Connect with us

សេដ្ឋកិច្ច

រាជរដ្ឋាភិបាល កាត់បន្ថយ​ភាពក្រីក្រ​បាន៣,៤% តាមរយៈកម្មវិធី​​ឧបត្ថម្ភ​ប្រាក់ដល់គ្រួសារ​ងាយរងគ្រោះពីវិបត្តិកូវីដ

បានផុស

នៅ

កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ បាន​កាត់បន្ថយ​អត្រា​ភាពក្រីក្រ​បាន​ប្រមាណ​ ២,៧ ​ភាគរយ ក្នុង​ឆ្នាំ​ ២០២០ និង ៣,៤ ​ភាគរយ ក្នុង​ឆ្នាំ​ ២០២១​។ នេះបើតាមរបាយការណ៍​វាយតម្លៃរបស់រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម ​បាន​ឱ្យដឹង​ថា លទ្ធផល​នៃ​ការវាយតម្លៃ​នេះ​បង្ហាញ​ថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុង​អំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ បាន​ផ្តល់​ផលវិជ្ជមាន​ជាច្រើន​។ កម្មវិធី​នេះ​បាន​ចូលរួម​ចំណែក​សម្រួល​ជីវភាព​របស់​គ្រួសារ​ក្រីក្រ​ឱ្យ​រួច​ផុតពី​ការធ្លាក់​ចូល​ទៅក្នុង​បញ្ហា​អសន្តិសុខ​ស្បៀង បំណុល ការលក់​ទ្រព្យសកម្ម​របស់​គ្រួសារ និង​បាន​សម្រួល​បន្ទុក​ចំណាយ​របស់​គ្រួសារ ពិសេស​ចំណាយ​លើ​ម្ហូបអាហារ ថ្នាំសង្កូវ និង​ការអប់រំ​កូនចៅ​។

កម្មវិធី​នេះ​ក៏​បាន​រួមចំណែក​ក្នុង​ការកាត់បន្ថយ​អត្រា​និកម្មភាព​ចំនួន ០,៥៧ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២០ និង ០,៦២ ​ភាគរយ ក្នុង​ឆ្នាំ​ ២០២១ និង​កាត់បន្ថយ​អត្រា​ភាពក្រីក្រ​បាន​ប្រមាណ​ ២.៧ ​ភាគរយ ក្នុង​ឆ្នាំ​ ២០២០ និង ៣,៤​ ភាគរយ​ក្នុង​ឆ្នាំ​ ២០២១។

បើតាមសេចប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម បានឱ្យដឹងថា​ កម្មវិធី​នេះ​ត្រូវ​បាន​ដាក់ឱ្យ​ដំណើរការ​កាលពី​ឆ្នាំ​ ២០២០ ដែលមាន​គោលបំណង​ផ្តល់​ការគាំទ្រ និង​សម្រួល​ជីវភាព​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ដែល​មាន​បណ្ណសមធម៌​ប្រមាណ​ជាង ៦៨ ម៉ឺន​គ្រួសារ​។

ក្រោយពី​បាន​អនុវត្ត​រយៈពេល​ប្រមាណ​ ២ ​ឆ្នាំ កម្មវិធី​នេះ​បាន​ចំណាយ​ថវិកា​សរុប​ប្រមាណ​ជាង​ ៧០០ លាន​ដុល្លារ ដោយ​ទទួល​បាន​ការសាទរ​ពី​អ្នក​ទទួលផល ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល​ជាតិ​-​អន្តរជាតិ និង​ប្រជាពលរដ្ឋ​ទូទៅ​។

កាលពី​ថ្ងៃទី​ ២៧ ខែ​កក្កដា លោក ផាន់ ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​សម្ពោធ​ផ្សព្វផ្សាយ​របាយការណ៍​វាយតម្លៃ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ​នៅ​សណ្ឋាគារ​សូហ្វីតែល​ភូគីត្រា​ភ្នំពេញ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម