Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃផ្លែមង្ឃុតនៅវៀតណាមធ្លាក់ចុះខ្លាំង ដល់ ១ ដុល្លារ/គីឡូក្រាម បង្កកង្វល់ពីកសិករ

បានផុស

នៅ

តម្លៃផ្លែមង្ឃុតចេញពីចម្ការនៅភាគខាងត្បូងប្រទេសវៀតណាម បាន​ធ្លាក់ចុះខ្លាំងដល់ប្រហែល ២៥ ០០០ ដុង ឬ ០,៩៥ ដុល្លារ/គីឡូក្រាម ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ ដោយសារតែការផ្គត់ផ្គង់មាន​ច្រើន ដែលបង្កកង្វល់ពីកសិករដាំដុះ។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​Pham Van Hoang ដែលជាកសិករដាំមង្ឃុតម្នាក់នៅអតីតខេត្ត Binh Duong ដែលបច្ចុប្បន្នជាផ្នែកមួយនៃទីក្រុងហូជីមិញ បាន​រំពឹងថា ដើមមង្ឃុត​ ៧០ ដើមរបស់​លោក នឹង​ផ្ដល់ផ្លែ​បាន ៥ តោននៅឆ្នាំនេះ ដែលច្រើនជាង ២០% ធៀបនឹងឆ្នាំ ២០២៥។

តែអ្វីដែលជាបញ្ហានោះ លោក​បាន​និយាយថា តម្លៃផ្លែមង្ឃុតបានធ្លាក់ចុះ ២០-២៥% រួចហើយកាលពីខែឧសភា ធៀបនឹងតម្លៃឆ្នាំមុន ហើយបាន​ធ្លាក់ចុះកាន់តែច្រើនទៀតឥឡូវនេះ​ ពេលរដូវប្រមូលផលធំចូលមកដល់។ ​

លោកបានសម្ដែងក្ដីបារម្ភយ៉ាងដូច្នេះថា៖ «គ្រួសារ​ខ្ញុំ​ស្ទើរ​តែ​​​រក​ប្រាក់​ចំណេញ​មិនឃើញទាល់​តែ​សោះ​តាំងពីដើមឆ្នាំមកទល់ពេលនេះ​ ព្រោះ​ថ្លៃ​ជី និង​កម្លាំង​ពលកម្ម ​ក៏​កើន​ឡើង​ដែរ»។

ដោយឡែក លោក Vu Van Hoa ពាណិជ្ជករម្នាក់នៅក្នុងសង្កាត់ Lai Thieu នៃទីក្រុងហូជីមិញ​ បាននិយាយថា ផ្លែមង្ឃុតងាយស្រួលរកទិញ​នៅឆ្នាំនេះ ​ដោយលោក​អាច​ទិញ​បាន២-៣ តោន ​ជារៀងរាល់ថ្ងៃពីចម្ការ ដែលកើនឡើង ៣០-៤០% ​ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

នៅទីក្រុងហូជីមិញឯណោះវិញ តម្លៃផ្លែមង្ឃុតបានធ្លាក់ចុះមកត្រឹម ៣៥ ០០០-៦០ ០០០ ដុង/គីឡូក្រាម តាម​ហាងលក់ផ្លែឈើ និងតូបលក់ដូរតាមដងផ្លូវជាច្រើន។

លោក Dang Phuc Nguyen អគ្គលេខាធិការនៃសមាគមផ្លែឈើ និងបន្លែវៀតណាម បាននិយាយថា ​ធាតុអាកាសអំណោយផលឆ្នាំនេះ​ បានជំរុញទិន្នផលផ្លែឈើជាច្រើននៅតំបន់ភាគខាងត្បូងវៀតណាម​​ រួមមាន ផ្លែមៀន លែទុរេន ស្វាយ ​ស្រការនាគ និងផ្លែបឺរ ជាដើម៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម