ជីវិតកម្សាន្ដ
អ្នកដឹកនាំ ចង់រំសាយក្រុម ខណៈការទិញសំបុត្រល្ខោននិយាយថ្មី ចុងសប្ដាហ៍នេះ មានតិចតួច (មានវីដេអូ)
ក្រុមល្ខោននិយាយ ឥសីវ៉ូលេ ត្រៀមសម្ដែងល្ខោននិយាយថ្មី មានចំណងជើងថា ផ្លែក្រៅដើម នាចុងសប្ដាហ៍ថ្ងៃសៅរ៍ អាទិត្យ ទី១១ ១២ ខែឧសភា ឆ្នាំ២០២៤ នេះ នៅ រាជបណ្ឌិត្យសភាកម្ពុជា ជិតស្ពានអាកាសផ្សារដីហុយ។ ប៉ុន្តែថ្ងៃស្អែកដល់ពេលសម្ដែងហើយ ទើបតែទទួលការបញ្ជាទិញមិនទាន់បានពាក់កណ្ដាលផង ខណៈក្រុមបានចំណាយ និងហ្វឹកហាត់ជាច្រើនខែ។ អ្នកដឹកនាំក្រុមបាន លើកឡើងថា លោកនឹងរំសាយក្រុម មិនមានលទ្ធភាពទ្រទ្រង់ក្រុមបន្តទៀត។

លោក ណេន ភារិទ្ធ ប្រធានក្រុមឥសីវ៉លេ បានឱ្យ “កម្ពុជាថ្មី” ដឹងថា សម្រាប់សិល្បករផ្នែកល្ខោននិយាយ មានការព្រួយបារម្ភក្នុងការដំឡើងស្នាដៃថ្មី ខណៈភាពដដែលៗរបស់សិល្បៈ គឺជាសត្រូវនៃកែវភ្នែក អារម្មណ៍ទស្សនិជន។ ពេលនិយាយពីល្ខោននិយាយ គឺគេនឹកស្រមៃរឿងប្រលោមលោក ឬអក្សរសិល្បិ៍ ដូចជារឿង កុលាបប៉ៃលិន ថៅកែចិត្តចោរ ផ្កាស្រពោន កំពង់ធំជំរុំចិត្ត សុផាត ជាដើម។ ជាក់ស្ដែង ក្រុមឥសីវ៉ូលេ បានដំឡើងស្នាដៃថ្មី គឺ រឿង ផ្លែក្រៅដើម ដែលគ្រោងនឹងសម្ដែងនៅចុងសប្ដាហ៍នេះ ប៉ុន្តែទទួលការបញ្ជាទិញតិចតួចខ្លាំង។

លោក ណេន ភារិទ្ធ បញ្ជាក់ថា៖ “មកដល់ពេលនេះ យើងទទួលបានការលក់សំបុត្រតិច ក្នុងសាលសម្ដែងដែលដាក់បានទស្សនិកជន ៥០០ នាក់ ថ្ងៃសម្ដែងទី១ ទើបលក់បានប្រមាណ ២០០ សំបុត្រ ហើយថ្ងៃទី២ បានប្រហែល ១០០សំបុត្រទេ។ សម្រាប់ពួកខ្ញុំហាក់ដូចជាបាក់ទឹកចិត្ត ប៉ុន្តែខ្ញុំខំទាញចិត្តមកវិញថា យើងធ្វើលើកទី១ លើកទី២ រឿងកុលាបប៉ៃលិន រឿងមរណភាពចម្លែក យើងទទួលបានជោគជ័យ អ៊ីចឹងបើលើកនេះមិនជោគជ័យ យើងគិតថា នៅមានការគាំទ្រអ៊ីចឹង”។

លោក ណេន ភារិទ្ធ លើកឡើងបន្តថា៖ “ប៉ុន្តែមិនជោគជ័យពេលនេះ គឺចំពេលយើងត្រូវការជំនួយយកមកទ្រទ្រង់សកម្មភាពក្រុម ប្រសិនយើងមិនអាចយកថវិកាមកទ្រទ្រង់ក្រុមបានទេ ខ្ញុំសម្រេចចិត្តថា ខ្ញុំរំសាយក្រុមចោលតែម្ដង។ ព្រោះការខិតខំរយៈពេល ១១ឆ្នាំមកនេះ ខ្ញុំអត់ទទួលបានជាលាភសក្ការៈសម្រាប់ចិញ្ចឹមជីវិតទេ ពួកខ្ញុំលះបង់ច្រើន ហើយមិនចង់ឱ្យខាតពេលវេលាបន្តទៀត ព្រោះរយៈពេល ១១ឆ្នាំមកនេះ ពួកខ្ញុំជាកូនខ្មែរដែលបានចូលរួមថែរក្សាសម្បត្តិវប្បធម៌ហ្នឹងហើយ”។

លោក ណេន ភារិទ្ធ បានស្នើប្រជាពលរដ្ឋដែលស្រលាញ់សិល្បៈវប្បធម៌ សូមស្រលាញ់ដោយភ្ជាប់ការចូលរួមគាំទ្រដោយផ្ទាល់ផង ខណៈពេលខ្លះកម្មវិធីតម្រូវឱ្យមានការលក់សំបុត្រ ដើម្បីអាចទ្រទ្រង់ក្នុងការរៀបចំកម្មវិធី ព្រោះរាល់កម្មវិធីសិល្បៈបុរាណពិបាកស្វែងរកម្ចាស់ឧបត្ថម្ភ។ សូមចូលរួមគាំទ្រសិល្បករ និងបណ្ដាសមាគមទាំងអស់ដែលកំពុងធ្វើកិច្ចការថែរក្សាវប្បធម៌។

គួរបញ្ជាក់ថា ល្ខោននិយាយ រឿង ផ្លែក្រៅដើម បង្ហាញពីបញ្ហាក្នុងគ្រួសារមួយ ដែលមានបងប្រុសជាបុគ្គលស្រលាញ់មាតុភូមិ វប្បធម៌ ធម្មជាតិ ហើយគាត់ជួយមនុស្សជុំវិញខ្លួន ខណៈគាត់បានតស៊ូតាំងពីមានតួនាទីតូចរហូតក្លាយជាមន្ត្រីធំបម្រើរាស្ត្រជាតិមាតុភូមិ។ អ្វីដែលមិនសមបំណង គាត់មានប្អូនថ្លៃជាមនុស្សលោភលន់។ តើសាច់រឿងនឹងបញ្ចប់ដោយដំណោះស្រាយបែបណា? សូមអញ្ជើញទៅទស្សនាដើម្បី ទស្សនាទស្សនីយភាពគួរឱ្យចាប់អារម្មណ៍នេះ ក៏ដូចជាលើកទឹកចិត្តសិល្បករ មានលទ្ធភាពបង្កើតស្នាដៃបន្តទៀត។

តម្លៃសំបុត្រ ៤ ម៉ឺនរៀល និង ២ ម៉ឺនរៀល ទូរសព្ទទាក់ទងលេខ៖ ០៨៧ ២៩១ ១១៣/ ០៨៩ ៥៣៣ ៩៩៧/ ០៨៥ ២៥៣ ៥៤៥ ។ ការចូលរួមជួយឧបត្ថម្ភ គាំទ្រ របស់លោកអ្នក គឺជាកម្លាំងចិត្ត ដល់ ក្រុមឥសីវ៉ូលេ អាចដំឡើងស្នាដៃ ឬផលិតវីដេអូអប់រំខ្លីៗ បន្តទៀត។ ABA : 001 25 35 45 / Name : Nen Phearith ៕
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


