វប្បធម៌ ជំនឿ
រដ្ឋមន្ត្រីវប្បធម៌៖ មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ធ្វើឱ្យភាពយន្តកម្ពុជាកាន់តែរីកចម្រើន
លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា ការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៤ ឆ្នាំ២០២៥នេះ គឺជាការជួយជំរុញ និងលើកកម្ពស់ឧស្សាហកម្មភាពយន្តកម្ពុជាកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

ការលើកឡើងនេះ ធ្វើឡើងនាល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសសម្ពោធមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៤ ដោយមានការចូលរួមពីអ្នកសិល្បៈ ផលិតករ ជាច្រើនរូប។ មហោស្រពនឹងរៀបចំចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ មានភាពយន្តចំនួន១៥១រឿង មកពីបណ្តាប្រទេសផ្សេងចំនួន៤១ប្រទេស ក្នុងនោះ កម្ពុជា មានភាពយន្តចំនួន ៦០រឿង។ ចំពោះភាពយន្តទាំង១៥១រឿង មានទាំងប្រភេទរឿងប្រតិដ្ឋកម្ពុជា រឿងប្រតិដ្ឋអន្តរជាតិ រឿងរ៉ាវជុំវិញពិភពលោក ពិភពគួរឱ្យខ្លាចខ្នាតខ្លី ភាពយន្តឯកសារ ជាដើម។ ចំណែកការចួលទស្សនាគឺមិនគិតប្រាក់ឡើយ ដែលធ្វើនៅតាមបណ្តារោងភាពយន្ត និងសណ្ឋាគារ មហោស្រពចំនួន១០ទីតាំងនៅកម្ពុជា។

ក្នុងពិធីសម្ពោធ លោកស្រី ភឿង សកុណា មានប្រសាសន៍ថា៖ “មហោស្រពភាពយន្តអន្តរជាតិកម្ពុជា គឺជាកន្លែងជួបជុំសម្រាប់ការផ្លាស់គំនិតយោបល់ ដែលផលិតករភាពយន្តទាំងអស់អាចសិក្សាស្វែងយល់ និងចែករំលែកបទពិសោធ ហើយក៏ជាវេទិកាបើកជើងមេឃដល់យុវជនកម្ពុជាយើង ដើម្បីស្វែងយល់ពីប្រភពខាងក្រៅ ទាំងសង្គម និងវប្បធម៌ តាមរយៈភាពសម្បូរបែបនៃស្នាដៃភាពយន្តរបស់ប្រទេសនានា ដែលបានយកមកចាក់បញ្ចាំងក្នុងមហោស្រពនេះ”។
ចំពោះលោក Cedric Eloy ប្រធានមហោស្រព មហោស្រពភាពយន្តអន្តរជាតិកម្ពុជា (CIFF) បានបញ្ជាក់ថា មហោស្រពឆ្នាំនេះ ជាស្ពានរវាងកម្ពុជា និងសហគមន៍ជនភៀសខ្លួនខ្មែរសម្រាប់ការភ្ជាប់ទំនាក់ទំនងឡើងវិញ។ លោកបន្តថា ចំណុចពិសេស ឆ្នាំនេះ គឺស្នាដៃ ជីវិតកូនថ្លៃ កូនត្រូវតែរស់ ដែលជាបទពិសោធពិភពនិម្មិត ជាជីវិតពិតរបស់លោក ពិន យ៉ាថៃ អ្នកដែលរស់រានមានជីវិតពីរបបខ្មែរក្រហម។

មហោស្រពឆ្នាំនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ ជឿជាក់ថា នឹងទទួលបានជោគជ័យត្រចះត្រចង់ ព្រមទាំងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងវិស័យភាពយន្តកម្ពុជា។
សូមជម្រាបថា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១៤ នឹងមានចាក់បញ្ចាំងភាពយន្តឥតគិតថ្លៃ មាននៅរោងភាពយន្ត Legend (Exchange Square, Olympia), រោងភាពយន្ត Major Cineplex (AEON Mall 1, AEON Mall 3), រោងភាពយន្តFable សណ្ឋាគារ Rosewood វិទ្យាស្ថានបារាំង មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន STP Gallery និង Cine Hub។ ចំពោះសំបុត្រគឺមិនគិតថ្លៃឡើយ ហើយទស្សនិកជនអាចទទួលសំបុត្រ មុនភាពយន្តចាក់បញ្ចាំងមួយម៉ោង៕
ដោយ៖ អុន ស្រីមាន






-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


