ខណៈរឿងនេះ ធ្លាប់សម្ដែងកន្លងមកហើយនោះ លោក សួង សុភ័ក្រ បញ្ជាក់ថា៖ “ខ្ញុំស្រឡាញ់រឿងហ្នឹង ព្រោះបានឆ្លុះបញ្ចាំងបង្ហាញពីតថភាពសង្គម និយាយពីបញ្ហាអ្នកមាន អ្នកក្រ។ កន្លងមកយើងដំឡើងល្ខោននិយាយ ហ្វឹកហាត់យូរថ្ងៃ តែសម្ដែងបានតែម្ដងៗ ប៉ុន្តែជាទូទៅ ល្ខោន បើនៅស្រុកគេវិញ គេហាត់ម្ដង គេលេង ២០ ដង ឬ ១ឆ្នាំឯណោះ គេលេងជាប់តែម្ដង។ ប៉ុន្តែសម្រាប់ស្រុកយើង ដំឡើងរឿងម្ដង សម្ដែងម្ដង។ អ៊ីចឹង សម្រាប់អ្នកទស្សនា នៅតែចង់ទស្សនា ប៉ុន្តែយើងខ្វះកន្លែងសម្ដែង យើងខ្វះថវិកាក្នុងការសម្ដែងឱ្យបានយូរ”។

អ្នកដឹកនាំរឿងល្ខោននិយាយខាងលើ ហើយក៏ជាអ្នកដឹកនាំភាពយន្តរឿង “ភិក្ខុពនេរចរ” ផងនោះ បានឱ្យដឹងបន្ថែមថា បន្ទាប់ពីបញ្ចប់ការសម្ដែងល្ខោននិយាយនេះទៅ លោកនឹងមានគម្រោងច្រើនទៀត ក្នុងនោះមានកិច្ចសហការជាមួយ វិទ្យាស្ថានបារាំង ធ្វើការសម្ដែងបន្តទៀត។

លោក សួង សុភ័ក្រ បញ្ជាក់ថា៖ “ការសម្ដែងល្ខោននិយាយលើកនេះ ជាការសាកល្បងជាមួយគ្នា។ ប៉ុន្តែបន្ទាប់ពីខាងសាលាបារាំងឃើញការគាំទ្រច្រើនពីម្សិលមិញបែបនេះ ធ្វើឱ្យគាត់ភ្ញាក់ផ្អើល គាត់សប្បាយចិត្ត គាត់ថា មិនដែលឃើញមានទស្សនិកជនមកមើលល្ខោនសុទ្ធតែខ្មែរទេ កន្លងមកកន្លែងគាត់សម្បូរតែបរទេស។

ចំពោះ ការសម្ដែងល្ខោននិយាយរឿង ថៅកែចិត្តចោរ ឬ តៃកុងហំ ថ្ងៃទី១ បានបញ្ចប់ដោយជោគជ័យនេះ អង្គការសកម្មភាពសិល្បៈខ្មែរ ដែលជួយការងារផ្សព្វផ្សាយ បានលើកឡើងថា ក្រុមការងារ ក៏ដូចជាសិល្បៈករ សិល្បៈការិនីគ្រប់រូប សូមលំឱនកាយគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការមកចូលរួមទស្សនារបស់លោកលោកស្រីដ៏ច្រើនកុះករលើសពីការរំពឹងទុក។ ការគាំទ្ររបស់លោក លោស្រី គឺជាកម្លាំងចិត្តដ៏ធំធេងសម្រាប់ក្រុមការងារបន្តជំហានទៅមុខ ដើម្បីនាំយកនូវផ្ទាំងទស្សនីយភាពអក្សរសិល្ប៍ខ្មែរល្អៗដ៏ទៃទៀតមកសម្ដែងជូននាពេលខាងមុខ។

គួរបញ្ជាក់ថា រឿង តៃកុងហំ ថៅកែចិត្តចោរ ជាប្រលោមលោក ស្នាដៃនិពន្ធដោយ លោកសាស្រ្តាចារ្យ​ ពៅ​ យូឡេង និង អុំឈឺន តែងក្នុងឆ្នាំ ១៩៥៦។ រឿងនេះ ត្រូវបានដាក់ក្នុងកម្មវិធីសិក្សាមធ្យមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។

គួររំលឹកថា ល្ខោននិយាយ​មាន​លំហូរ​ចូលមក​ពី​ប្រទេស​បារាំង​នៅ​សម័យ​អាណានិគម​បារាំង​នៅ​ចន្លោះ​ឆ្នាំ​១៩៤០ តាមរយៈ​ជនជាតិ​បារាំង​ម្នាក់ ដោយ​ជនជាតិ​បារាំង​នោះបាន​បង្រៀន​នៅក្នុង​សាលា​គរុកោសល្យ​របស់​គ្រូ​ដើម្បី​ជួយ​សម្ដែង​រឿង​ខ្លី​ពាក់ព័ន្ធ​នឹង​ប្រទេស​បារាំង។ បន្ទាប់មក​បន្តិច​ម្ដងៗ​ល្ខោននិយាយ​ក៏បាន​អភិវឌ្ឍន៍​ទៅមុខ​ល្អប្រសើរ​ ទទួលការ​ចាប់អារម្មណ៍​ខ្លាំងពី​ប្រជាជន​នៅ​ក្នុងសម័យ​សង្គមរាស្ត្រនិយម​។ ល្ខោននិយាយ​មានការ​អភិវឌ្ឍ​ជាខ្លាំង ​ដោយសារ​មាន​ព្រឹទ្ធាចារ្យ​ល្បី​ដូចជា ព្រឹ​ទ្ធា​ចា​រ្យ ហុង គឹម​ហាក់​ បានធ្វើការ​ជាខ្លាំង​ទៅលើ​ល្ខោននិយាយ​នេះ និង​សម្ដេច​ សីហនុ​ ជា​ប្រមុខ​ក៏បាន​គាំទ្រ​ល្ខោននិយាយ​នេះ​ខ្លាំង​ដែរ។

នៅក្នុង​សម័យ​សា​រណៈ​រដ្ឋ​កម្ពុជា​ឆ្នាំ​១៩៨០ និង​ឆ្នាំ​១៩៨១ ក៏បានចាប់ផ្ដើម​ប្រមូល​អ្នកចេះដឹង​ផ្នែក​ល្ខោននិយាយ​នេះ មក​ជុំគ្នា​វិញ​ បន្ទាប់ពី​សម័យ​ខ្មែរក្រហម​បាន​ដួលរលំ ដោយ​ក្នុងពេលនោះ​មាន​គ្នា​តែ​ ៣​ទៅ​ ៤​នាក់​ប៉ុណ្ណោះ។ ដូច្នោះ​នៅ​ឆ្នាំ​១៩៨១ ក៏​ចាប់ផ្ដើម​បើក​សាលា​ថ្នាក់​ល្ខោននៅក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ​ ដោយ​ជ្រើសរើស​សិស្ស​ចូលរៀន ដែលមាន​លោកគ្រូ​ ហួត ស៊ីថន​ ជា​សិស្ស​ជំនាន់​ទី១ ​ក្នុង​សាលា​ល្ខោន​ប្រទេស​កម្ពុជា​​។​ ​ល្ខោននិយាយ​នៅក្នុង​ប្រទេស​កម្ពុ​ជាប​ច្ចុ​ប្ប​ន្ន មាន​សាលា​មធ្យម​វិចិត្រសិល្បៈ និង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ទទួល​សិស្ស​រៀន​ជា​រៀងរាល់ឆ្នាំ៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទី មុន

១ សប្តាហ៍នេះ ក្រសួងការងារ មានតម្រូវការកម្លាំងពលកម្មជាង ៥ ម៉ឺន ៧ ពាន់កន្លែង សម្រាប់បម្រើលើវិស័យធំៗ ៣

ជីវិតកម្សាន្ដ២៤ នាទី មុន

ជម្លោះរវាង ម៉េង កែវពេជ្ជតា និង ចន ច័ន្ទលក្ខិណា បានឈានដល់ទីបញ្ចប់

ព័ត៌មានអន្ដរជាតិ៣៦ នាទី មុន

មនុស្ស៦នាក់​ស្លាប់​និង​៦​នាក់របួស​​​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​នៅមណ្ឌលថែទាំ​មនុស្ស​ចាស់​នៅ​ក្រូអាស៊ី

ព័ត៌មានជាតិ៣៦ នាទី មុន

ទឹកប្រាក់ជាង២០០លានដុល្លារត្រូវបានCGCC ធានាលើការផ្តល់កម្ចីដល់SMEs

ជីវិតកម្សាន្ដ៤០ នាទី មុន

ជូរី ល្អហួស រំពឹងផ្សព្វផ្សាយរបាំអប្សរាឲ្យពិភពលោកបានស្គាល់ប្រទេសកម្ពុជាដ៏អច្ឆរិយ

Sokha Hotels

ព័ត៌មានពេញនិយម