Connect with us

សេដ្ឋកិច្ច

មន្ត្រី និងអ្នកជំនាញ​អះអាង សេដ្ឋកិច្ច​កម្ពុជា ​នៅ​តែ​រក្សា​នូវ​ភាព​ធន់ ​ទោះបី​ឆ្លងកាត់​វិបត្តិ​ច្រើន​

បានផុស

នៅ

ឧបនាយករដ្ឋមន្រ្តី ​សុខ ​ចិន្តាសោភា ​មាន​ប្រសាសន៍ថា កម្ពុជានៅតែរក្សាបាននូវ​ភាពធន់ទោះ​បីជា​ឆ្លង​កាត់នូវវិបត្តិជាច្រើនលើក ​ខណៈសេដ្ឋកិច្ចនៅតែមានលំនឹង ​និងមានកំណើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកឧបនាយករដ្ឋមន្រ្តី ​បានប្រាប់សារព័ត៌មាន ​នៅថ្ងៃ​ទី ០៩ ​ខែមេសា​ ២០២៦ថា មាន​វិបត្តិច្រើនណាស់​ដែលបានកើតឡើងនៅឆ្នាំ ២០០៨ វិបត្តិហិរញ្ញវត្ថុ សេដ្ឋកិច្ចកម្ពុជាមិនស្រុត​ចុះនោះទេ។ នៅឆ្នាំ ​២០២០ ​មានវិបត្តិកូវីដ១៩ ​ដែល​មានការ​ប៉ះពាល់ធ្ងន់ធ្ងរ ដល់វិស័យទេសចរ និងវិស័យ​មួយ​ចំនួន ​ប៉ុន្តែសេដ្ឋកិច្ចកម្ពុជាមិនស្រុតចុះទេ។​

​លោក​ឧបនាយករដ្ឋមន្រ្តី បញ្ជាក់ថា ​ភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ​មិនមែនចៃដន្យនោះទេ ពោលគឺ​បានមកពីការរៀប​ចំ ​និងការ​ដឹកនាំ​របស់រាជរដ្ឋាភិបាល​មានការគិតគូវែងឆ្ងាយ​ ខណៈកម្ពុជាមានគ្រឹះរឹងមាំ ដោយបញ្ជាក់ថា ​គ្រឹះ​នៃសេដ្ឋកិច្ចកម្ពុជា ​សំដៅ​​ដល់​ផ្នែករឹង ​និង​ផ្នែក​ទន់ ​ដែល​​មាន​វិស័យ​អប់រំ ​វិស័យ​សុខា​ភិបាល​ជាដើម​។​

​លោក​បណ្ឌិត ហុង វណ្ណៈ អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​​នៅ​រាជ្យ​បណ្ឌិត្យសភា​កម្ពុជា​ យល់​ឃើញ​ថា​ កម្ពុជា​រង​សម្ពាធ​ពី​សង្គ្រាម​ដូចជា ​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន ​និង​សង្គ្រាម​មជ្ឈិមបូព៌ា និងការដាក់ពន្ធ​បដិការ​របស់​អាមេរិក។​

​លោក​បណ្ឌិត ហុង វណ្ណៈ បន្ថែមថា៖ ​«កម្មវិបាកទាំងអស់ហ្នឹង ​បានជះឥទ្ធិពល​ដល់ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ​ជាពិសេស​ទៅ​លើ​វិស័យ​ដឹក​ដឹក​ជញ្ជូន ​ទៅ​លើ​ថ្លៃ​ដឹក​ជញ្ជូន ​ទៅ​លើ​ទំនុក​ចិត្ត​របស់​អ្នក​វិនិយោគ និងដំណើរកម្សានរបស់ទេសចរអន្តរជាតិ ដែលបញ្ហាទាំងអស់​ហ្នឹង​ធ្វើឱ្យ​មានការសម្រេចចិត្តមិនច្បាស់លាស់នៃប្រភេទវិនិយោគិន ទេសចរបរទេស និងការវិនិ​យោគ​ផ្សេងៗ»។

​លោក​បណ្ឌិត ហុង វណ្ណៈ បន្តថា ​បញ្ហាទាំងអស់នោះ ​មិនមែនមានតែកម្ពុជានោះទេ ​ខណៈផល​ប៉ះ​ពាល់​ដល់​កម្ពុជា​លឿន​ជាង​ប្រទេស​ដែល​មាន​អំណាច​ទិញធំ​។

​លោក​បណ្ឌិត ហុង វណ្ណៈ ​បញ្ជាក់ថា៖ «សេដ្ឋកិច្ចកម្ពុជាមានដំណើរការជាប្រក្រតី ​មិនមានព័ត៌​មាន​ណា​ដែលបង្ហាញថា ​យើងមិនមានព័ត៌មានណាមួយដែលបង្ហាញថា ​កម្ពុជា​យើងមានការថមថយ​គួរ​ឱ្យ​កត់សម្គាល់​ទៅ​លើ​វិស័យសំខាន់ជាច្រើន»។​

​ធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB) ​បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើន ៤,៥% នៅក្នុងឆ្នាំ ២០២៦ ប្រសិនបើការរំខាន​ដល់ទីផ្សារ​ទំនិញ​សកល ​ដែលបង្កឡើងដោយ​ជម្លោះ​នៅ​មជ្ឈិមបូព៌ា ​មិនត្រូវបានអូសបន្លាយយូរ។​

​របាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ​ខែមេសា ​ឆ្នាំ២០២៦ ​ព្យាករថា វិស័យកម្មន្តសាល នឹងនៅតែជាក្បាល​​​ម៉ាស៊ីនកំណើនសំខាន់របស់សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២៦ ខណៈដែល​ទិន្នផល​ឧស្សា​ហកម្មត្រូវបានរំពឹងថា នឹងកើនឡើង ៧,៣% ដោយសារការបញ្ជាទិញ​សម្លៀកបំពាក់ច្រើន​គួរ​សម និងកំណើននៃការរួមចំណែកពីវិស័យកម្មន្តសាលក្រៅ​ពីវាយនភណ្ឌ​ ដែលរួម​មានគ្រឿង​បង្គំ​អគ្គិសនី ​សំបកកង់​ និង​គ្រឿង​សង្ហារឹម​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម