Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម និងហ្វីលីពីន ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ក្នុងការចាត់ថ្នាក់របស់​ធនាគារពិភពលោក

បានផុស

នៅ

ធនាគារពិភពលោកបានដំឡើងចំណាត់ថ្នាក់សម្រាប់​វៀតណាម និងហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ (Upper-Middle-Income Economies) បន្ទាប់ពីប្រទេសទាំង២ សម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំជាច្រើនឆ្នាំជាប់ៗគ្នា ដែល​នេះ​នឹងជួយបង្កើនទំនុកចិត្តរបស់វិនិយោគិនអន្តរជាតិ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការប្រកាសរបស់ធនាគារពិភពលោកកាលពីថ្ងៃទី១ ខែកក្កដា ​វៀតណាម និងហ្វីលីពីន បានឈានចូលក្រុមប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ដោយធ្វើឱ្យប្រទេសមាន​សេដ្ឋកិច្ចធំៗទាំង៥នៅអាស៊ីអាគ្នេយ៍​ (សិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម និងហ្វីលីពីន) ស្ថិតក្នុងចំណាត់ថ្នាក់ចំណូលមធ្យមកម្រិតខ្ពស់ ឬខ្ពស់ជាងនេះ​។

ធនាគារពិភពលោកបានបញ្ជាក់ថា វៀតណាមទទួលបានកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ដោយផ្អែកលើគំរូកំណើនដែលជំរុញដោយការនាំចេញ ខណៈហ្វីលីពីនមានកំណើន​ទូលំទូលាយនៅគ្រប់វិស័យសេដ្ឋកិច្ច ដោយ​មិនមែនពឹងផ្អែកលើវិស័យណាមួយតែមួយមុខនោះទេ។

នៅឆ្នាំ២០២៥ ប្រាក់ចំណូលជាតិសរុប (GNI) សម្រាប់មនុស្សម្នាក់​នៅវៀតណាម បានកើនដល់ ៤​ ៩៧០ ដុល្លារអាមេរិក ខណៈហ្វីលីពីនមាន ៤​ ៨៥០ដុល្លារ លើសកម្រិតអប្បបរមា ៤​ ៦៣៦ដុល្លារ ដែលធនាគារពិភពលោកកំណត់សម្រាប់ការចាត់ថ្នាក់​ប្រទេសណាមួយ ជា «ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់»។

រដ្ឋមន្ត្រីទទួលបន្ទុកផែនការសេដ្ឋកិច្ចរបស់ហ្វីលីពីន លោក Arsenio Balisacan បានឱ្យដឹងថា ទោះបីជា​ហ្វីលីពីនប្រឈមនឹងបញ្ហាប្រឈមទាំងក្នុង និងក្រៅប្រទេសក៏ដោយ រដ្ឋាភិបាលនៅតែបន្តអនុវត្តគោលនយោបាយកំណើនប្រកបដោយបរិយាបន្ន ពង្រឹងមូលដ្ឋានសេដ្ឋកិច្ច និងបន្តអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់ខ្លួន។

​ទោះបីបែបនេះក្ដី ហ្វីលីពីនកំពុងប្រឈមនឹងបញ្ហាប្រឈមកាន់តែច្រើន ដោយរដ្ឋាភិបាលបានបន្ថយគោលដៅកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ដោយសារភាពតានតឹងនៅមជ្ឈិមបូព៌ា និងផលប៉ះពាល់ពីបាតុភូតអាកាសធាតុ​ El Niño។

ដោយឡែក វៀតណាម ដែល​ជាប្រទេសមាន​កំណើនសេដ្ឋកិច្ច​លឿនបំផុតមួយ​នៅអាស៊ី ឯណោះវិញ កំពុង​កំណត់គោលដៅសម្រេចកំណើនសេដ្ឋកិច្ច ២ ខ្ទង់ នៅឆ្នាំ២០២៦ ដោយផ្អែកលើការកែទម្រង់គោលនយោបាយគាំទ្រធុរកិច្ច និងការវិនិយោគយ៉ាងច្រើនសណ្ធឹក​លើហេដ្ឋារចនាសម្ព័ន្ធ។

ក្រៅពីវៀតណាម និងហ្វីលីពីន ធនាគារពិភពលោកក៏បានដំឡើងចំណាត់ថ្នាក់ប្រទេសហ្សកដានី មីក្រូនេស៊ី និងស្រីលង្កា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ផងដែរ ខណៈប្រទេសតូហ្គោ ត្រូវបានដំឡើងពីប្រទេសមានចំណូលទាបទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប។

ទោះជាយ៉ាងណា ការក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ ក៏អាចធ្វើឱ្យប្រទេសទាំងនេះទទួលបានជំនួយអភិវឌ្ឍន៍ និងប្រាក់កម្ចីអនុគ្រោះពីស្ថាប័នអន្តរជាតិកាន់តែតិចជាងមុន ព្រោះ​គេចាត់ទុកថា ប្រទេសពួកគេមានសមត្ថភាពហិរញ្ញវត្ថុ និងសេដ្ឋកិច្ច​រឹងមាំជាងមុន។

​ប៉ុន្តែលោក Ruben Carlo Asuncion ប្រធានសេដ្ឋវិទូនៅធនាគារ Union Bank of the Philippines បានបញ្ជាក់ថា អត្ថប្រយោជន៍ពី​ភាពរឹងមាំនៃសេដ្ឋកិច្ច​ ការទាក់ទាញវិនិយោគ និងភាពប្រសើរឡើងនៃឱកាសចូលទៅកាន់ទីផ្សារអន្តរជាតិ​ នឹងមានតម្លៃលើសការថយចុះនៃជំនួយអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះ លោកក៏ទទួលស្គាល់ថា ​ហ្វីលីពីន នៅតែប្រឈមនឹងបញ្ហាគម្លាតប្រាក់ចំណូល ​ហើយ​ប្រជាជនមួយចំនួននៅតែជួបការលំបាកផ្នែកសេដ្ឋកិច្ច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម