ព័ត៌មានជាតិ
ផលិតផលខ្មែរណាខ្លះ ត្រៀមចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ និងម៉ាកសមូហភាព?
ក្រសួងពាណិជ្ជកម្ម បានសហការជាមួយភាគីពាក់ព័ន្ធក្នុងការកសាង និងផ្សព្វផ្សាយម៉ាកសញ្ញាពាណិជ្ជកម្ម ទាំងក្នុងនិងក្រៅប្រទេស តាមរយៈការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ដែលក្នុងនោះ ក្រសួងបានសហការសម្របសម្រួលលើការចុះបញ្ជីម៉ាក គិតត្រឹមឆ្នាំ ២០២២ មានដូចជា “បង្កងតាកែវ” “ទឹកត្រីកំពតកែប” “SKO & Device” លើប្រភេទអង្ករសែនក្រអូប “DSMK & Device” លើប្រភេទអង្ករដំណើបស្បៃមង្គល “ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល” “ក្រូចពោធិ៍សាត់” “នំបញ្ចុកសៀមរាប” និង “ដូងខ្ទិះបាត់ដំបង” ជាដើម។ បន្ថែមពីលើម៉ាកទំនិញសម្គាល់ភូមិសាស្រ្ត និងម៉ាកសមូហភាពល្បីៗជាច្រើនដែលក្រសួងពាណិជ្ជកម្ម បានចុះរួចមកហើយ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងពិធីបិទសន្និបាតបូកសុបការងាររបស់ក្រសួងឆ្នាំ២០២២ និងទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៣ នាថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២។

ទន្ទឹមនឹងនេះ លោក ប៉ាន សូរស័ក្តិ បានឱ្យដឹងទៀតថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងសិក្សាស្រាវជ្រាវ និងចងក្រងផលិតផលសក្តានុពល ដើម្បីត្រៀមរៀបចំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបន្ថែមទៀត ដូចជា “ក្តាមថ្មកោះកុង” “បង្គាក្រៀមកំពង់សោម” “បង្គាក្រៀមកោះកុង” និង “ប្រហុកសៀមរាប” ក៏ដូចជាម៉ាកសមូហភាព រួមមាន សូត្រខ្មែរ អង្ករស្មាច់ស្វាយរៀង ទុរេន សំឡូត មៀនប៉ៃលិន អង្ករនាងអំ ស្មូនឆ្នាំងដីកំពង់ឆ្នាំង និងចម្លាក់ថ្មកែវខេត្តពោធិ៍សាត់ផងដែរ។

បើតាមលោករដ្ឋមន្រ្តី នៅក្នុងឆ្នាំ២០២២ កន្លងទៅ ក្រសួងពាណិជ្ជកម្មបានទទួលពាក្យស្នើសុំចុះបញ្ជីម៉ាកសញ្ញាពាណិជ្ជកម្ម ចំនួន ៦,១៣៥ ក្នុងនោះបានចុះបញ្ជីចំនួន ៤,៨៤៧ ម៉ាក។

លើសពីនេះទៀត ក្រសួងពាណិជ្ជកម្ម បាននិងកំពុងបន្តជំរុញការកសាងសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងយុទ្ធសាស្រ្តនានា ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម រួមមាន៖ កំពុងរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ សេចក្ដីព្រាងច្បាប់ស្ដីពីកិច្ចសន្យាពាណិជ្ជកម្ម និងសេចក្ដីព្រាងច្បាប់ភ្នាក់ងារពាណិជ្ជកម្ម បន្ថែមពីលើច្បាប់ស្ដីពីការប្រកួតប្រជែង ដែលត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ និងច្បាប់ស្តីពីម្ហូបអាហារ ដែលត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។
ជាមួយគ្នានេះ ក្រសួងបានកសាងឯកសារគតិយុត្ត និងសេចក្តីព្រាងឯកសារគតិយុត្តក្រោមច្បាប់សំខាន់ៗមួយចំនួន ដូចជាឯកសារគតិយុត្ត ចំនួន៧ ក្រោមច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ សេចក្តីព្រាងឯកសារគតិយុត្ត ចំនួន១២ ក្រោមច្បាប់ស្ដីពីការប្រកួតប្រជែង ឯកសារគតិយុត្ត ចំនួន១១ ក្រោមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងសេចក្តីព្រាងឯកសារគតិយុត្ត ចំនួន៥ ពាក់ព័ន្ធនឹងកិច្ចការហាឡាល។
ក្រសួងពាណិជ្ជកម្ម ក៏គាំទ្រលើកទឹកចិត្តដល់វិស័យឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម ឱ្យខិតខំបង្កើត និងផលិតនូវទំនិញចាំបាច់ និងផលិតផលថ្មីៗបន្ថែមទៀត៕




-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


