Connect with us

សេដ្ឋកិច្ច

សិប្បកម្មនៅខេត្តសៀមរាបមួយក៏បានជួយ ជនភៀសសឹកមានការងារធ្វើ និងប្រាក់ខែសមរម្យ

បានផុស

នៅ

សិប្បកម្មផលិតសាច់ក្រក និងអាហារក្រៀមមួយស្ថិតនៅនៅក្រុងសៀមរាបក្រៅពីការផលិតសម្រាប់ផ្គត់ផ្គង់ទីផ្សារ សិប្បកម្មក៏បានជួយឱ្យជនភៀសសឹកមួយចំនួនការងារធ្វើ និងក៏បានផ្ដល់ប្រាក់ខែសមរម្យសម្រាប់ពួកគាត់ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឡេង ដាលី ជាម្ចាស់សិប្បកម្ម លឹម សេង ហ្វូត ប្រាប់ កម្ពុជាថ្មី ថា សម្រាប់ពេលបច្ចុប្បន្នសហគ្រាសរបស់លោកស្រីក៏បានទទួលជនភៀសសឹកមួយចំនួនឱ្យចូលបម្រើការក្នុងសិប្បកម្មដោយផ្ដល់ប្រាក់ខែសមរម្យសម្រាប់ពួកគាត់គ្រាន់ទុកដោះស្រាយជីវភាពប្រចាំថ្ងៃ ខណៈសិប្បកម្មក៏នៅតែបន្តទទួលយកបុគ្គលិកថ្មីបន្ថែម ដើម្បីបង្រៀនឱ្យពួកគាត់ចេះជំនាញដោតសាច់ចង្កាក់ និងផលិតអាហារក្រៀមផ្សេងៗទៀត។

លោកស្រី បន្តថា បច្ចុប្បន្នសិប្បកម្មមានបុគ្គលិកបម្រើការប្រមាណជាង ១៨០នាក់ ក្នុងនោះជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅកាន់ផ្ទះរបស់ខ្លួនវិញមានចំនួនជាង២០នាក់ ក៏ទទួលឱ្យចូលធ្វើការក្នុងសិប្បកម្មមកទល់បច្ចុប្បន្ននេះដែរ។

លោកស្រី ឡេង ដាលី បញ្ជាក់ទៀតថា ក្នុងបុគ្គលិកជាជនភៀសសឹកប្រមាណជាង២០នាក់នេះ សិប្បកម្មបានផ្ដល់ប្រាក់លើកទឹកចិត្តជូនគាត់ក្នុង១នាក់ ២ម៉ឺន ៥ពាន់រៀល ទៅ ៣ម៉ឺនរៀល ក្នុង១ថ្ងៃទៅតាមជំនាញ និងសមត្ថភាពរបស់ពួកគាត់ ពិសេសសិប្បកម្មក៏បានផ្ដល់បន្ថែមនូវអាហារ២ពេលសម្រាប់ពួកគាត់មុនត្រឡប់ទៅកាន់ជំរុំជនភៀសសឹកវិញ។

យ៉ាងណាមិញ សិប្បកម្មរបស់លោកស្រី ឡេង ដាលី បច្ចុប្បន្នក៏នៅតែបន្តដាក់ផែនការពង្រីកការផលិតសាច់ក្រក និងអាហារក្រៀមឱ្យបាន១០តោន ក្នុង១ថ្ងៃ ដើម្បីផ្គត់ផ្គង់ទៅកាន់អតិថិជនដែលមានតម្រូវការប្រភេទអាហារទាំងនេះជារៀងរាល់ថ្ងៃផងដែរ។

សិប្បកម្ម លីម សេង ហ្វូត របស់ លោកស្រី ឡេង ដាលី ជានិច្ចកាលតែងតែបានចូលរួមចំណែកតាមរយៈការជួយឱ្យពលរដ្ឋខ្មែរមានការងារធ្វើប្រមាណជាង ១៨០នាក់ ដែលបច្ចុប្បន្ន សិប្បកម្មមានទីតាំងស្ថិតភូមិតាវៀន ឃុំសាលាកំរើក ស្រុកសៀមរាប ខេត្តសៀមរាប៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម