Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម រុស្ស៊ី ​ពន្លឿនការចរចាអំពីរោងចក្រ​នុយក្លេអ៊ែរ​ ​ដើម្បីឱ្យអាចសាងសង់បាននាពេលឆាប់ៗ

បានផុស

នៅ

នាយករដ្ឋមន្ត្រីវៀតណាម លោក លេ មិញ ហ៊ុង (Le Minh Hung) និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានព្រមព្រៀងគ្នាពន្លឿនការចរចា​ស្ដីពីរោងចក្រនុយក្លេអ៊ែរវៀតណាម និញ ធួន ១​ (Ninh Thuan 1) ​ដើម្បីឱ្យអាចចាប់ផ្តើមការ​សាងសង់​ក្នុងពេលឆាប់ៗនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន VNS។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមព្រៀងរវាងមេដឹកនាំទាំង២ ធ្វើឡើងក្រោយ​លោក​ ហ៊ុង បានជួបជាមួយលោក​ ពូទីន នៅទីក្រុងកាហ្សាន កាលពីថ្ងៃទី១៨ ខែមិថុនា ដែលជា​ផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់លោកសម្រាប់កិច្ចប្រជុំកំពូល​អាស៊ាន-រុស្ស៊ី និង​ជំនួប​ទ្វេភាគីនៅ​រុស្ស៊ី។

លោក ពូទីន ​បាន​ហៅវៀតណាមថាជាដៃគូដ៏សំខាន់បំផុតមួយរបស់រុស្ស៊ី និងជាមិត្តជិតស្និទ្ធនៅក្នុងតំបន់ ជាស្ពានដ៏សំខាន់មួយទៅកាន់អាស៊ាន និងជាកម្លាំងចលករនៃគំនិតផ្តួចផ្តើមសហប្រតិបត្តិការរបស់រុស្ស៊ីនៅទីនោះ។ ​

ដោយឡែក ​លោក Hung ឯណោះវិញ បានមានប្រសាសន៍ថា បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម តែងតែចាត់ទុករុស្ស៊ីជាដៃគូសំខាន់បំផុតមួយ​ក្នុងគោលនយោបាយការបរទេសរបស់វៀតណាម ដោយសង្កត់ធ្ងន់ថា ទោះបីជាមានការវិវឌ្ឍ​ដ៏ស្មុគស្មាញលើពិភពលោកក៏ដោយ មិត្តភាពប្រពៃណីរវាងវៀតណាម និងរុស្ស៊ី នៅតែបន្តទទួលបានផ្លែផ្កាលើគ្រប់វិស័យ។

ដោយកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការវៀតណាម-រុស្ស៊ីកំពុងចូលដល់ដំណាក់កាលនៃឱកាស និងសក្តានុពលដ៏សំខាន់ ​លោក​ ហ៊ុង និង​លោក​ ពូទីន បានឯកភាពគ្នាពន្លឿនការចរចាសម្រាប់ការអនុវត្តគម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ និញ ធួន ១ ​ឱ្យ​បានឆាប់។ ​

មេដឹកនាំទាំង២ បានអះអាងថា កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល ប្រេង និងឧស្ម័ន និងថាមពលនុយក្លេអ៊ែរ គឺជាសសរស្តម្ភសំខាន់មួយនៃទំនាក់ទំនងទ្វេភាគី ហើយគួរតែ​អនុវត្តស្របតាមផែនទីបង្ហាញផ្លូវដែលបានព្រមព្រៀងគ្នា។

ក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មវិញ​ ភាគីទាំង២ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបង្កើនពាណិជ្ជកម្មទ្វេភាគីដល់ ១៥ ​ប៊ីលានដុល្លារ​ នាពេលអនាគតដ៏ខ្លីខាងមុខ។ ពួកគេបានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការក្នុងការរុករករ៉ែ ការដឹកជញ្ជូន ការសាងសង់កប៉ាល់ ការធ្វើទំនើបកម្មផ្លូវដែក ការពង្រីកច្រករបៀងដឹកជញ្ជូន រួមទាំងផ្លូវរថភ្លើងអន្តរម៉ូឌុលអន្តរជាតិឆ្លងកាត់​ចិន ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម