Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​ថា​ភាព​ធន់​របស់​​ជាតិ​ធ្វើ​ឱ្យ​ប្រទេស​រក្សា​អត្រា​កំណើន​សេដ្ឋកិច្ច​ខ្ពស់​នៅ​ឆ្នាំ​នេះ​បន្ត​ទៀត​

បានផុស

នៅ

នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា​ទោះ​បី​ជា​ត្រូវ​ប្រឈម​នឹង​ការ​លំបាក​ឧបសគ្គ​ ទាំង​កត្តា​ខាង​ក្នុង​ និង​ខាង​ក្រៅ​ក្ដី តែ​កម្ពុជា​នៅ​តែ​បន្ត​បោះ​ជំហាន​ទៅ​មុខ​យ៉ាង​ស្វាហាប់​គួរ​ជា​ទី​មោទនៈ ដែល​​បាន​មក​ពី​​កម្លាំង​មហា​សាមគ្គី​ប្រជាជាតិ​​ខ្មែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើក​ឡើង​ក្នុង​សារ​លិខិត​អបអរ​ខួប​១៤០​ នៃ​ទិវា​ពលកម្ម​អន្តរជាតិ១​ឧសភា ចុះ​ហត្ថលេខា​កាល​ពី​ថ្ងៃ​២៣ ខែ​មេសា ឆ្នាំ​២០២៦​ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ឱ្យ​ដឹង​ថា​តាម​ការ​វាយ​តម្លៃ ​​កម្ពុជា​នៅ​តែ​បន្ត​រក្សា​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​២០២៦​នេះ​ ដែល​បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ធន់​នៃ​សេដ្ឋកិច្ច​ជាតិ​ក្នុង​បរិ​ការណ៍​នៃ​ការ​វិវឌ្ឍ​ស្មុគ​ស្មាញ​នៃ​សេដ្ឋកិច្ច​ និង​នយោបាយ​ទាំង​ក្នុង​តំបន់​ និង​សកលលោក​។

សម្ដេច​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​បាន​ខិតខំ​ប្រឹង​ប្រែង​ក្នុង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ ដោយ​បាន​ជំរុញ​ឱ្យ​មាន​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស បន្ត​កើន​ឡើង​ ខណៈ​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​លើក​កម្ពស់​ជីវភាព​របស់​កម្មករ​និយោជិក​ទោះ​បី​ជា​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​សកល​ពោរពេញ​ដោយ​ភាព​មិន​ប្រាកដ​ប្រជា​ និង​រង​សម្ពាធ​ក្ដី​។


សម្ដេច​សរសេរ​ថា៖ «បើ​ទោះ​បី​ជា​ត្រូវ​ប្រឈម​នឹង​ការ​លំបាក​និង​ឧបសគ្គ​ ទាំង​កត្តា​ខាង​ក្នុង​និង​កត្តា​ខាង​ក្រៅ​យ៉ាងណា​ក្ដី តាមរយៈ​កម្លាំង​មហាសាមគ្គី​ប្រជាជាតិ​ដ៏​រឹង​មាំ កម្ពុជា​បាន​និង​កំពុង​បន្ត​បោះ​ជំហាន​ទៅ​មុន​យ៉ាង​ស្វាហាប់​គួរ​ជាទី​មោទនៈ​លើ​មាគ៌ា​នៃ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​ ប្រជាធិបតេយ្យ នីតិរដ្ឋ​ និង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ដែល​ជា​មនុញ្ញ​ផល​អនុគ្រោះ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ សង្គម​ និង​រក្សា​លំនឹង​នៃ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ និង​បងប្អូន​កម្មករ​និយោជិក​»

បើ​តាម​សម្ដេច​ធិបតី​គិត​ត្រឹម​ឆមាស​ទី១​ ឆ្នាំ​២០២៦​ កម្ពុជា​មាន​រោងចក្រ​ សហគ្រាស ក្រុមហ៊ុន ដំណើរ​ការ​ចំនួន​ ៤៧ ០២៩​សហគ្រាស ដែល​ផ្ដល់​ការងារ​ដល់​កម្មករ​និយោជិក​បាន​ប្រមាណ​ ២,៣លាននាក់​ ជា​មួយ​អត្រា​ប្រាក់​ចំណូល​ជាក់​ស្ដែង​ទាប់​បំផុត​ចន្លោះ​ពី​ ២២៩,៥ ដល់​២៤០,៥​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ។

​​របាយការណ៍​របស់​ធនាគារ​ពិភព​លោក​នេះ​ក៏​បាន​ទស្សន៍ទាយ​ពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២៦​ដែល​មាន​កំណើន ៣.៩ ខណៈ​ឆ្នាំ​២០២៧ មាន​កំណើត​៤.៩ ភាគរយ ដែល​កំណើន​នេះ​ត្រូវ​បាន​ប៉ាន់​ស្មាន​ដោយ​សារ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍ និង​ភាព​រឹង​មាំ​នៃ​ការ​នាំ​ចេញ​ផលិត​ផល​ឧស្សាហកម្ម​របស់​ប្រទេស​។ ធនាគារ​នេះ​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា​ នៅ​២០​ឆ្នាំ​ចុង​ក្រោយ​ក្នុង​តំបន់​អាស៊ី​ខាង​កើត និង​ប៉ាស៊ីហ្វិក​ មាន​តែ​កម្ពុជា និង​វៀតណាម​ប៉ុណ្ណោះ​ដែល​មាន​ការ​កើន​ឡើង​នៃ​ចំណែក​វិស័យ​ឧស្សាហកម្ម​ទៅ​ក្នុង​ GDP របស់​ប្រទេស៕


អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម