Connect with us

សេដ្ឋកិច្ច

លោក ស៊ិន ចន្ធី៖ សង្គ្រាមមជ្ឈិមបូព៌ា ធ្វើឱ្យតម្លៃបន្ថែមលើការដឹកជញ្ជូនតាមផ្លូវទឹកកើនឡើង

បានផុស

នៅ

លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បាន​ថ្លែង​ថា​ សង្គ្រាម​ក្នុង​តំបន់​មជ្ឈិម​បូព៌ា​ រវាងអាមេរិក​ អ៊ីស្រាអែល ជាមួយ ​អ៊ីរ៉ង់ បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​លើ​ថាម​ពល​ប្រេង ជា​ពិសេស​ក្នុង​វិស័យ​ដឹក​ជញ្ជូន និង​ភស្តុភារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ប្រាប់​«កម្ពុជា​ថ្មី» លោក ស៊ិន ចន្ធី បាន​លើក​ឡើង​ថា ​ជា​ការ​ពិត​គិត​ត្រឹម​​ថ្ងៃ​ទី០​៦ ខែ​មីនា គឺ​មានរយៈ​ពេល​ ៧ ​ថ្ងៃ​ហើយ ដែលអាមេរិក​ចាប់​ដៃ​គ្នា​ជា​មួយ​អីស្រាអែល វាយ​ប្រហារ​លើ​អ៊ីរ៉ង់។

ចំពោះសង្គ្រាមនាពេលនេះ ក្នុង​វិស័យ​ដឹក​ជញ្ជូន និង​ភស្តុភារ យើង​ដឹង​ច្បាស់​ថា​ នឹង​រងផល​ប៉ះពាល់ទី​១ ចាប់​តាំង​ពី​ថ្ងៃ​ទី​៣ នៃ​សង្គ្រាម​ក្រុម​ហ៊ុន​កប៉ាល់​ធំ​ៗ​មួយ​ចំនួន​បាន​ចាប់​ផ្តើម​ដាក់​ចេញ​នៅ​ការ​គិត​ថ្លៃបន្ថែម​ទៅ​លើ​ថ្លៃ​ដឹក​ជញ្ជូន​ ឬ​ហៅ​ថា ការគិតថ្លៃបន្ថែម​នៃ​ជម្លោះ​បន្ទាន់ (Emergency Conflict Surcharges) (ECS) ដែល​មាន​តម្លៃ​ខ្ពស់។

ក្នុង​នោះ​ការ​​គិត​ថ្លៃ​បន្ថែម​ ២ ពាន់​ដុល្លារ​អាមេរិក​ ទៅ​លើ​​កុងតឺន័រទំហំ ២០ ហ្វីត (20ft Container) បន្ថែម​ពី​លើ​ការ​ដឹក​ជញ្ជូន គិត​ថ្លៃ​បន្ថែម ៣ ពាន់​ដុល្លារ​ ទៅ​លើ​កុង​តឺន័រ​ទំហំ ៤០ ហ្វីត បន្ថែម​ទៅ​លើ​ការ​ដឹក​ជញ្ជូន​ ​និង ៤ ពាន់​ដុល្លារ​ គិត​ថ្លៃ​បន្ថែម​ទៅ​លើ​ការ​ដឹក​ជញ្ជូន​សម្រាប់​កុង​​តឺន័រ​ត្រជាក់​ដែល​ដឹក​ជញ្ជូន​នូវ​ផលិត​ផល​ត្រូវ​ការ​សីតុណ្ហភាព​ត្រជាក់​។

លោក បាន​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​៥ និង​ទី​៦ តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​នេះ ក៏​មាន​ការ​​កើន​ឡើង​ខ្ពស់​សម្រាប់​ទំនិញ​ដែល​ចេញ​ពី​តំបន់​អាស៊ី​ រួម​ទាំង​កម្ពុជា​ទៅ​កាន់​តំបន់​អារ៉ាប់​រួម​។

ចំណែក​ឯ​ទំនិញ​ដែល​ត្រូវ​នាំ​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​ ក៏​ដូច​ទៅ​អ៊ឺរ៉ុប នៅ​មិន​ទាន់​មាន​ការ​ឡើង​ថ្លៃ​អ្វី​ជា​គំហុក​នោះ​ទេ​សម្រាប់​ផ្លូវទឹក ប៉ុន្តែ​សម្រាប់​ផ្លូវ​អាកាស​ក៏​ដូចគ្នា ដោយ​ក្រុមហ៊ុន​អាកាស​ចរណ៍​ធំ​ៗ​ដែល​ត្រូវ​ហោះ​ឆ្លង​កាត់​តំបន់​មជ្ឈិម​បូព៌ា​ មាន​ការ​ឡើង​ថ្លៃ​ ហើយ​​ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ចំនួន​ទៀត​ ក៏​មាន​ការ​ផ្លាស់​ប្តូរ លុប​ចោល​នូវ​ជើង​ហោះហើរ​ និង​មិន​ទាន់​ទទួល​​ការ​កក់​បន្ថែម​ទៀត​ផង​ដែរ។

ទន្ទឹម​នេះ​អំពី​កម្ពុជា​ ប្រធានសមាគមភស្តុភារកម្មកម្ពុជា​រូប​នេះ បាន​អះអាង​ថា​ បើ​និយាយ​ពី​កម្ពុជា​ជម្រើស​សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ទាក់ទង​នឹង​ផ្លូវ​ដឹក​ជញ្ជូន​ទៅ​កាន់​មជ្ឈិម​បូព៌ា​ដូច​ជា​មិន​ទំហំ​ធំ​នោះ​ទេ តាមការ​ប៉ាន់​ស្មាន​អាច​មាន​ទំហំ​ប្រមាណ​តិច​ជាង​ ១% នៅឡើយ​ ដូច្នេះ​វាស្ថិត​នៅក្នុង​ទំហំ​តូច​។ ទី​២ ជម្រើស​របស់​កម្ពុជា​មួយ​ទៀត​ដែរ​ ឃើញ​ថា​កម្ពុជា​ភាគច្រើន​គឺ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​ និង​អ៊ឺរ៉ុប ដូច្នេះ​ផល​ប៉ះពាល់​ខ្លាំង​មក​ដល់​ម៉ោង​នេះ​នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ។

លោក​ថា បើ​ទោះ​បី​ជា​យ៉ាង​ណា​យើង​នៅ​តែ​រង់ចាំ​មើល ​ប្រសិនបើ​សង្គ្រាម​នេះ​នៅ​តែ​បន្ត​អូស​បន្លាយ​ពេល​ ឬ​កាន់​តែ​រីករាល​ដាល​ធំ​ជាង​នេះ គឺ​អាច​នឹង​ប៉ះពាល់​ទៅ​ដល់​ផ្លូវ​ដឹក​ជញ្ជូន​ទៅ​សហរដ្ឋ​អាមេរិក ក៏​ដូច​ជា​អ៊ឺរ៉ុប​​​។

អាស្រ័យ​ហេតុ​នេះ​ហើយ​ជម្រើស​របស់​កម្ពុជា​ ប្រសិន​បើ​តំបន់​ផ្សេង​ៗ​ទៀត​ ហើយ​សង្គ្រាម​នេះ​កាន់​តែ​រីករាយ​ដាល​ និង​អូស​បន្លាយ​ពេល​យូ​ទៀត​ ជម្រើស​របស់​យើង​មាន​តែ​ផ្លាស់​ប្តូរ​នូវ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់ (supply chain) ក៏​ដូច​ជា​ទីផ្សារ​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ ដែល​នេះ​គឺ​ជា​ការ​គិត​ទុក​របស់​អ្នក​ផលិត ក៏​ដូច​ជាអ្នក​នាំ​ចេញ​ ហើយ​យើង​មាន​តែ​ជំរុញ​នៅ​ក្នុង​តំបន់​ឱ្យ​បាន​ច្រើន​ ជា​ជាង​តំបន់​ដែល​មាន​បញ្ហា​។

លោក ស៊ិន ចន្ធី បន្ថែម​ថា យើង​ឃើញ​ថា​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ សង្គ្រាម​ទើប​តែ​មាន​រយៈ​ពេល ៧ ថ្ងៃ​តែ​ប៉ុណ្ណោះ​ គិត​ត្រឹម​ថ្ងៃ​ទី​៦ ខែ​មិនា ដូច្នេះ​យើង​មិន​ទាន់​អាច​វាយ​តម្លៃ​បាន​ទេ​ គឺ​នៅ​បន្ត​តាម​ដាន​ តើ​វា​អាច​វិវត្តទៅ​ដល់​កម្រិត​ណា​ទៀត ​ប្រសិន​បើ​សង្គ្រាម​អូស​បន្លាយ​ពេល​យូ នោះ​យើង​ត្រូវមាន​ផែនការ​ថ្មី ក៏​ដូច​ជា​ជម្រើស​ផ្សេង​បន្ថែម​ទៀត​ដើម្បី​ដោះ​ស្រាយ៕

ដោយ៖ ឌិន ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម