វប្បធម៌ ជំនឿ
អ្នកគ្រូ ច័ន្ទ ស្រីលក្ខណ៍ ពីនាដការបាំក្បាច់បុរាណ មកសម្ដែងល្ខោននិយាយ
មហាជនពិតជានៅចងចាំ នាដកា តួអង្គនាងនាគ ដែលបានរាំពត់ពេនរបាំក្បាច់បុរាណយ៉ាងល្វតល្វន់នៅលើអាកាស ចុះមកសំពៅព្រះថោង យ៉ាងស្វាហាប់ ក្នុងព្រឹត្តិការណ៍បើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ហៅកាត់ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជា ជាម្ចាស់ផ្ទះលើកទី១ បន្ទាប់ពីរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។ ឥឡូវ នាដកា រូបនេះ កំពុងត្រៀម បង្ហាញខ្លួនក្នុងផ្ទាំងទស្សនីភាពថ្មី ក្នុងទម្រង់សិល្បៈល្ខោននិយាយ ៣ថ្ងៃ ចាប់ពីល្ងាច ថ្ងៃសុក្រ ទី១៩ ខែកក្កដានេះ។

អ្នកស្រី ច័ន្ទ ស្រីលក្ខណ៍ គ្រូបង្ហាត់របាំបុរាណ សាលាមធ្យមវិចិត្រសិល្បៈ និងជា ជាតួអង្គ ឃុននារី ក្នុងល្ខោននិយាយ រឿង កុលាបប៉ៃលិន បានឱ្យ កម្ពុជាថ្មី ដឹងថា ឯកទេសរបស់អ្នកស្រី គឺ របាំ និងល្ខោនក្បាច់បុរាណ ហើយអ្នកនាងក៏ធ្លាប់ចូលរួមសម្ដែងល្ខោនយីកេ ផងដែរ ដែលមានលក្ខណៈខុសគ្នាពីជំនាញឯកទេស។ ប៉ុន្តែសម្រាប់ សិល្បៈល្ខោននិយាយ គឺកាន់តែខុសថែមឆ្ងាយ ដែលទាមទារឱ្យអ្នកស្រី ហ្វឹកហាត់ច្រើនបន្ថែម លើជំនាញមូលដ្ឋានគ្រឹះ។

អ្នកស្រី ច័ន្ទ ស្រីលក្ខណ៍ បានឱ្យដឹងថា៖ “ទម្រង់ពីរបាំបុរាណមកយីកេ ហើយឥឡូវមកល្ខោននិយាយទៀត គឺមានការលំបាក ហើយខុសគ្នាឆ្ងាយហ្មងបង! ពីមួយទម្រង់ទៅមួយទម្រង់សុទ្ធតែមានការលំបាកទាំងអស់ ប៉ុន្តែគ្រាន់តែទម្រង់ក្បាច់បុរាណជាគ្រឹះដើមរបស់ខ្ញុំ អ៊ីចឹងដល់ពេលមកដល់ទម្រង់ល្ខោននិយាយគឺខុសគ្នាដាច់ ព្រោះរបាំក្បាច់បុរាណយើងគ្រាន់បញ្ចូលអារម្មណ៍តាមចង្វាក់ភ្លេង អត្ថន័យបទចម្រៀង និងបញ្ចូលក្បាច់ ប៉ុន្តែល្ខោននិយាយ គឺយើងបញ្ចូលអារម្មណ៍ទៅតាមសាច់រឿង តួអង្គ ហើយមួយទៀត ចាំបាច់បំផុត គឺតួអង្គត្រូវចាំប៉ារ៉ូល (ឃ្លាសន្ទនា) ដែលត្រូវព្យាយាមដើម្បីទន្ទេញប៉ារ៉ូល”។

អ្នកស្រី ច័ន្ទ ស្រីលក្ខណ៍ បានឱ្យដឹងបន្ថែមថា ពេលត្រូវបាន ក្រុមល្ខោននិយាយឥសីវ៉ូលេ ជ្រើសរើសអ្នកនាង ឱ្យសម្ដែងជាតួអង្គ ឃុននារី ក្នុងរឿង កុលាបប៉ៃលិន អ្នកនាងមានអារម្មណ៍ភ័យ និងបារម្ភខ្លាំងដែរ ព្រោះ តួ ឃុននារី មានចរិតឆ្មាស់ឆ្មើងឆ្មៃ ដែលខុសពីចរិតពិតរបស់អ្នកនាងផ្ទាល់។

អ្នកស្រី ច័ន្ទ ស្រីលក្ខណ៍ បានឱ្យដឹងបន្តថា៖ “ហើយមួយទៀត គឺចរិត តួ ឃុននារីនេះ គឺខុសពីចរិតតួក្នុងល្ខោននិយាយមុន គឺរឿង ផ្លែក្រៅដើម ដែលពេលខ្ញុំបានហាត់សម្ដែង គឺចរិតស្រួលលេង ប៉ុន្តែចរិតតួស្រីរឿង កុលាបប៉ៃលិន នេះ គឺពិបាកលេង ប៉ុន្តែខ្ញុំនៅតែព្យាយាម។ ឈុតដែលពិបាកសម្ដែង គឺឈុតញ៉ិកញ៉ក់ដាក់តួប្រុស ហើយឈុតស្នេហា ក៏ពិបាកសម្ដែងដែរ”។

តួអង្គ ឃុននារី រូបនេះ បានឱ្យដឹងថា ដោយសារ រឿង កុលាបប៉ៃលិន ជារឿងសម័យមុន ពោលគឺស្ថិតក្នុង សម័យអាណានិគមនិយមបារាំង ដូចនេះ អ្នកនាងត្រូវកាត់សំលៀកបំពាក ឱ្យស្របតាមសម័យកាល។ ថ្វីដ្បិតតែដឹងថា កិច្ចការនេះ មិនអាចនាំមកនូវចំណូលច្រើនដល់អ្នកស្រី ខណៈអ្នកដែលស្រីបានចំណាយពេលហាត់រៀនជាង ១០ឆ្នាំ ក្ដី ប៉ុន្តែ អ្នកស្រី នៅតែក្រាញននៀលមិនរាថយបោះបង់សិល្បៈកេរមរតកដូនតាឡើយ។

អ្នកស្រី ច័ន្ទ ស្រីលក្ខណ៍ បានឱ្យដឹងបន្ថែមថា៖ “ទោះមិនបានចំណូលឱ្យសមនឹងការហាត់រៀន ឬលះបង់ ប៉ុន្តែខ្ញុំនៅតែធ្វើ ព្រោះនេះជាក្ដីស្រលាញ់ ខ្លាចបាត់បង់ បង! សម្រាប់ពាក្យថាស្រលាញ់ គឺលះបង់ លះបង់ដើម្បីទ្រទ្រង់គ្រប់ទម្រង់សិល្បៈខ្មែរ មិនថាជំនាញឯកទេសរបស់ខ្ញុំ ឬជំនាញផ្សេងដែលខ្ញុំគ្រាន់ចូលរួមជួយទេ ដោយក្ដីស្រលាញ់ពីចិត្ត ទើបខ្ញុំហ៊ានលះបង់ហ្មង។ ខ្ញុំអត់រំពឹង ឬផ្ដោតលើថវិកាដែលខ្ញុំនឹងទទួលមកវិញទេ”។

គួរបញ្ជាក់ថា ប្រលោមលោក រឿង កុលាបប៉ៃលិន ជាស្នាដៃនិពន្ធរបស់លោក ញ៉ុក ថែម ក្នុងឆ្នាំ១៩៣៦ បង្ហាញពី ការតស៊ូ ភាពស្មោះត្រង់ ខ្លួនទីពឹងខ្លួន ដែលគឺជាវណ្ណកម្មមានប្រជាប្រិយភាពមិនចាញ់ រឿង ផ្កាស្រពោន របស់កវី នូ ហាច ឡើយ។ ល្ខោននិយាយ រឿង កុលាបប៉ៃលិន នឹងសម្ដែងរយៈពេល ៣ថ្ងៃ នៅថ្ងៃទី១៩ ២០ ២១ ខែកក្ដដា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៥:៤០នាទី ល្ងាច នៅសាលមហោស្រពខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា (ចុះពីស្ពានអាកាសដីហុយ ប្រហែល ១០០ ម៉ែត្រ)។ តម្លៃសំបុត្រមាន ២៤ ០០០៛ និង ៤៤ ០០០៛ (៦$ និង ១១$)។ លោកអ្នកអាចចាប់ផ្ដើមទិញសំបុត្របានពីពេលនេះតទៅ តាមរយៈលីងTelegram https://t.me/+yEb-MVLt3g40YzY1

គួរឱ្យដឹងថា ល្ខោននិយាយមានលំហូរចូលមកពីប្រទេសបារាំងនៅសម័យអាណានិគមបារាំងនៅចន្លោះ ឆ្នាំ១៩៤០ តាមរយៈជនជាតិបារាំងម្នាក់ ដែលបានបង្រៀននៅក្នុងសាលាគរុកោសល្យរបស់គ្រូ ដើម្បីជួយសម្ដែងរឿងខ្លីពាក់ព័ន្ធនឹងប្រទេសបារាំង។ បន្ទាប់មកបន្តិចម្ដងៗល្ខោននិយាយក៏បានអភិវឌ្ឍទៅមុខល្អប្រសើរ ទទួលការចាប់អារម្មណ៍ខ្លាំងពីប្រជាជននៅក្នុងសម័យសង្គមរាស្ត្រនិយម។ ល្ខោននិយាយ មានការអភិវឌ្ឍជាខ្លាំង ដោយសារមានព្រឹទ្ធាចារ្យល្បីដូចជា ព្រឹទ្ធាចារ្យ ហុង គឹមហាក់ បានធ្វើការជាខ្លាំងទៅលើល្ខោននិយាយនេះ និង ព្របរមរតនកោដ្ឋ សីហនុ ជាប្រមុខក៏បានគាំទ្រល្ខោននិយាយនេះខ្លាំងដែរ។

នៅក្នុងសម័យសារណរដ្ឋកម្ពុជា ឆ្នាំ១៩៨០ និងឆ្នាំ១៩៨១ បានចាប់ផ្ដើមប្រមូលអ្នកចេះដឹងផ្នែកល្ខោននិយាយនេះ មកជុំគ្នាវិញ បន្ទាប់ពីសម័យខ្មែរក្រហមបានដួលរលំ ដោយក្នុងពេលនោះមានគ្នាតែ ៣ទៅ ៤នាក់ប៉ុណ្ណោះ។ នៅឆ្នាំ១៩៨១ ក៏ចាប់ផ្ដើមបើកសាលាថ្នាក់ល្ខោននៅក្នុងប្រទេសកម្ពុជាឡើងវិញ ដោយជ្រើសរើសសិស្សចូលរៀន ដែលមានលោកគ្រូ ហួត ស៊ីថន ជាសិស្សជំនាន់ទី១ ក្នុងសាលាល្ខោនប្រទេសកម្ពុជា។ ល្ខោននិយាយ នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន មានសាលាមធ្យមវិចិត្រសិល្បៈ និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទទួលសិស្សរៀនជារៀងរាល់ឆ្នាំ ប៉ុន្តែមិនសូវមានសិស្សចូលសិក្សា ដែលជាហេតុនាំឱ្យខ្វះតួសម្ដែងល្ខោននិយាយជាខ្លាំង៕
អត្ថបទ៖ ច័ន្ទ វីរៈ
សូមចុចអានព័ត៌មានពាក់ព័ន្ធ៖ ប្រវត្តិជីវិតពិត៖ តួអង្គនាងនាគ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមកម្ពុជា លើកទី១

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់