Connect with us

សេដ្ឋកិច្ច

ឆ្នាំ២០២៦ សហគមន៍កសិកម្មចំបក់ក្នុងស្រុកព្រែកប្រសព្វ រកចំណូលបានប្រមាណ ៨០ ម៉ឺនដុល្លារ

បានផុស

នៅ

លោក ប៉ែន បាន ប្រធានសហគមន៍កសិកម្មសម្បទានចំបក់ នៅឃុំចំបក់ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានឱ្យដឹងថា សហគមន៍កសិកម្មសម្បទានចំបក់ បានបង្កើតឡើងនាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ ដោយដំបូងឡើយមានសមាជិកត្រឹមតែ ៣៣គ្រួសារតែប៉ុណ្ណោះ។ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ សហគមន៍ មានសមាជិកកើនឡើងដល់ ២០៤គ្រួសារ មានផ្ទៃដីកសិកកម្មសរុបប្រមាណជាង ១​ ៦០០ហិកតា ដោយប្រមូលទិន្នផលគិតជាមធ្យមពី ២តោន ទៅ ២តោនកន្លះ ក្នុង១ហិកតា និងប្រមូលផលសរុបបានប្រមាណជាង ៣ ២០០តោន ក្នុង១ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន បាន បន្ថែមថា សហគមន៍កសិកម្មសម្បទានចំបក់ ដោយមានការផ្ដល់ប្រឹក្សាយោបល់ពីក្រុមប្រឹក្សាភិបាល និងគណៈកម្មការត្រួតពិនិត្យបានចាត់តំណាងក្នុងការទំនាក់ទំនងទីផ្សារស្វាយចន្ទី និងដោយក្រុមប្រឹក្សាភិបាលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសមាគមន៍ស្វាយចន្ទីកម្ពុជា និងឈ្មួញធំៗក្នុងនិងក្រៅខេត្ត ព្រមទាំងមានដៃគូបច្ចេកទេសទីផ្សារក្នុងនោះមាន៖ មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តក្រចេះ និងអង្គការ GIZ ។

សហគមន៍កសិកម្មសម្បទានចំបក់ ទទួលបានកិច្ចកុងត្រាជាមួយក្រុមហ៊ុនវិនិយោគដំបូងគេ នៅឆ្នាំ២០២៣ -២០២៤ មានកិច្ចសន្យាទិញស្វាយចន្ទីស្រស់ជាមួយក្រុមហ៊ុន INTERSNACK ចំនួន ១១៧តោន ក្នុង១ឆ្នាំ។ នៅឆ្នាំ២០២៥ មានកិច្ចសន្យាទិញ និងលក់ស្វាយចន្ទីស្ងួត ជាមួយក្រុមហ៊ុន MIRATH ចំនួន ៩៤តោន ក្នុង១ឆ្នាំ។ ហើយនៅឆ្នាំ២០២៦នេះ មានកិច្ចសន្យាទិញ និងលក់ស្វាយចន្ទីស្រស់ ជាមួយក្រុមហ៊ុន KHMER AGRO. Cashew (KOC) ចំនួន ១ ០០០តោន ក្នុង១ឆ្នាំ និងមានកិច្ចសន្យាទិញ និងលក់ស្វាយចន្ទីស្ងួត ជាមួយក្រុមហ៊ុន NILEDA និងក្រុមហ៊ុន ៩៩ នៅខេត្តកំពង់ចាម ដោយសរុបមានប្រមាណជា ២៥០តោន ក្នុង១ឆ្នាំ។

លោក បានបញ្ជាក់ថា ប្រាក់ចំណូលរួមរបស់សមាជិកនៃសហគមន៍កសិកម្មសម្បទានចំបក់ ដែលទទួលបានក្នុងឆ្នាំ២០២៦នេះ ទាំងស្វាយចន្ទីស្ងួត និងស្វាយចន្ទីស្រស់ សរុបប្រមាណជា ៧០ម៉ឺនដុល្លារ ទៅ ៨០ម៉ឺនដុល្លារ។

បើក្រឡេកមើលអំពីជីវភាពរបស់សមាជិកនាពេលបច្ចុប្បន្ននេះ ក្រោយពេលបង្កើតជាសហគមន៍រួចមក សមាជិកនីមួយៗមានជីវភាពរីកចម្រើនជាងមុន ហើយពួកគាត់បានយល់ ដឹងអំពីបច្ចេកទេស ការគ្រប់គ្រង ការដាំដុះដំណាំស្វាយចន្ទី ដាំដុះបន្លែ ដំណាំផ្សេងៗ និងការចិញ្ចឹមសត្វ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់ថែមទាំងបានយល់ដឹងអំពីការធ្វើជំនួញ ស្វាយចន្ទី ផែនការហាសសម្ងួតស្វាយចន្ទីតាមតម្រូវការទីផ្សាររបស់ក្រុមហ៊ុន រួមទាំងបានយល់ពីការលក់ស្វាយចន្ទីស្ងួត ស្រស់ និងការលក់ជាក្រុមផងដែរ៕

អត្ថបទ ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម