ព័ត៌មានអន្ដរជាតិ
មិនត្រឹមតែប្រេង! អ៊ីរ៉ង់ គំរាមបិទផ្លូវដង្ហើមអ៊ីនធឺណិតក្រោមបាតសមុទ្រ របស់ពិភពលោក
បន្ទាប់ពីធ្លាប់បានសាកល្បងឥទ្ធិពលរបស់ខ្លួន ក្នុងការបង្កការរំខានដល់ការដឹកជញ្ជូនប្រេងតាមឈូងសមុទ្រហ័រមូស (Hormuz) រួចមក ពេលនេះ ប្រទេសអ៊ីរ៉ង់ បានងាកមកគំរាមកំហែងលើខ្សែលោហៈធាតុឌីជីថលវិញម្តង។

យោងតាមរបាយការណ៍របស់សារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ មន្ត្រីអ៊ីរ៉ង់ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហើបពីផែនការត្រៀមទារថ្លៃសេវាលើខ្សែកាបអ៊ីនធឺណិតក្រោមបាតសមុទ្រ ដែលតភ្ជាប់ទំនាក់ទំនង សេវាកម្មក្លោដ (Cloud) និងប្រតិបត្តិការហិរញ្ញវត្ថុរវាងអឺរ៉ុប អាស៊ី និងតំបន់ឈូងសមុទ្រ។ ជាមួយគ្នានេះ អ៊ីរ៉ង់ក៏បានព្រមានដែរថា ក្រុមហ៊ុនណាដែលមិនព្រមអនុវត្តតាមបទបញ្ជានេះ នឹងត្រូវប្រឈមមុខនឹងការកាត់ផ្តាច់ ឬរំខានដល់ប្រព័ន្ធទំនាក់ទំនងជាមិនខាន។
ការគំរាមកំហែងនេះ បានធ្វើឱ្យពិភពលោកកាន់តែមានការព្រួយបារម្ភខ្លាំង ស្របពេលដែលស្ថានភាពនយោបាយ កំពុងឡើងកម្តៅឡើងវិញ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ចប់ដំណើរទស្សនកិច្ចពីរដ្ឋធានីប៉េកាំង ហើយក៏មានការលេចឮព័ត៌មានពីលទ្ធភាព ដែលអាមេរិកអាចនឹងប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងអ៊ីរ៉ង់ ផងដែរ។ កាលពីសប្តាហ៍មុន អ្នកនាំពាក្យយោធាអ៊ីរ៉ង់ លោក Ebrahim Zolfaghari បានប្រកាសយ៉ាងច្បាស់នៅលើបណ្តាញសង្គម X ថា ខ្លួនពិតជានឹងដាក់ទារថ្លៃសេវាលើខ្សែខ្សែកាបអ៊ីនធឺណិតទាំងនោះមែន។
ប្រព័ន្ធផ្សព្វផ្សាយដែលស្និទ្ធនឹងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗរបស់ពិភពលោក ដូចជា Google, Microsoft, Meta និង Amazon ដាច់ខាតត្រូវតែគោរពតាមបទបញ្ជារបស់អ៊ីរ៉ង់។ លើសពីនេះ ក្រុមហ៊ុនប្រតិបត្តិការខ្សែកាបក្រោមបាតសមុទ្រ អាចនឹងត្រូវបង់ថ្លៃអាជ្ញាប័ណ្ណ ហើយសិទ្ធិក្នុងការជួសជុល និងថែទាំខ្សែកាបទាំងនោះ នឹងត្រូវប្រគល់ជូនក្រុមហ៊ុនអ៊ីរ៉ង់ ជាដាច់ខាត។
អ្នកជំនាញ បានព្រមានថា ខ្សែកាបអុបទិកក្រោមបាតសមុទ្រ គឺជាឆ្អឹងខ្នងនៃអ៊ីនធឺណិតសកល ដែលផ្ទុកទិន្នន័យស្ទើរតែទាំងអស់លើលោក រាប់ចាប់តាំងពីការដោះដូរប្រាក់ ទីផ្សារភាគហ៊ុន រហូតដល់ប្រព័ន្ធទំនាក់ទំនងយោធា។ ប្រសិនបើខ្សែកាបនៅឈូងសមុទ្រហ័រមូសរងការខូចខាត វានឹងបង្កជា «មហន្តរាយឌីជីថល» ដ៏ធ្ងន់ធ្ងរ ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូលយ៉ាងដំណំ ពោលគឺមិនមែនត្រឹមតែដើរយឺតនោះទេ។ បើទោះបីជាប្រតិបត្តិករអន្តរជាតិភាគច្រើន បានព្យាយាមរត់ខ្សែខ្សែកាបឱ្យកៀកនឹងខាងទឹកដីអូម៉ង់ ដើម្បីសុវត្ថិភាពក៏ដោយ ប៉ុន្តែប្រព័ន្ធខ្សែកាបសំខាន់ៗមួយចំនួន ដូចជា Falcon និង GBI នៅតែត្រូវកាត់តាមដែនទឹករបស់អ៊ីរ៉ង់ដដែល។
គេមិនទាន់ដឹងច្បាស់ថា អ៊ីរ៉ង់ អាចមានសមត្ថភាពអនុវត្តវិធានការទារលុយនេះបានកម្រិតណា ក្រោមគំនាបទណ្ឌកម្មដ៏ធ្ងន់ធ្ងរពីអាមេរិក ប៉ុន្តែអ្នកវិភាគ យល់ថា អ៊ីរ៉ង់មានបំណងចង់ប្រើប្រាស់ឈូងសមុទ្រហ័រមូស ធ្វើជាចំណាប់ខ្មាំងទាំងខាងថាមពល និងខាងឌីជីថល ដើម្បីកុំឱ្យមានប្រទេសណាហ៊ានមកវាយប្រហារលើខ្លួន។ កន្លងមកកាលពីឆ្នាំ ២០២៤ ពិភពលោក ធ្លាប់បានឃើញមេរៀនម្តងរួចមកហើយ នៅពេលដែលខ្សែកាប ៣ ខ្សែនៅសមុទ្រក្រហមត្រូវបានដាច់ ដោយសារតែក្រុមសកម្មប្រយុទ្ធហ៊ូធី ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ បានបាញ់ប្រហារលើនាវាមួយគ្រឿង ធ្វើឱ្យនាវានោះអូសយុថ្ការាយតាមបាតសមុទ្រពេលកំពុងលិច ដែលកាលនោះ វាបានកាត់ផ្តាច់ប្រព័ន្ធអ៊ីនធឺណិត ក្នុងតំបន់រហូតដល់ទៅ ២៥ ភាគរយឯណោះ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


