Connect with us

សេដ្ឋកិច្ច

​ADB៖ ​កំណើន​សេដ្ឋកិច្ចកម្ពុជា ​ត្រូវ​បាន​បន្តគាំទ្រ​ដោយ​វិស័យ​ផលិតកម្ម​នាំចេញ​

បានផុស

នៅ

លោកស្រី Yasmin Siddiqi នាយកប្រចាំប្រទេស​របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB​) មានប្រសាសន៍ថា​ កំណើនសេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​បន្តគាំទ្រ​ដោយ​វិស័យ​ផលិតកម្មសម្រាប់​ការ​នាំចេញ​ ​ទោះបីមាន​សម្ពាធពីខាងក្រៅ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកស្រី Yasmin Siddiqi បាន​លើក​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក ​ហែម វណ្ណឌី​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សា​ហកម្ម ​វិទ្យាសាស្ត្រ ​បច្ចេកវិទ្យា​ និង​នវានុវត្តន៍​នៅ​ថ្ងៃ​ទី ​០២ ​ខែ​មេសា ​២០២៦។ ជាជំនួប​ពិភាក្សាភាពជាដៃគូអនាគត ​ដើម្បីពង្រឹង​​ភាពធន់ ​និងផែនការផ្តល់ហិរញ្ញប្បទានដល់កម្ពុជា។​

លោក ​ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើក​ឡើង​ថា៖ “យើងពិតជាអរគុណចំពោះភាពជាដៃគូ និងការបន្ត​គាំទ្រ​របស់​ ADB ដល់​ការអភិវឌ្ឍរបស់​កម្ពុជា ​ជាពិសេស​ដល់​ក្រសួងឧស្សាហកម្ម ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។”

លោករដ្ឋមន្ត្រី​បានលើកឡើងពីសារសំខាន់នៃកម្មវិធីហិរញ្ញប្បទានពហុដំណាក់កាល​ (MFF) ដែលជា​ឧបករណ៍សំខាន់សម្រាប់ជំរុញអាទិភាពជាតិក្នុងរយៈពេលវែង។​

លោក ហែម វណ្ណឌី បានសង្កត់ធ្ងន់លើការពង្រឹងមូលដ្ឋានឧស្សាហកម្ម​ ដើម្បីត្រៀមចាកចេញពី​ក្រុមប្រទេស LDC ​ដោយ​លើកឡើងថា ​ការចាកចេញពី LDC មិនមែន​គ្រាន់តែជា​បង្គោលចរ​ដែល​ត្រូវ​អបអរនោះទេ ប៉ុន្តែសំខាន់បំផុតនោះ គឺការត្រៀមលក្ខណៈ​ដើម្បីចាក​ចេញដោយជោគជ័យ ដែលទាមទារការកសាងសមត្ថភាពជាតិសំខាន់ៗ ពិសេស​លើ​ហេដ្ឋា​​រចនា​សម្ព័ន្ធគុណភាព សមត្ថភាព​នៃឧស្សាហកម្មក្នុងស្រុក និងការផ្ទេរបច្ចេកវិទ្យា ដើម្បីរក្សាភាពប្រកួត​ប្រជែង​រយៈពេលវែង។

លោកស្រី Yasmin Siddiqi បានបញ្ជាក់ពីភាពជាដៃគូដ៏រឹងមាំ និងបានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់ក្រសួងឧស្សាហកម្ម ដោយលើកឡើងថា៖ “យើងមានមោទនភាពចំពោះភាពជាដៃគូដ៏រឹងមាំ និងពិសេសនេះ។ ភាពធន់របស់កម្ពុជាកំពុងជម្នះបានលើបញ្ហាប្រឈមជាច្រើនដែលកម្ពុជាមាន។”

លោកស្រីបានបន្ថែមថា បទពិសោធន៍របស់ក្រសួងឧស្សាហកម្ម ក្នុងការអនុវត្តវិធីសាស្ត្រ​កម្មវិធី (Programmatic Approaches) គឺជាគំរូសម្រាប់វិស័យផ្សេងទៀត ខណៈដែល ADB កំពុងឈានដល់ជិតពាក់កណ្ដាលអាណត្តិ នៃកម្មវិធីកិច្ចសហប្រតិបត្តិការប្រចាំប្រទេសរបស់ខ្លួន។

លោកស្រីក៏បានបញ្ជាក់ថា ADB កំពុងពិចារណាយន្តការគាំទ្របន្ថែម រួមទាំងជំនួយមូលនិធិ និងហិរញ្ញប្បទានឆ្លើយតប​នឹង​វិបត្តិ​ ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាក​ចេញពីឋានៈជាប្រទេស​ដែលមានការអភិវឌ្ឍតិចតួច (LDC) នៅឆ្នាំ​២០២៩៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម