ព័ត៌មានជាតិ
ខ្សែភាពយន្តជប៉ុន១៩រឿង នឹងត្រូវចាក់បញ្ចាំងទស្សនាឥតគិតថ្លៃ តាមរោងភាពយន្តខ្នាតធំៗរបស់កម្ពុជា ចាប់ពីថ្ងៃទី ៦-១៤ ធ្នូ
ខ្សែភាពយន្តជប៉ុន (JFF) ប្រចាំឆ្នាំ២០២៥ចំនួន ១៩រឿង នឹងត្រូវបានចាក់បញ្ចាំងនៅតាមរោងភាពយន្តខ្នាតធំៗរបស់កម្ពុជា ដោយអ្នកអាចចូលរួមទស្សនាដោយមិនត្រូវបានឥតគិតថ្លៃ ដែលរឿងទាំងនេះ នឹងចាក់បញ្ចាំងចាប់ពីថ្ងៃទី ៦-១៤ ធ្នូ ឆ្នាំ២០២៥នេះ។

កម្មវិធីបើកសម្ពោធមហោស្រពភាពយន្តជប៉ុននេះ បានធ្វើឡើង កាលពីរាត្រីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ នៅរោងភាពយន្ត Major Cineplex by Smart នាផ្សារទំនើបអ៊ីអន១ ភ្នំពេញ ក្រោមវត្តមានលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នាយកមូលនិធិជប៉ុនការិយាល័យទំនាក់ទំនងភ្នំពេញ នាយករងមជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន (CJCC) អ្នកសារព័ត៌មាន ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនចូលរួមយ៉ាងកុះករ។

មហោស្រពភាពយន្តជប៉ុនឆ្នាំ ២០២៥ បានពាំនាំយកខ្សែភាពយន្តរបស់ប្រទេសជប៉ុនជាច្រើនមកកាន់រោងកុននៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ មហោស្រពក៏បាននាំមកនូវកម្មវិធីដ៏ពិសេសមួយ៖ Special Feature: A Mini Retrospective on Hirokazu Kore-eda’s Film ដែលនឹងមានការចូលរួមកិច្ចសន្ទនាអំពីភាពយន្ត (Film Talk) តាមអនឡាញពីសំណាក់ លោក Hirokazu Kore-eda អ្នកដឹកនាំខ្សែភាពយន្តដ៏ល្បីល្បាញប្រចាំប្រទេសជប៉ុន ព្រមទាំងអ្នកជំនាញភាពយន្តពីប្រទេស ជប៉ុនមួយចំនួន។

លើសពីនេះ កម្មវិធីក៏មានការចាក់បញ្ចាំងខ្សែភាពយន្តចំនួន ៣ របស់លោក Hirokazu Kore-eda សម្រាប់សាធារណជនទស្សនាដោយឥតគិតថ្លៃ។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមានការសហការជាមួយលោក សូ ច័ន្ទតារា ផលិតករភាពយន្តពី KUDU Studios ដែលបានចូលរួមក្នុងកម្មវិធី ASEAN-Japan Film Programmers and Curators Project ដែលរៀបចំដោយមូលនិធិជប៉ុន (Japan Foundation) និងមហោស្រពភាពយន្ត អន្តរជាតិនៅទីក្រុងតូក្យូ (Tokyo International Film Festival) ឆ្នាំ ២០២៤។

ព្រឹត្តិការណ៍មហោស្រពភាពយន្តជប៉ុនឆ្នាំ ២០២៥ ត្រូវបានរៀបចំឡើង ដោយការិយាល័យទំនាក់ទំនងភ្នំពេញនៃមូលនិធិជប៉ុន ដែលមានការចូលរួមសហការ ពីសំណាក់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ ចាប់តាំងពីឆ្នាំ ២០១៥ មហោស្រពភាពយន្តជប៉ុនបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅកម្ពុជាក្នុងគោលបំណង ចែករំលែកវប្បធម៌រវាងប្រទេសកម្ពុជា និងជប៉ុនតាមរយៈវិស័យសិល្បៈ និងជាពិសេសឧស្សាហកម្មភាពយន្ត។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានមានប្រសាសន៍ថា “ប្រទេសកម្ពុជា និងជប៉ុនបានផ្សារភ្ជាប់ទំនាក់ទំនង និងទំនុកចិត្តរវាងគ្នាជាយូរអង្វែងមកហើយ ពិសេសក្នុងឆ្នាំនេះ ជាខួបលើកទី៧២ នៃការបង្កើតទំនាក់ទំនងការទូតរវាងគ្នា។ ប្រទេសទាំងពីរ បានខិតខំបន្តពូនជ្រំបង្កើតនិងថែរក្សា ទំនាក់ទំនងដ៏ល្អ ប្រសើរក្រោម “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាញឹកញាប់ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំក្នុងវិស័យជាច្រើន។”

លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះកម្មវិធី “ក្រោយពីរីករាយនឹងទស្សនាភាពយន្ត យើងខ្ញុំសង្ឃឹមថា ប្រជាជនកម្ពុជានឹងបានឃើញនូវទិដ្ឋភាពចម្រុះនៃសង្គមនិងវប្បធម៌របស់ប្រទេសជប៉ុន តាមរយៈការទស្សនាភាពយន្តជាច្រើនប្រភេទ ហើយកាន់តែចាប់អាម្មណ៍លើប្រទេសជប៉ុន។ ”មហោស្រពភាពយន្តជប៉ុនឆ្នាំនេះ ត្រូវបានសម្ពោធជាមួយនឹងការចាក់បញ្ចាំងខ្សែភាពយន្ត Sunset Sunrise ដែលជាស្នាដៃដ៏ល្បីល្បាញប្រចាំឆ្នាំ ២០២៥។ ភាពយន្តនេះបានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ទស្សនិកជន និងភ្ញៀវកិត្តិយសដែលបានចូលរួម ដោយសបញ្ជាក់ពីគុណភាពនៃវិស័យភាពយន្តជប៉ុននាពេលបច្ចុប្បន្ន។

គួរបញ្ជាក់ផងដែរថា មហោស្រពភាពយន្តជប៉ុនឆ្នាំ២០២៥ នឹងបន្តចាក់បញ្ចាំងខ្សែភាពយន្តរបស់ប្រទេសជប៉ុនសរុបចំនួន១៩ រឿង ដែលមានប្រភេទផ្សេងៗគ្នាដូចជារឿងភាគ ភាពយន្តបែបប្រឌិត ភាពយន្តបែបអាថ៌កំបាំងនិងស៊ើបអង្កេត ភាពយន្តគំនូរជីវចល ភាពយន្តបែបកំប្លែង និងភាពយន្តបែបបុរាណជាដើម។ ការចាក់បញ្ចាំងខ្សែភាពយន្តទាំងអស់នេះ នឹងប្រព្រឹត្តិឡើងជារៀងរាល់ចុងសប្តាហ៍ចាប់ពីថ្ងៃទី០៦ ខែធ្នូ ដល់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៥ នៅតាមរោងភាពយន្តនានា ទូទាំងទីក្រុងភ្នំពេញ។សំបុត្រចូលទស្សនាត្រូវបានផ្តល់ជូន ដោយឥតគិតថ្លៃ សម្រាប់សាធារណជនទូទៅ ដោយអ្នកទស្សនាអាចទទួលបានសំបុត្រនៅទីតាំងចាក់បញ្ចាំងខ្សែភាពយន្តផ្ទាល់៕
ដោយ ៖ ស្រីរ័ត្ន











-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


