Connect with us

សេដ្ឋកិច្ច

កម្ពុជា-ចិន ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមាត្រាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធគុណភាព

បានផុស

នៅ

លោក​ ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង​លោក​ លូ វិន រដ្ឋមន្ត្រី​ស្ថាប័នរដ្ឋសម្រាប់បញ្ញត្តិទីផ្សាររបស់ប្រទេសចិន បាន​ជួបពិភាក្សាការងារ កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅទីក្រុងប៉េកាំង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យមាត្រាសាស្ត្រ និង​ហេដ្ឋារចនា​សម្ព័ន្ធ​គុណភាព ដោយ​អនុវត្ត​អនុស្ស​រណៈ​នៃការ​យោគយល់ ដែល​បាន​ចុះហត្ថលេខា​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋរបស់​ប្រធានាធិបតី ស៊ី ជីនពីង នៅកម្ពុជា កាល​ពីខែមេសា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចពិភាក្សា​បាន​ផ្តោត​លើ​អាទិភាព​នៃ​កិច្ច​សហប្រតិបត្តិការ ក្នុងវិស័យមាត្រាសាស្ត្រ ការត្រួត​ពិនិត្យ​សុវត្ថិភាព​អាហារ ស្តង់ដារ​នីយកម្ម និង​ការវាយ​តម្លៃ​ភាព​អនុលោម តាមរយៈ​ការធ្វើ​ទំនើបកម្ម​ឧបករណ៍មាត្រាសាស្រ្ត ពង្រឹង​សមត្ថភាព​ព្យាសកម្ម និង​ធ្វើ​តេស្តពិសោធន៍ លើកកម្ពស់ប្រព័ន្ធតាមដានប្រភពផលិតផល និង​បណ្តុះបណ្តាល​អ្នក​ជំនាញ​បច្ចេក​ទេស​របស់កម្ពុជា។

បន្ទាប់ពីកិច្ចប្រជុំនេះ លោក ហែម វណ្ណឌី និងគណៈ​ប្រតិភូក៏បាន​ជួបពិភាក្សា​ទ្វេភាគីជា​មួយវិទ្យាស្ថាន​ជាតិ​មាត្រា​សាស្ត្រ​ចិន ព្រម​ទាំង​បាន​ទស្សនកិច្ច​មន្ទីរពិសោធន៍ ដើម្បីពិនិត្យ​លទ្ធភាព​ពង្រីក​កិច្ចសហប្រតិបត្តិការ​បច្ចេកទេស​បន្ថែមទៀត។

ក្នុងអំឡុងពេលនៃទស្សនកិច្ច វិទ្យាស្ថានជាតិមាត្រាសាស្ត្រ ភាគីចិនក៏​បានផ្តល់ឧបករណ៍មាត្រាសាស្ត្រចំនួន ៣ គ្រឿង ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​មជ្ឈមណ្ឌលមាត្រសាស្ត្រជាតិកម្ពុជា។

កិច្ចសហប្រតិបត្តិការ​នេះ​នឹង​គាំទ្រ​ដល់​ការ​ទទួលស្គាល់ទៅវិញទៅមកនូវលទ្ធផលវាយតម្លៃភាពអនុលោម និង​បង្កើន​ទំនុកចិត្ត និង​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​នូវ​ទិន្នន័យ និងវិញ្ញាបនបត្ររង្វាស់រង្វាល់របស់កម្ពុជា។

គោល​ដៅ​គឺ​កាត់បន្ថយ​របាំង​បច្ចេកទេស​ពាណិជ្ជកម្ម លើកកម្ពស់សុវត្ថិភាពផលិតផល ការពារអ្នកប្រើប្រាស់ បង្កើន​ភាព​ប្រកួត​ប្រជែង និង​គាំទ្រ​ការ​ត្រៀម​លក្ខណៈ​នាំចេញរបស់សហគ្រាសធុនតូច និងមធ្យម និងឧស្សាហកម្មកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម